Views: 1
ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ ពូជឆ្កែប៊ីហ្គល (Beagle) ប្រហែល ៤.០០០ ក្បាលកំពុងស្វែងរកផ្ទះថ្មីនៅក្នុងសហរដ្ឋអាម៉េរិកបន្ទាប់ពីអង្គការសង្គ្រោះសត្វនានាបានចាប់ផ្តើមយកពួកវាចេញពីទីតាំងមួយនៅរដ្ឋវើជីនៀ ដែលបង្កាត់ពួកវាដើម្បីលក់ទៅមន្ទីរពិសោធន៍នានាសម្រាប់ការពិសោធថ្នាំ។
លោកស្រី ឃីតធី ប្លុក (Kitty Block) ជាប្រធាននិងជានាយកប្រតិបត្តិអង្គការសង្គមមនុស្សធម៌សហរដ្ឋអាម៉េរិក បាននិយាយថា “វានឹងត្រូវចំណាយពេល ៦០ ថ្ងៃដើម្បីយកសត្វសុនខទាំងនេះចេញ ហើយយើងកំពុងធ្វើការជាមួយទីជម្រកនិងដៃគូជួយសង្គ្រោះរបស់យើងនៅទូទាំងប្រទេស…ដើម្បីឱ្យឆ្កែទាំងនេះបានចូលទៅទីជម្រកជាទីស្រឡាញ់មិនធ្លាប់មានពីមុនមក”។
ជម្រកនានាចាប់ពីទីក្រុងសៅអែលជីន (South Elgin) រដ្ឋអ៊ីលលីណយ (Illinois) រហូតដល់ទីក្រុងភីតស្បឺក (Pittsburgh) បានចាប់ផ្តើមទទួលសត្វឆ្កែទាំងនេះដែលនឹងទទួលបានការពិនិត្យសុខភាព ការចាក់ថ្នាំបង្ការ និងការព្យាបាលផ្សេងៗទៀត មុនពេលដាក់ឱ្យគេយកទៅចិញ្ចឹម។
កាលពីខែឧសភា ក្រសួងយុត្តិធម៌អាម៉េរិកបានប្តឹងក្រុមហ៊ុន Envigo RMS LLC ដោយចោទប្រកាន់ថាមានការរំលោភច្បាប់សុខុមាលភាពសត្វនៅឯមជ្ឈមណ្ឌលរបស់ខ្លួននៅទីក្រុងខាំបឺលែន (Cumberland) រដ្ឋវើជីនៀ។
នៅក្នុងខែមិថុនា ក្រុមហ៊ុនមេ Inotiv Inc បាននិយាយថា ខ្លួននឹងបិទមណ្ឌលនេះ។ នៅខែកក្កដា ក្រុមហ៊ុន Envigo បានដោះស្រាយជាមួយរដ្ឋាភិបាល ដោយមិនបង់ប្រាក់ពិន័យណាមួយឡើយ។
អធិការរដ្ឋាភិបាលបានរកឃើញសត្វឆ្កែនៅទីនោះត្រូវបានសម្លាប់ជំនួសឱ្យការទទួលបានការថែទាំសម្រាប់ជំងឺដែលងាយស្រួលព្យាបាល។អង្គការសង្គមមនុស្សធម៌សហរដ្ឋអាម៉េរិកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា មេឆ្កែប៊ីហ្គលត្រូវបានបដិសេធអាហារ អាហារដែលពួកវាបានទទួលនោះមានដង្កូវ ផ្សិត និងលាមក ហើយក្នុងអំឡុងរយៈពេលប្រាំបីសប្តាហ៍ កូនឆ្កែប៊ីហ្គល ២៥ក្បាលបានងាប់ដោយសារប៉ះពាល់នឹងភាពត្រជាក់។
អង្គការបានបន្ថែមថា ឆ្កែខ្លះបានរងរបួសនៅពេលត្រូវបានវាយប្រហារដោយសត្វឆ្កែផ្សេងទៀតនៅក្នុងស្ថានភាពកន្លែងរស់នៅដ៏ចង្អៀត៕
ជឆ្កែប៊ីហ្គល (Beagle) ប្រហែល ៤.០០០ ក្បាលកំពុងស្វែងរកផ្ទះថ្មីនៅក្នុងសហរដ្ឋអាម៉េរិក