Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

World Cup ៖ ជប៉ុន បែ​ល​ប្ស៊ិ​ក ក្រូ​អាស៊ី និង​អេ​ស្ប៉ាញ​រំពឹង​ឈ្នះ​

Views: 7

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​បាល់ទាត់​) ៖ ក្រោយ​បំបាក់​អាល្លឺម៉ង់​យ៉ាង​ភ្ញាក់ផ្អើល ក្រុម​សា​ម៉ូ​រ៉ៃ​ជប៉ុន​ថ្ងៃនេះ​អាចមាន​លទ្ធភាព​ឈ្នះ​ជា​លើក​ទី​ពីរ នៅ​ពេល​ពួកគេ​ប៉ះ​ជាមួយកូ​ស្តារី​កានៅ​ថ្ងៃអាទិត្យ​នេះ​។ ចំណែក​បែលហ្ស៊ិក​និង​ក្រូ​អាស៊ី​ក៏​រំពឹង​បំបាក់​គូប្រកួត​រៀងៗ​ខ្លួន​ផង​ដែរ ស្រប​ពេល​អេ​ស្ប៉ាញ​ចង់​ឱ្យ​អាល្លឺម៉ង់​វិល​ទៅ​ស្រុក​វិញ ជាមួយនឹង​ជ័យជម្នះ​របស់​គោ​ជល់​លើ​ឥន្ទ្រី​ដែក​។

– ជប៉ុន vs កូ​ស្តារី​កា (​ពូ​ល E)

* ជប៉ុន​បើ​ឈ្នះ​ថ្ងៃនេះ​នឹង​ឡើង​ទៅ​វគ្គ​១៦​ក្រុម​ដោយ​ស្វ័យប្រវត្តិ​។​
* កូ​ស្តារី​កា​គឺជា​ក្រុម​ចាញ់​ធ្ងន់​ជាង​គេ​បំផុត​ក្នុង​ការប្រកួត​ជុំទីមួយ​នៃ​វើល​ខាប់​ក្នុងពូល​។​
* ជប៉ុន​មិន​ដែល​ចាញ់កូ​ស្តារី​កាទេ (​ឈ្នះ ៤ ស្មើ​១)​។​
* ជ័យជម្នះ​៨​លើក​ចុងក្រោយ​របស់​ជ​ប៉ុន​បាន​កើត​ឡើង​ជាមួយ​នឹង​គ្រាប់​បាល់ ២ គ្រាប់​ឡើងទៅ​។​

​ជប៉ុន​ដ៏​រីករាយ​នឹង​ជួប​ជាមួយ​ក្រុម​បរាជ័យ​ធំ​បំផុត​ក្នុង​ជុំ​ទី​មួយ​គឺ​កូ​ស្តារី​កា ក្នុង​ការប្រកួត​មួយ ដែល​នឹង​សម្រេច​ជោគវាសនា​របស់​ក្រុម​ទាំងពីរ ត្បិត​នៅសល់​១​ប្រកួត​ត្រូវ​លេង​។

​ការទទួល​ជ័យជម្នះ​សម្រាប់​ជប៉ុន​ថ្ងៃនេះ​នឹង​ឃើញ​ក្រុម​សាមូរ៉ៃ​ខៀវ​ឆ្លង​ផុត​វគ្គ​ចែក​ពូ​ល​ជា​លើក​ទី​បី ក្នុងអំឡុងវើល​ខាប់​៤​លើកចុងក្រោយ​។​

​ទោះបីជា​វា​ត្រូវ​បាន​គ្របដណ្ដប់​ដោយ​ការ​ឈ្នះ​របស់​អា​រ៉ាប៊ីសាអូឌីតលើ​អា​ហ្សង់​ទីនក៏​ដោយ ក៏​ប៉ុន្តែ​ការ​ដែល​ជប៉ុន​តាម​ពីក្រោយ​យកឈ្នះ​វិញ​លើ​អាល្លឺម៉ង់​កាល​ពី​ជើង​មុន​គឺ​ពិតជា​ស្ថិតក្នុង​ចំណោម​ការភ្ញាក់ផ្អើល​ដ៏​ធំ​បំផុត​មិន​ធ្លាប់​មាន​ក្នុង​ការប្រកួត​បាល់ទាត់​ពិភពលោក​។​

