Views: 1
ប្រែសម្រួលៈបំណង(ស៊ីនហួរ, ស្ត្រេតថែមស៍)៖ ចិនបាននិយាយថាអាម៉េរិកកំពុងបញ្ជូនសញ្ញា«ខុសឆ្គងណាស់និងគ្រោះថ្នាក់»ស្តីពីតៃវ៉ាន់បន្ទាប់ពីរដ្ឋមន្ត្រីការបរទេសអាម៉េរិកបានប្រាប់សមភាគីចិនកាលពីថ្ងៃសុក្រថា ការថែរក្សាសន្តិភាពនិងស្ថិរភាពកាត់ច្រកសមុទ្រតៃវ៉ាន់មានសារសំខាន់ស្លាប់រស់។
មន្ត្រីអាម៉េរិកម្នាក់បានប្រាប់អ្នកយកព័ត៌មានថា បញ្ហាតៃវ៉ាន់ជាចំណុចផ្តោតនៃកិច្ចពិភាក្សា«ដោយផ្ទាល់និងដោយស្មោះ»អស់៩០នាទីរវាងរដ្ឋមន្ត្រីការបរទេស អ៊ែនថូនី ប្លីនកិន និងសមភាគីចិន វ៉ាង យីនៅក្រៅមហាសន្និបាតអង្គការសហប្រជាជាតិនៅក្រុងញូវយ៉ក។
មន្ត្រីជាន់ខ្ពស់ម្នាក់នៃរដ្ឋាភិបាលអាម៉េរិកបាននិយាយថា«សំរាប់យើង លោករដ្ឋមន្ត្រីបានធ្វើការបញ្ជាក់ច្បាស់លាស់ណាស់ថា ស្របតាមគោលនយោបាយចិនមួយដែលមានជាយូរមកហើយរបស់យើងនិងមិនត្រូវបានផ្លាស់ប្តូរ ការថែរក្សាសន្តិភាពនិងស្ថិរភាពកាត់ច្រកសមុទ្រតៃវ៉ាន់មានសារសំខាន់ស្លាប់រស់ខ្លាំងណាស់»។
តែលោកវ៉ាងបានប្រាប់ទៅលោកប្លីងកិនវិញថា «បេសកកម្មរបស់យើងគឺការពារអធិបតេយ្យនិងបូរណភាពទឹកដី ហើយវាមិនមានភាពមិនច្បាស់លាស់ទេអំពីរឿងនេះ» នេះបើតាមសារព័ត៌មានចិនស៊ីនហួរផ្សាយនៅថ្ងៃសៅរ៍។
សារព័ត៌មានចិនដដែលបាននិយាយថា លោកវ៉ាងបានរំលឹកសមភាគីប្លីងកិនថា អាម៉េរិកបានធ្វើការសន្យាផ្នែកនយោបាយយ៉ាងច្បាស់ជាមួយចិនទាក់ទងនឹងបញ្ហាតៃវ៉ាន់ រួមមានសេចក្តីថ្លែងការណ៍រួមចំនួនបីកាលពីប៉ុន្មានទសវត្សរ៍មុននិងសេចក្តីថ្លែងការណ៍ថែមទៀតកាលពីពេលថ្មីៗពីរដ្ឋាភិបាលអាម៉េរិក ដែលថាខ្លួន«មិនគាំទ្រឯករាជ្យភាពតៃវ៉ាន់»។
ក្រោយជំនួបកាលពីថ្ងៃសុក្រ ក្រសួងការបរទេសចិន បាននិយាយថា អាម៉េរិក«កំពុងបញ្ជូនសញ្ញាខុសឆ្គងនិងគ្រោះថ្នាក់ណាស់»ស្តីពីតៃវ៉ាន់ និងកម្មភាពទាមទារឯករាជ្យភាពនៅតៃវ៉ាន់ ដោយវាកាន់តែបន្ថយឳកាសនៃដំណោះស្រាយដោយអហិង្សាមួយ។ក្រសួងបានស្រង់សម្តីរបស់លោកវ៉ាងដែលថា «បញ្ហាតៃវ៉ាន់ជាបញ្ហាផ្ទៃក្នុងមួយរបស់ចិន និងសហរដ្ឋអាម៉េរិកមិនមានសិទ្ធិជ្រៀតជ្រែកវិធីសាស្ត្រដោះស្រាយវាទេ»។
សូមបញ្ជាក់ថា ភាពតានតឹងរវាងចិននិងអាម៉េរិកបានស្ទុះឡើងក្រោយដំណើរទស្សនកិច្ចមួយកាលពីខែសីហារបស់ប្រធានសភាអាម៉េរិក ដែលបង្ខំអោយចិនបញ្ចេញសមយុទ្ធទ្រង់ទ្រាយធំបំផុតនៅជុំវិញកោះតៃវ៉ាន់ និងការសន្យារបស់ប្រធានាធិបតីអាម៉េរិកថានឹងប្រើកម្លាំងយោធាដើម្បីការពារកោះសេរីនិយមនេះ។
សេតវិមាននៅតែនិយាយថាគោលនយោបាយតៃវ៉ាន់របស់ខ្លួនមិនបានផ្លាស់ប្តូរទេ តែចិនបាននិយាយថាសម្តីរបស់បៃដិនបានបញ្ជូនសារខុសទៅកាន់ពួកស្វះស្វែងរកឯករាជ្យភាពនៅលើកោះតៃវ៉ាន់។ក្នុងការហៅទូរស័ព្ទទៅកាន់សមភាគីអាម៉េរិកកាលពីខែកក្កដា ប្រធានាធិបតីចិនលោក ស៊ី ជីនភីង បាននិយាយព្រមានអំពីបញ្ហាតៃវ៉ាន់នេះថា«អ្នកលលេងជាមួយភ្លើងនឹងអន្តរាយខ្លួនឯង»
មន្ត្រីអាម៉េរិកបាននិយាយថា ក្នុងជំនួបកាលពីថ្ងៃសុក្រ លោកប្លីងកិនក៏បានលើកឡើអំពីផលវិបាក បើសិនជាចិនគាំទ្រខាងសម្ភារដល់ការឈ្លានពានរបស់រុស្ស៊ីនៅអ៊ុយក្រែន ឬក៏ពាក់ព័ន្ធនឹងការគេចវេសមិនអនុវត្តទណ្ឌកម្មទាំងមូលលើរដ្ឋាភិបាលទីក្រុងមូស្គូ។
បើតាមសារព័ត៌មានចិនស៊ីនហួរ រដ្ឋមន្ត្រីការបរទេសចិនកាលពីថ្ងៃសុក្របានប្រាប់ទៅសមភាគីអាម៉េរិកថា ទំនាក់ទំនងចិន-អាម៉េរិក រងផលប៉ះពាល់យ៉ាងអាក្រក់នៅពេលនេះហើយមេរៀននេះគួរភាគីអាម៉េរិករៀនសូត្រ៕
លោកវ៉ាង និងលោកប្លីងកិន ជួបគ្នានៅក្រៅមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៧កាលពីថ្ងៃសុក្រនៅក្រុងញូវយ៉ក