Views: 3
ប្រែសម្រួល : កញ្ញាដាលីស (ស្ត្រេតថែមស៍) ៖ ប្រធានាធិបតីចិនលោក ស៊ី ជីនពីង បាននិយាយកាលពីថ្ងៃពុធថា ចិនមានឆន្ទៈក្នុងការសហការជាមួយសហរដ្ឋអាម៉េរិក ខណៈដែលភាគីទាំងពីរគ្រប់គ្រងការខ្វែងគំនិតគ្នានិងធ្វើការរួមគ្នាដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមជាសកល នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ចិន។
លោកស៊ីបាននិយាយនៅក្នុងលិខិតមួយដែលបានផ្ញើនៅក្នុងពិធីជប់លៀងប្រចាំឆ្នាំរបស់គណៈកម្មាធិការជាតិស្តីពីទំនាក់ទំនងសហរដ្ឋអាម៉េរិក-ចិន ដែលមានទីស្នាក់ការនៅទីក្រុងញូវយ៉ក យ៉ាងដូច្នេះថា ការដែលសហរដ្ឋអាម៉េរិកនិងចិនអាចបង្កើតវិធី “ត្រឹមត្រូវ” នៃការចុះសម្រុងគ្នានឹងមានសារៈសំខាន់ចំពោះពិភពលោក។
ការអំពាវនាវរបស់លោកស៊ីឱ្យមានទំនាក់ទំនងទ្វេភាគីដែលមានស្ថិរភាពបន្ថែមទៀត ដែលលោកនិយាយថា គួរតែត្រូវបានកសាងឡើងលើគោលការណ៍នៃ “ការគោរពគ្នាទៅវិញទៅមក ការរួមរស់ដោយសន្តិភាព និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ” បានកើតឡើងមុនពេលដំណើរទស្សនកិច្ចដ៏សំខាន់របស់រដ្ឋមន្ត្រីការបរទេស លោក វ៉ាង យី ទៅកាន់ទីក្រុងវ៉ាស៊ីនតោននៅចុងសប្តាហ៍នេះ។
ការធ្វើដំណើរពីថ្ងៃព្រហស្បតិ៍ដល់ថ្ងៃសៅរ៍របស់អ្នកការទូតកំពូលរបស់ចិននឹងក្លាយជាការចូលរួមផ្ទាល់កម្រិតខ្ពស់បំផុតនៅមុនកិច្ចប្រជុំដែលរំពឹងទុករវាងប្រធានាធិបតីអាម៉េរិកលោក ចូ បៃដិន និងលោកស៊ីនៅទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូក្នុងកិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) ក្នុងខែវិច្ឆិកា។
មន្ត្រីជាន់ខ្ពស់អាម៉េរិកជាច្រើននាក់ រួមទាំងរដ្ឋមន្ត្រីការបរទេសអាម៉េរិក លោក អានថូនី ប្លីងកិន បានជួបជាមួយសមភាគីចិនរបស់ពួកគេនៅទីក្រុងប៉េកាំងនៅរដូវក្តៅនេះ។
អាទិភាពកំពូលរបស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនគឺត្រូវធានាថា ការប្រជែងគ្នាដ៏ខ្លាំងក្លារវាងប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទាំងពីរ និង ការខ្វែងគំនិតគ្នារបស់ពួកគេជុំវិញបញ្ហាជាច្រើនរាប់ចាប់ពីពាណិជ្ជកម្មរហូតដល់តៃវ៉ាន់និងសមុទ្រចិនខាងត្បូង នឹងមិនក្លាយទៅជាជម្លោះ។
កាសែត Global Times ដែលគ្រប់គ្រងដោយរដ្ឋចិន បានសរសេរនៅក្នុងបទអត្ថាធិប្បាយមួយថា “អ្នកសង្កេតការណ៍ចិនជឿថា ដំណើរទស្សនកិច្ច (ដោយលោកវ៉ាង) នឹងត្រួសត្រាយផ្លូវសម្រាប់លទ្ធភាពកិច្ចប្រជុំរវាងប្រមុខរដ្ឋទាំងពីរ ប៉ុន្តែបានបន្ថែមថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនត្រូវខិតខំប្រឹងប្រែងជាក់ស្តែងដើម្បីដោះស្រាយកង្វល់របស់រដ្ឋាភិបាលក្រុងប៉េកាំងនិងបង្ហាញពីភាពស្មោះត្រង់របស់ខ្លួន”៕
លោកស៊ីអំពាវនាវឱ្យមានទំនាក់ទំនងទ្វេភាគីដែលមានស្ថិរភាពបន្ថែមទៀតជាមួយអាម៉េរិក