​ក្រុម​សា​ម៉ូ​រ៉ៃ​ខៀវ​ចូល​ក្នុង​ការប្រកួត​នេះ​ក្នុងនាម​ជា​ក្រុម​មាន​ប្រៀបខ្ពស់​ដើម្បី​ឡើង​ទៅ​វគ្គ ១៦ ក្រុម​ចុងក្រោយ ត្បិត​សល់​១​ប្រកួត​ត្រូវ​លេង​។ ការប្តូរ​កីឡាករ​សំខាន់​មួយគូ​ចូល​នៅ​តង់​ទី​ពីរ​បាន​បង្ហាញ​ពី​សារៈសំខាន់​នៅក្នុង​វាយបក​ឈ្នះ​វិញ​សម្រាប់​ជប៉ុន ខណៈ​កីឡាករ Takuma Asano និង Kaoru Mitoma មានលទ្ធភាព​ខ្ពស់​ក្នុង​ការជាប់​ជម្រើស​ដំបូង​ក្នុង​ប្រកួត​នេះ​។​

​ជប៉ុន​មិន​ដែល​ឈ្នះ​ការប្រកួត​វើល​ខាប់​ពីរលើ​កជាប់​គ្នា​ទេ​គិត​ចាប់តាំងពី​ឆ្នាំ ២០០២ ប៉ុន្តែ​ការជួប​ជាមួយកូ​ស្តារី​កា​អាច​កែប្រែ​ប្រវត្តិ​មួយ​នេះ​បាន​។ ប្រជាជាតិ​នៅ​តំបន់ CONCACAF នេះ​គឺជា​ក្រុម​បរាជ័យ​ធំ​បំផុត​ក្រោយ​ចាញ់​ក្នុង​លទ្ធផល ៧-០ ក្រោម​ស្នាដៃ​អេ​ស្ប៉ា​ញ​។​

​កូ​ស្តារី​កា​មាន​ភារកិច្ច​ធំ​ជាង​ភ្នំ​នៅក្នុង​ដៃ​ដើម្បី​ងើប​ពី​បរាជ័យ​ឡើងវិញ បន្ទាប់​ពី​ការ​ចាញ់​វើល​ខាប់​ធ្ងន់ធ្ងរ​បំផុត​មិន​ធ្លាប់​មាន​។ ជាងនេះទៅទៀត ការ​ដែល​ពួកគេ​តែង​រង​បរាជ័យ​៣​គ្រាប់​ឡើង​ទល់នឹង​ជប៉ុន រឹតតែ​ធ្វើឱ្យ​ពួក​គេ​បាក់​ទឹកចិត្ត​។​

​ផ្អែក​លើ​ចំណុច​នេះ ក្រុម​ជប៉ុន​នឹង​មិន​ឱ្យ​របូត​ឱកាស​ឡើង​ទៅ​វគ្គ ១៦ ក្រុម​ចុងក្រោយ​នោះ​ឡើយ​។ លទ្ធផល​ទស្សនទាយ សា​ម៉ូ​រ៉ៃ​ខៀវ​ឈ្នះ ៣-០​។​

– បែលហ្ស៊ិក vs ម៉ារ៉ុក (​ពូ​ល F)

* ម៉ារ៉ុក​ខកខាន​រក​គ្រាប់​បាល់​នៅ ៩ ប្រកួត​នៃ​វើល​ខាប់ ១៧ ប្រកួត​របស់​ពួកគេ​។​
* បែលហ្ស៊ិក​ឈ្នះ​១១​លើក​ក្នុងចំណោម​ការប្រកួត​វើល​ខា​ប់​១៣​លើកចុងក្រោយ​។​
* ក្រុម​បិសាច​ក្រហម​បែលហ្ស៊ិក​ឈ្នះ​៨​ប្រកួត​ចុងក្រោយ​នៅ​វគ្គ​ចែក​ពូ​ល​វើល​ខា​ប់​។​

​បែលហ្ស៊ិក​បើកឆាក​វើល​ខាប់​ដោយ​យក​ឈ្នះ​កាណាដា ១-០ ទាំង​លំបាក​វេទនា​បំផុត​។ ជំនាន់​មាស​របស់​បែលហ្ស៊ិក​មើល​ទៅ​លេង​មិន​ស៊ីសង្វាក់​គ្នា​ទេ ប៉ុន្តែ​ពួកគេ​នៅតែ​បន្ត​កំណត់ត្រា​ដ៏​អស្ចារ្យ​ក្នុង​ការប្រកួត​វើល​ខា​ប់​។​

