Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

យន្តហោះ​ទម្លាក់​គ្រាប់បែកនុយក្លេអ៊ែរ​រុស្ស៊ី​ពីរ​គ្រឿង​រង​ការខូចខាត​នៅពេល​រុស្ស៊ី​ទទួលស្គាល់ថា​ដ្រូ​ន​អ៊ុយ​ក្រែន​វាយប្រហារ​មូលដ្ឋានទ័​ពអា​កាសរ​បស់ខ្លួន​

Views: 2

​ប្រែ​សម្រួលៈ បំណង​(​ដេល្លី​ម៉េល​)៖​ដ្រូ​ន​អ៊ុយ​ក្រែន​បាន​វាយប្រហារ​មូលដ្ឋា​ន​ទ័ពអាកាស​ពីរ​នៅក្នុង​ទឹកដី​រុស្ស៊ី​ដ៏​ជ្រៅ នេះ​បើ​តាម​ការបញ្ជាក់​ពី​រដ្ឋាភិបាល​វិមាន​ក្រឹម​ឡាំង​កាលពី​ថ្ងៃ​ចន្ទ​មុន​ពេល​កងកម្លាំង​​រុស្ស៊ី​បញ្ចេញ​កាំជ្រួច​មួយ​ហ្វូង​ទៅលើ​ហេដ្ឋារចនាសម្ពន្ធ​ថា​ម​ពល​អ៊ុ​យក្រែន ដោយ​ប៉ះចំ​ផ្ទះ​អ្នកស្រុក​និង​អាគារ​មនុស្ស​រស់​នៅ​ផង​។​

​មូលដ្ឋាន​ទ័ពអាកាស​អ៊ីង​ហ្គឹល​ធូ​(Engels-2)​ដែល​គេ​សង្ស័យថា​ជា​កន្លែង​ត្រៀមកម្លាំង​វាយប្រហារ​ធំ​មួយ​លើ​អ៊ុ​យក្រែន បាន​រង​ការវាយប្រហារ​ដោយ​ដ្រូ​ន ដោយ​បាន​ធ្វើអោយ​ខូចខាត​យន្តហោះ​ទម្លាក់​​គ្រាប់បែក​ចម្ងាយ​ឆ្ងាយ​ពីរ​គ្រឿង​។​មូលដ្ឋាន​នៅ​ក្បែរ​ទីក្រុង​សា​រ៉ា​តូ​វ​(Saratov)​បាន​រង​ការផ្ទុះ​កាលពី​ជិត​ភ្លឺ​ថ្ងៃ​ចន្ទ ដោយ​បណ្តាល​អោយ​យន្តហោះ​Tu-95 ពីរ​គ្រឿង​ខូចខាត​។​យន្តហោះ​ប្រភេទ​នេះ​ជា​​ច្រើន​គ្រឿង​ត្រូវបាន​រុស្ស៊ី​នាំ​មក​កាន់​មូលដ្ឋាន​ក្បែរ​អ៊ុយ​ក្រែន​មួយនេះ ដោយ​គេ​សង្ស័យ​ថា​ដើម្បី​ត្រៀម​បើក​ការវាយប្រហារ​ទ្រង់ទ្រាយ​ធំ​មួយ​លើ​អ៊ុ​យក្រែន​។​

​មូលដ្ឋាន​ទ័ពអាកាស​អ៊ីង​ហ្គឹល​ធូ បណ្តាលអោយ​ខូច​យន្តហោះ​ទម្លាក់​គ្រាប់​ចម្ងាយ​ឆ្ងាយ​របស់​រុស្ស៊ី​ពីរ​គ្រឿង​ក្រោយ​ការផ្ទុះ​កាលពី​ថ្ងៃ​ចន្ទ​

​ការផ្ទុះ​មួយទៀត​កើតមាន​នៅ​មូលដ្ឋានទ័ព​អាស​រុស្ស៊ី​មួយ​នៅ​ក្បែរ​ទីក្រុង​រី​យ៉ា​ហ្សា​ន់​(Ryazan)​ដោយ​បាន​សម្លាប់​មនុស្ស​បី​នាក់​ក្រោយ​ផ្ទុះ​ឡាន​ដឹក​ប្រេង​មួយ​។​

