Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

វៀតណាម​រៀបចំ​ពិព័រណ៍​សព្វាវុធ​លើកដំបូង​នៅ​ក្រុង​ហាណូយ​

Views: 1

​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​,Nikkei)៖ វៀតណាម​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​៨​ធ្នូ​បាន​បើក​ពិព័រណ៍​ការពារជាតិ​អន្តរជាតិ​ខ្នាត​ធំ​របស់​ខ្លួន​ជា​លើកដំបូង នៅពេល​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​មួយ​នេះ​ស្វះស្វែង​​ធ្វើ​ពិពិធ​កម្ម(ចំរុះភាព)​ប្រភព​សព្វាវុធ​របស់ខ្លួន និង​ក៏​នាំចេញ​គ្រឿង​បរិក្ខារ​យោធា​។​

​ព្រឹត្តិការណ៍​បី​ថ្ងៃ​នៅ​អាកាសយានដ្ឋាន​មួយ​ក្នុង​រដ្ឋធានី​ហាណូយ បាន​ទាក់ទាញ​អ្នកចូលរួម​តាំង​ចំនួន​១៧៤​មកពី​៣០​ប្រទេស រួម​មាន​អាម៉េរិក រុស្ស៊ី​និង​បណ្តា​ប្រទេស​អឺរ៉ុប​។​

​នាយករដ្ឋមន្ត្រី​វៀតណាម​លោក ផាំ មិញ ជិញ (Pham Minh Chinh)​បាន​និយាយ​ក្នុងពេល​បើក​ព្រឹត្តិការណ៍​នេះ​ថា​« ពិព័រណ៍​នេះ​នឹង​ជួយ​អោយ​ប្រភព​ផ្គត់ផ្គង់​គ្រឿង​បរិក្ខារ​យោធា​មាន​ភាព​ចំរុះ​​សំរាប់​បំណង​ការពារជាតិ​និង​ប្រជាជន​ចំពេល​មានការ​ប្រឈម​ធម្មតា​និង​មិនធម្មតា​កាន់តែ​កើនឡើង​»​។​

​នាយករដ្ឋមន្ត្រី​ផាំ មិញ ជិញ និង​រដ្ឋមន្ត្រី​ការពារ​ជាតិ​វៀតណាម​ក្នុង​ពិធី​បើក​ពិព័រ​ណ៍​យោធា​អន្តរជាតិ​នៅ​ក្រុង​ហាណូយ​កាលពី​ថ្ងៃ​៨​ធ្នូ​

​ពួក​មន្ត្រី​និង​ក្រុមអ្នកវិភាគ​បាន​និយាយ​ថា​វៀតណាម​កំពុង​សម្លឹង​ទៅ​ធ្វើ​ការផ្លាស់ប្តូរ​ផ្នែក​ការពារ​ជាតិ​ដ៏​ធំ​មួយ នៅ​ពេល​ខ្លួន​ស្វះស្វែង​កាត់បន្ថយ​ការ​ពឹង​លើ​រុស្ស៊ី ដែលជា​អ្នក​ផ្គត់ផ្គង់​គ្រឿង​សព្វាវុធ​ដ៏​សំខាន់​​សំរាប់​វៀតណាម​។​

សព្វាវុធវៀតណាមភាគច្រើនផលិតនៅរុស្ស៊ី ត្រូវបាននាំមកតាំងក្នុងពិព័រណ៍ការពារជាតិ២០២២

​វៀតណាម​ពឹង​លើ​រុស្ស៊ី​សំរាប់​សព្វាវុធ​នាំ​ចូល​របស់​ខ្លួន​ជាង​៧០​ភាគរយ​និង​ភាគច្រើន​ជា​គ្រឿ​ង​បរិក្ខារ​ផលិត​នៅ​រុស្ស៊ី​។​ប្រទេស​ទាំង​ពីរ​នៅ​រក្សា​ទំនាក់ទំនង​យោធា​យ៉ាង​ជិតស្និទ្ធ​ចាប់តាំងពី​សម័យ​សហភាព​សូ​វៀត​និង​សង្គ្រាមត្រជាក់​ពេល​រដ្ឋាភិបាល​ទីក្រុង​មូ​ស្គូ​ជួយ​វៀតណាម​ខាងជើង​ក្នុងអំឡុង​សង្គ្រាម​វៀតណាម​។​

​លោ​កជិញ​បាន​និយាយថា​« គោលនយោបាយ​ការពារ​ជាតិ​វៀតណាម​គឺ​សំរាប់​សន្តិភាព​និង​ការពារ​ខ្លួន​។​ព្រឹត្តិការណ៍​នេះ​បើក​ឳ​កាស​សំរាប់​កិច្ចសហការ ការសិក្សា​ស្រាវជ្រាវ​លើ​និន្នាការ​អភិវឌ្ឍន៍​ចុងក្រោយ​​នៃ​ឧស្សាហកម្ម​យោធា​និង​សន្តិសុខ​នៅ​ជុំវិញ​ពិភពលោក​។​ពិព័រណ៍​នេះ​អាច​ផ្តល់អោយ​វៀតណាម​នូវ​ឳ​កាស​ធ្វើ​ពិពិធ​កម្ម​បណ្តាញ​ជួញដូ​រអាវុធ​និង​ទទួលការ​ផ្ទេរ​បច្ចេកវិទ្យា​មក​ពី​បរទេស​»​។​

​តាមពិត​ពិព័រណ៍​នេះ​ដំបូង​គ្រោង​ធ្វើ​នៅ​ឆ្នាំ​២០២០​តែ​ត្រូវ​ពន្យារពេល​ដោយ​សារ​ការផ្ទុះ​ជំងឺ​កូវី​ដ​១៩​។​រដ្ឋាភិបាល​វៀតណាម​មា​ន​ផែនការ​រៀបចំ​ព្រឹត្តិការណ៍​នេះ​ពីរ​ឆ្នាំ​ម្តង​។​

​អ្នកចូលរួម​ក្នុង​ពិព័រណ៍​នេះ​មិន​ត្រឹមតែ​ក្រុមហ៊ុន​រុស្ស៊ី JSC Rosoboronexport​តែក៏​មាន​ក្រុមហ៊ុន​ផលិត​អាវុធ​អាម៉េរិក​Lockheed Martin ក្រុមហ៊ុន​យន្តហោះ​Airbus​របស់​អឺរ៉ុប ក្រុមហ៊ុន​BrahMos Aerospace របស់​ឥណ្ឌា និង​Mitsubishi Electric របស់​ជប៉ុន​។​ប្រភព​ព័ត៌មាន​បាន​និយាយថា វៀតណាម​ក៏​បាន​អញ្ជើញ​ចិន​អោយ​បញ្ជូន​ក្រុមហ៊ុន​មក​ចូលរួម​ដែរ តែ​ទំនង​​ជា​មិន​មាន​ក្រុមហ៊ុន​ចិន​ណា​មក​ចូលរួម​ទេ​៕

Post navigation