​បែលហ្ស៊ិក​បានឈ្នះ​រាល់​ការប្រកួត​វគ្គ​ចែក​ពូ​ល​ទាំង​៨​លើក​ចុងក្រោយ​របស់​ពួកគេ​នៅវើ​លខាប់​។ ក្រុម​បិសាច​ក្រហម​ក៏​បាន​ឈ្នះ​ការប្រកួត​ចំនួន ១១ លើក​ក្នុងចំណោម ១៣ ប្រកួត​ចុងក្រោយ​របស់​ពួកគេ​ក្នុ​ងវើល​ខា​ប់​៣​លើកចុងក្រោយ​គិត​ចាប់តាំងពី​ឆ្នាំ ២០១៤ ផងដែរ​។​

​នេះ​គឺជា​ការប្រកួត​លើក​ទី ៥០ របស់​បែលហ្ស៊ិក​នៅវើ​លខាប់ ដែល​ធ្វើឱ្យ​ពួកគេ​ក្លាយជា​ប្រទេស​ផ្សេង​គ្នា​ទី ១២ ដែល​ឈាន​ដល់​ដំណាក់កាល​បែបនេះ​។ ត្បិត​ចាប់ផ្តើម​មិនបាន​ល្អ ក៏ប៉ុន្តែ​បិសាច​ក្រហម​គួរតែ​អាច​អបអរ​សមិទ្ធផល​នោះ​ជាមួយ​នឹង​ជ័យជម្នះ​លើ​ម៉ារ៉ុក​។​

​ថ្វីត្បិតតែ​ជា​បុរស​ដែល​គេ​បំភ្លេចចោល​នៅ Chelsea និង​ជា​ផ្នែក​មួយ​ដ៏​យូរ​នៃ​កីឡាករ​ខ្ចី​ជើង​ក៏ដោយ ក៏ប៉ុន្តែ​កីឡាករ Michy Batshuayi បាន​ស៊ុត​បាល់​បញ្ចូល​ទី​តែ​មួយ​គ្រាប់​គត់​ទល់នឹង​កាណាដា​ក្នុង​ការប្រកួត​បើកឆាក​។ រូប​គេ​កំពុង​ជំនួស​កន្លែង​របស់ Romelu Lukaku ដែល​រងរបួស ហើយ​ថ្ងៃនេះ​រូប​គេ​រំពឹង​ធ្វើ​បាន​ល្អ​ពេល​ប៉ះ​ម៉ារ៉ុក​។​

Batshuayi ស៊ុត​ចូល ៨ គ្រាប់​ពី ១៤ ប្រកួត​សម្រាប់ Besiktas នៅ​រដូវ​កាល​នេះ ហើយ​កំណត់ត្រា​អន្តរជាតិ​របស់​គេ​ថ្មីៗ​នេះ​គឺ​អស្ចារ្យ​ណាស់​ក្នុងពេល​អវត្តមាន Lukaku ។ នៅក្នុង​យុទ្ធនាការ Nations League រូបគេ​បាន​ស៊ុត​បញ្ចូល​ទី ៣ គ្រាប់​ក្នុង ៦ ប្រកួត ខណៈ​រូបគេ​គឺជា​កីឡាករ​ដែល​គំរាមកំហែង​បំផុត​នៅលើ​ទីលាន​សម្រាប់​ក្រុម​បែលហ្ស៊ិក​ក្នុង​ការប្រកួត​បើកឆាក​របស់​ពួកគេ​។​

Batshuayi បាន​ស៊ុត ៥ ជើង​ក្នុងចំណោម ៩ ជើង​របស់​បែលហ្ស៊ិក​ទល់​នឹង​កាណាដា ខណៈ​រូបគេ​គឺជា​កីឡាករ​តែ​ម្នាក់​គត់​ដែល​បាន​ស៊ុត​បញ្ចូល​ទី​ឱ្យ​ពួកគេ​រហូត​ដល់​ត្រូវ​ដក​ចេញ​នៅ​នាទី ៧៨ ។ រូបគេ​បាន​ចូល​ក្នុង​ការប្រកួត​ជាមួយ​ម៉ារ៉ុក​ដោយ​បាន​ស៊ុត​បញ្ចូលទី​៣​គ្រាប់​ក្នុងចំណោម​ការប្រកួត​ប្រជែង​៤​លើកចុងក្រោយ​សម្រាប់​បែ​ល​ហ្ស៊ិ​ក ដូច្នេះ Batshuayi ក៏​ទំនង​អាច​រក​គ្រាប់​បាល់​បាន​ផង​ដែរ​នៅ​ថ្ងៃនេះ​។​