​ទីភ្នាក់ងារ​សារព័ត៌មាន​រដ្ឋ​រុស្ស៊ី​RIA​បាន​និយាយថា មនុស្ស​ប្រាំមួយ​នាក់​ទៀត​បាន​រង​របួស​ក្នុង​ការផ្ទុះ​រថយន្ត​ដឹក​ប្រេង​នៅ​រី​យ៉ា​ហ្សា​ន់ ចម្ងាយ​ប្រមាណ​១៨០​គីឡូម៉ែត្រ​ពី​រដ្ឋធានី​មូ​ស្គូ​។​

​រដ្ឋាភិបាល​ទីក្រុង​គៀវ​មិន​ចេញ​មក​អះអាង​ទទួលខុសត្រូវ​ចំពោះ​ការវាយប្រហារ​នេះ​ទេ តែ​ត្រូវគេ​គិត​ថា​នៅ​ពីក្រោយ​ការវាយប្រហារ​ស្រដៀងៗ​គ្នា​លើ​មូលដ្ឋាន​យោធា​និង​ឃ្លាំង​ភស្តុភា​រុស្ស៊ី​នៅ​ព្រំដែន​ខាងលិច​​របស់​រុស្ស៊ី​។​

​វា​បាន​កើតឡើង​តែ​ប៉ុន្មាន​ថ្ងៃក្រោយ​អគ្គិភ័យ​មួយ​បាន​កើតមាន​នៅ​ឃ្លាំង​ប្រេង​រុស្ស៊ី​មួយ​នៅ​តំបន់​ព្រី​យ៉ាន់ស​ខ៍​(Bryansk)​ក្នុង​ការវាយប្រហារ​មួយ​ដែល​គេ​គិត​ថា​ដឹកនាំ​ធ្វើ​ដោយ​រដ្ឋាភិបាល​ទីក្រុង​គៀវ​។​​ការផ្ទុះ​ឃ្លាំង​ប្រេង​ដូចគ្នា​ក៏​កើតមាន​នៅ​ភូមិ​ស្តា​ល់ណ​យ កូន​( Stalnoi Kon)​កាលពី​ខែ​មុន​។​

​មូលដ្ឋាន​ទ័ពអាកាស​អ៊ីង​ហ្គឹល​ធូ​និង​ទីក្រុង​រី​យ៉ា​ហ្សា​ន់​នៅ​ចម្ងាយ​៤៨០​គីឡូម៉ែត្រ និង​៧២០​គីឡូម៉ែត្រ​ពី​ព្រំដែន​អ៊ុ​យក្រែន គឺ​ហួស​ពី​ចម្ងាយ​ហោះ​របស់​កាំជ្រួច​ឬ​រ៉ុក្កែត​របស់​អ៊ុ​យក្រែន មានន័យថា​ការ​វាយ​ប្រ​​ហារ​នេះ​ទំនង​ជា​ធ្វើឡើង​ដោយ​ដ្រូ​ន​។​

​មុន​ការផ្ទុះ​នៅ​មូលដ្ឋានទ័ព​រុស្ស៊ី ក្រុមហ៊ុន​អាវុធ​អ៊ុយ​ក្រែន​យូ​ក្រូបូ​ណូ​ប្រូម​( Ukrobonoprom)​បាន​អះអាង​អំពី​ជោគជ័យ​នៃ​ការសាកល្បង​ដ្រូ​ន​មួយ​ដែល​អាច​ផ្ទុក​គ្រាប់​ទម្ងន់​១០០​គីឡូក្រាម​ដែល​អាច​វាយ​​ប្រហារ​ទីតាំង​ចម្ងាយ​រាប់រយ​គីឡូម៉ែត្រ​។​

​ការផ្ទុះ​នេះ​កើត​ឡើង​ក្រោយ​ពី​រូបភាព​ផ្កាយរណប​កាលពី​សប្តាហ៍​មុន​បង្ហាញ​រុស្ស៊ី​ប្រមូលផ្តុំ​យន្តហោះ​ទម្លាក់​គ្រាប់បែក​ចម្ងាយ​ឆ្ងាយ​ដែល​អាច​ផ្ទុក​ក្បាល​គ្រាប់​ធម្មតា​និង​នុយក្លេអ៊ែ​រ ហើយ​ត្រូវបាន​គេ​សង្ស័យ​​ថា​សំរាប់​វាយប្រហារ​លើ​អ៊ុ​យក្រែន​៕

​រូបភាព​បង្ហាញ​យន្តហោះ​Tu-95 និង​Tu-160 កំពុង​ចាក់​សាំង​និង​បំពាក់​កាំជ្រួច​បណ្តែត

Post navigation