Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

យោធាពិការតំណាងឱ្យប្រជាពលរដ្ឋបីគ្រួសារសុំអន្តរាគមន៍ពីឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត រឿងជម្លោះដីធ្លីជាមួយ ឧកញ៉ាម្នាក់

Views: 2

ដោយៈ មុនីរ័ត្ន/ភ្នំពេញ៖យោធាពិការតំណាងឱ្យប្រជាពលរដ្ឋចំនួនបីគ្រួសារ បានស្នើសុំជំនួយអន្តរាគមន៍ពីឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ក្នុងរឿថជម្លោះដីធ្លីជាមួយឧកញ៉ា ជៀម ផែន ស្ថិតនៅភូមិកែវផុស ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង បច្ចុប្បន្ននៅភូមិរិទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ យោធាពិការឈ្មោះ ជា សុវណ្ណ តំណាងប្រជាពលរដ្ឋចំនួនបីគ្រួសារ ដែលមានឈ្មោះ ហេង យ៉ូង ជាស្ត្រីមេម៉ាយ , ឈ្មោះ នុត ស៊ីល័យ និងឈ្មោះ នាក់ ចិន្តា ជាកសិករ។

បើយោងតាមពាក្យបណ្តឹងរបស់យោធាពិការ ចុះថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ គោរពជូនឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត ហ៊ុន ម៉ាណែត អគ្គបញ្ជាការង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ប្តឹងពីឧកញ៉ា ជៀម ផែន ពីបទរំលោភបំពានយកដីចំការរបស់គាត់មានទំហំ ១៦ហិកតា ស្ថិតនៅភូមិកែវផុស ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង បច្ចុប្បន្ននៅភូមិរិទ្ធីពីរ ឃុំកែវផុស ស្រុកស្ទឹងហៅ ខេត្តព្រះសីហនុ ។

នៅក្នុងពាក្យបណ្តឹងបានបញ្ជាក់ថា “ខ្ញុំសូមបញ្ជាក់ថា : ដីខ្ញុំបាទពុំទាន់មានប្លង់រឹងទេតែមានលិខិតស្នើសុំកាន់កាប់ ប្រើប្រាស់ដីធ្លីប៉ុណ្ណោះ ហើយឧកញ៉ា ជៀម ផែន បានធ្វើប្លង់រឹងយកដីរបស់យើងខ្ញុំទាំងអស់គ្នាមានទំហំ ១៦ហិកតា មានបីគ្រួសារ : ១- ឈ្មោះ ជា សុវណ្ណ មានដីទំហំ ៦ហិកតា ២- អ្នកស្រី ហេង យ៉ូង មានដីទំហំ ៥ហិកតា ៣-ឈ្មោះ នុត ស៊ីវ័យ មានដីចំនួន ៥ហិកតា ។ ខ្ញុំបាទបានប្តឹងអាជ្ញាធរភូមិ-ឃុំ-ស្រុក ជាញឹកញាប់ តែគ្មានការដោះស្រាយជូនយើងខ្ញុំ ទើបយើងខ្ញុំទាំងអស់គ្នាប្តឹងមកគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នៅថ្ងៃទី០១ ខែ ឧសភា ឆ្នាំ២០០៧ នៅត គ្មានដំណោះ ស្រាយដល់យើងខ្ញុំទាំងអស់គ្នាឡើយ ។

យើងខ្ញុំទាំងអស់គ្នាបានប្តឹងចូលមកអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី នៅថ្ងៃទី២១ ខែ វិច្ឆិកា ឆ្នាំ២០១១ នៅតែដោះស្រាយជូនយើងខ្ញុំមិនបានទៀត ។

មេរបស់ខ្ញុំឧត្ដមសេនីយ៍ត្រី ដុំ ហាក់ ជាអ្នកបញ្ជាឱ្យខ្ញុំចុះទៅបំពេញបេសកកម្មនៅយោធភូមិភាគទី៥ និងក្នុងទឹកដីនៃប្រទេសថៃ ឧត្ដមសេនីយ៍ លឹម ហួត មេរបស់ខ្ញុំបានចុះប្រតិបត្តិការ។ រួមគ្នាជាមួយខ្ញុំបាទដែរ។ និង វរសេនីយ៍ឯក តាន់ សាវ៉េត ក៏ជាមេផ្នែករបស់ខ្ញុំបាទដែរ”។

ពាក្យបណ្តឹងបានបន្តថា សេចក្តីដូចបានគោរពនិងជំរាបជូនខាងលើ សូមឯកឧត្តមមេត្តាជ្រាបថា : “ដោយយើងខ្ញុំទាំងអស់គ្មានលទ្ធភាពប្ដឹងទៅតុលាការទេព្រោះដីយើងខ្ញុំទាំងអស់គ្នាពុំដែលបានប្ដឹងទៅតុលាការម្ដងណាឡើយ ។ ហើយយើងខ្ញុំទាំងអស់គ្នាសូម ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត មេត្តាជួយធ្វើអន្តរាគមន៍សម្របសម្រួលយកដីរបស់ខ្ញុំបាទដែលឧកញ៉ា ជៀម ផែន បានរំលោភយកនោះ ដើម្បីឱ្យខ្ញុំបាទបានកាន់កាប់ដោយស្របច្បាប់ និងធ្វើស្រែចម្ការវិញដោយក្តីអនុគ្រោះ ។ សូម ឯកឧត្តម អាណិតមេត្តាខ្ញុំដែលជាយោធាយោធាពិការផង ជាយុទ្ធជនផងក្រោមឱវាទ ឯកឧត្តម សូមជួយ ផ្តល់ក្តីសង្ឃឹមជាលើកចុងក្រោយ … នៃអាយុជីវិតជាកងទ័ពពលីម្នាក់នៃដង្ហើមចុងក្រោយផងចុះ មានតែឯកឧត្តម គឺជាអ្នកបន្តវេននៃបក្សប្រជាជននិងជានាយករដ្ឋមន្ត្រីអនាគតជាក្ដីសង្ឃឹមរបស់ពលរដ្ឋខ្មែរគ្រប់រូប”។
ចំណែកលោកឧកញ៉ា ជៀម ផែន មិនអាចសុំការអត្ថាធិប្បាយបានទេ កាលពីល្ងាចថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣៕សរន

Post navigation