​ចំណែក​ម៉ារ៉ុក​បានស្មើ​ក្នុង​ការប្រកួត​បើកឆាក ០-០ ជាមួយ​ក្រូ​អាស៊ី​។ ម៉ារ៉ុក​ខកខាន​ស៊ុត​បញ្ចូល​ទីក្នុង​ការប្រកួត​វើល​ខាប់ ៥៣ ភាគរយ​របស់​ពួកគេ ដែល​ជា​កំណត់ត្រា​ខ្សត់​គ្រាប់​បាល់​យូរ​បំផុត​។ ការ​ខ្សត់​គ្រាប់​បាល់​នោះ​គឺ​មាន​ជាង​១០​ប្រកួត​។​

​ម៉ារ៉ុក​បាន​ឈ្នះ​តែ​២​ប្រកួត​ប៉ុណ្ណោះ​ក្នុងចំណោម​ការប្រកួត​វើល​ខាប់ ១៧ លើ​ក​របស់​ពួកគេ (​ស្មើ​៦ ចាញ់​៩)​។ ពួកគេ​ក៏​បាន​ចាញ់​ការប្រកួត​វគ្គ​ចែក​ពូ​ល​ជា​លើក​ទី​ពីរ​របស់​ពួកគេ​ផងដែរ​ក្នុងការ​បង្ហាញ​ខ្លួន​ចំនួន ៤ ដង​ក្នុង​ចំណោម​វើល​ខា​ប់ ៥ លើកចុងក្រោយ ដូច្នេះ​ពួកគេ​មានលទ្ធភាព​ខ្ពស់​ក្នុងការ​ចាញ់​នៅ​ប្រកួត​ទី​ពីរ​ក្នុង​ពូ​ល​នៅ​ថ្ងៃអាទិត្យ​នេះ​ផង​ដែរ​។​

​លទ្ធផល​ព្យាករណ៍ បែលហ្ស៊ិក​ឈ្នះ ១-០​។​

– ក្រូ​អាស៊ី vs កាណាដា (​ពូ​ល F)

* កាណាដា​ស៊ុត ២៩-៩ ជើង​ទល់នឹង​បែលហ្ស៊ិក​កាលពី​ថ្ងៃ​ពុធ​។​
* ក្រូ​អាស៊ី​ស៊ុត​បញ្ចូល​ទី​នៅ​៦​ប្រកួត​ក្នុងចំណោម​ការប្រកួត​៧​លើក​ចុងក្រោយ​របស់​ពួកគេ​។​
* Jonathan David បាន​ស៊ុត​ចំ​គោលដៅ ៧ ជើង​លើ​បែលហ្ស៊ិក និង​បាន​ស៊ុត​បញ្ចូល​ទី​៩​គ្រាប់​ក្នុង​លី​កនៅ​រដូវ​កាល​នេះ​។​

​ជើងឯក​រងវើ​លខាប់​២០១៨ ក្រូ​អាស៊ី​បាន​ចាប់ផ្តើម​យុទ្ធនាការ​របស់​ពួកគេ​ជាមួយនឹង​លទ្ធផល​សូន្យ​ស្មើ​ជាមួយ​ម៉ារ៉ុក ហើយ​ពួកគេ​អាច​នឹង​រង​សម្ពាធ​ខ្លាំង​ពី​ក្រុម​កាណាដា​ដ៏​ស្វាហាប់​នៅ​ថ្ងៃអាទិត្យ​នេះ​។​

​កូនក្រុម​របស់លោក Zlatko Dalic មិន​អាច​បំបែក​ប្រព័ន្ធ​លេង​យ៉ាង​ល្អ​របស់​ម៉ារ៉ុក​បានទេ ដោយ​ព្យាយាម​ស៊ុត​បានតែ​៥​ជើង ហើយ​ស៊ុត​ចំ​គោលដៅ​ស្រាលៗ​តែ​២​ជើង​ប៉ុណ្ណោះ​។​

​លទ្ធផល​នេះ​បាន​ពង្រីក​ការមិន​ស្គាល់​ចាញ់​របស់​ពួកគេ​រហូត​ដល់​៧​ប្រកួត ប៉ុន្តែ​ពួកគេ​គួរតែ​ប្រយ័ត្ន​ចំពោះ​ការគំរាមកំហែង​របស់​កាណាដា បន្ទាប់ពី​បាន​ឃើញ​ពួក​គេ​លេង​សម្លុត​បែលហ្ស៊ិក​កាលពី​ថ្ងៃ​ពុធ​។​

​កាណាដា​មិនដែល​ស៊ុត​បញ្ចូល​ទី​បាន​មួយ​គ្រាប់​ក្នុង​ការប្រកួត​វើល​ខាប់​ទេ ប៉ុន្តែ​ការ​បង្ហាញខ្លួន​ជា​លើកដំបូង​របស់​ពួកគេ​នៅក្នុងវើល​ខាប់​ចាប់តាំងពី​ឆ្នាំ ១៩៨៦ បាន​ឃើញ​ពួក​គេ​បង្ហាញ​ទម្រង់​លេង​ដ៏​អស្ចារ្យ​ទល់នឹង​គីឡូ​ធ្ងន់​អឺរ៉ុប បែលហ្ស៊ិក​។​

​ពួកគេ​បាន​ស៊ុត ២២-៩ ជើង​ទល់នឹង​បែលហ្ស៊ិក ដោយ​ស៊ុត​ប៉េណាល់​ទី​មិន​ចូល​ក្នុង​តង់​ទីមួយ ហើយ​មាន​ឱកាស​ទទួលបាន​បាល់​ប៉េ​ណាល់​ទីជា​ច្រើនលើកច្រើនសា តែ​ត្រូវ​អាជ្ញាកណ្តាល​មិន​រវីរវល់​។​

​កូនក្រុម​របស់លោក John Herdman បាន​នាំមក​នូវ​ថាមពល​ដ៏​គួរ​ឱ្យ​ភ័យខ្លាច​នៅ​តំបន់​ប្រយុទ្ធ ដែល​ធ្វើឱ្យ​ជីវិត​មាន​ការលំបាក​សម្រាប់​ខ្សែការពារ​បែលហ្ស៊ិក Jan Vertonghen និង Toby Alderweireld ហើយ​ពួកគេ​ពិតជា​អាច​ធ្វើ​ដូចគ្នា​នេះ​ទៅ​លើ​ខ្សែការពារ​របស់​ក្រូ​អាស៊ី​នៅ​ថ្ងៃអាទិត្យ​នេះ​។​

​លទ្ធផល​ព្យាករណ៍ កាណាដា ឈ្នះ ២-១​។​

– អេ​ស្ប៉ាញ vs អាល្លឺម៉ង់ (​ពូ​ល E)

* អាល្លឺម៉ង់​បាន​ជួប​វិបត្តិ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​។​
* ខ្សែការពារ​អាល្លឺម៉ង់​បាន​ផ្តល់​ឱកាស​ច្រើន​ពេក​ដល់​ជប៉ុន​។​
* អេ​ស្ប៉ាញ​លេង​បាល់ទាត់ដ៏​អស្ចារ្យ​ក្រោម​ការដឹកនាំ​របស់​លោក Luis Enrique​។​

​មិន​មាន​អ្នកជំនាញ​ច្រើន​ទេ​ដែល​បាន​រាយ​បញ្ជីអេ​ស្ប៉ាញ​ជា​ក្រុមប្រជែង​យកពាន នៅមុន​វើល​ខាប់​នៅ​ប្រទេសកាតា​។​

​មនុស្ស​ជាច្រើន​បាន​ប្តូរ​ការគិត​របស់​ពួកគេ​រួច​ទៅ​ហើយ​បន្ទាប់​ពី​ការបង្ហាញ​ទម្រង់​លេង​កាច​សាហាវ​របស់​គោ​ជល់​អេ​ស្ប៉ាញ​ក្នុងការ​ផ្តួល​កូ​ស្តា​រី​កា ៧-០ កាល​ពី​ប្រាំមួយ​ថ្ងៃមុន​។​

​ពិតណាស់ នៅពេល​ដែល​អ្នក​ក្រឡេក​មើល​បញ្ជី​ឈ្មោះ​កីឡាក​រអេ​ស្ប៉ាញ ពួក​គេ​មិនមែន​ជា​អេ​ស្ប៉ាញ​ដ៏​ខ្លាំងក្លា​លើ​ភព​ផែនដី​ជាមួយ​នឹង​កីឡាករ​ឆ្នើម​ដូចជា Iniesta, Xavi, Ramos, Torres នោះទេ​។​

​យ៉ាងណាមិញ កីឡាក​រអេ​ស្ប៉ាញ​សម័យ​នេះ​ក៏​សម្បូរ​ទៅដោយ​ទេពកោសល្យ​នៅ​គ្រប់​តំបន់​ផងដែរ រួម​ទាំង​បម្រើ​និង​ការពារ ដោយ​មាន​កីឡាករ​ជាច្រើន​នាក់​អាច​លេង​ជំនួស​គ្នា​បាន​គ្រប់ពេល​។​

​លោក Luis Enrique ដឹង​ពី​របៀប​ប្រើ​ទេពកោសល្យ​ពី​ក្រុម​របស់​គាត់​។ គាត់​បាន​នាំ​អេ​ស្ប៉ាញ​ឡើង​ដល់វ​គ្គ​ពាក់កណ្តា​ល​ផ្តាច់ព្រ័ត្រ​នៅ Euro 2020 ខណៈ​ដែល​ពួកគេ​ត្រូវ​បាន​ទម្លាក់​ដោយ​ក្រុម​ដែល​ចុង​ក្រោយ​ក្លាយ​ម្ចាស់​ជើងឯក គឺ អ៊ីតាលី ដោយ​បាល់​ប៉េណាល់​ទី ក្រោយ​ពី​ស្មើ ១-១ ក្នុង​ម៉ោង​ធម្មតា និង​ម៉ោង​បន្ថែម​។​

​អាល្លឺម៉ង់​កំពុង​មាន​បញ្ហា​។ ពួកគេ​បាន​ចាញ់​ការប្រកួត​បើកឆាក​ជាមួយ​ជប៉ុន ហើយ​ការរង​បរាជ័យ​ក្រោម​ថ្វីដៃ​អេ​ស្ប៉ាញ​នៅ​ថ្ងៃអាទិត្យ​នេះ នឹង​ធ្វើឱ្យ​ពួកគេ​វេច​បង្វិច​ទៅ​ស្រុក​វិញ (​ប្រសិនបើ​ជប៉ុន​ទទួលបាន​យ៉ាងតិច​១​ពិន្ទុ​ពី​កូ​ស្តារី​កា​)​។​

​កូនក្រុម​របស់លោក Hansi Flick មើល​ទៅ​មិន​អស្ចារ្យ​នោះទេ​កាលពី​ថ្ងៃ​ពុធ​។ ពួកគេ​ពិតជា​មាន​ឱកាស​បំបាក់​ជប៉ុន​ច្រើន​គ្រាប់ ប៉ុន្តែ​កីឡាករ Serge Gnabry, Kai Havertz, Thomas Muller និង​មិត្ត​រួម​ក្រុម​បាន​យក​ឱកាស​ចាក់ចោល​នៅ​មុខ​ទី​ជប៉ុន​អស់រលីង​។​

​ឥន្ទ្រី​ដែក​អាល្លឺម៉ង់​បាន​រង​ការពិន័យ​យ៉ាង​ធ្ងន់​ជាមួយ​ការ​ស៊ុត​២​គ្រាប់​លឿនៗ​របស់​ជប៉ុន​នៅ​ចុង​ការប្រកួត​។​

​ត្បិត​អាល្លឺម៉ង់​ជា​គីឡូ​ធ្ងន់​មួយ​នៅ​អឺរ៉ុប ប៉ុន្តែ​លទ្ធភាព​ដែល​ពួកគេ​អាច​ផ្តួល​គោ​ជល់​អេ​ស្ប៉ាញ​គឺ​មាន​តិចតួច​ណាស់ ជា​ពិសេស​តំបន់​ប្រយុទ្ធ​ឥត​ប្រយោជន៍​របស់​អាល្លឺម៉ង់​។​

​លទ្ធផល​ទស្សនទាយ អេ​ស្ប៉ាញ​ឈ្នះ ៣-១៕

​ជប៉ុន​នឹង​ឡើង​វគ្គ ១៦ ក្រុម​ចុង​ក្រោយ​តាម​រយៈ​ការ​ផ្តួល​កូ​ស្តារី​កា

Post navigation