Views: 11
ប្រែសម្រួល : កញ្ញាដាលីស (ស្ត្រេតថែមស៍) ៖ លោកស្រី មីសែល យ៉ូ (Michelle Yeoh) នឹងបិទបញ្ចប់ឆ្នាំដ៏ជោគជ័យខ្លាំងនេះ ជាមួយការជាប់ឈ្មោះជា និមិត្តរូបតំណាងប្រចាំឆ្នាំរបស់ទស្សនាវដ្ដី Time។
ក្នុងឆ្នាំនេះតែឯង លោកស្រីយ៉ូបានចូលរួមក្នុងគម្រោងភាពយន្តជាច្រើនរួមមាន រឿង The School Of Good And Evil រឿង Minions: The Rise Of Gru រឿង Paws Of Fury: The Legend Of Hank និងរឿង Avatar: The Way Of Water។
ទោះយ៉ាងណា វាជាខ្សែភាពយន្ត Everything Everywhere All At Once ដែលបញ្ចាំងក្នុងខែមីនាទេ ដែលធ្វើឱ្យលោកស្រីយ៉ូទទួលការចាប់អារម្មណ៍ខ្លាំងបំផុត។
ខណៈតារាអាយុ ៦០ ឆ្នាំរូបនេះបានសម្តែងក្នុងខ្សែភាពយន្តអាម៉េរិកជាច្រើនក្នុងរយៈពេលជាងពីរទសវត្សរ៍មកនេះចាប់តាំងពីលោកស្រីបានលោតផ្លោះពីហុងកុងមកហូលីវូដក្នុងឆ្នាំ ១៩៩៧ លោកស្រីមិនដែលជាប់លេខ ១ នៅលើតារាងចំណាត់ថ្នាក់របស់ហូលីវូដទេរហូតដល់ឆ្នាំនេះជាមួយនឹងរឿង Everything Everywhere All At Once។
លោកស្រីបានប្រាប់ទស្សនាវដ្តី Time ថានេះគឺដោយសារតែតារាអាស៊ីតែងតែត្រូវបានគេបន្ទាបមកត្រឹមជាតួរាយរងឬមិនសំខាន់។
តារារូបនេះបាននិយាយថា “វាមិនគួរទាក់ទងនឹងជាតិសាសន៍របស់ខ្ញុំទេ ប៉ុន្តែវាជាការប្រយុទ្ធមួយ។ យ៉ាងហោចណាស់សូមទុកឱ្យខ្ញុំព្យាយាម”។
ដូច្នេះនៅពេលដែលគេផ្តល់តួសម្តែងជាភរិយាធ្វើការហួសកម្លាំងនិងខកចិត្តមួយរូបក្នុងរឿង Everything Everywhere All At Once លោកស្រីបានបញ្ចេញអស់ពីសមត្ថភាពសម្រាប់វា។
លោកស្រីយ៉ូបាននិយាយថា “នៅពេលដែលអ្នកទទួលបានឱកាសបែបនេះ អ្នកត្រូវតែបញ្ចូលបេះដូងនិងដួងព្រលឹងរបស់អ្នកទៅក្នុងវា ព្រោះអ្នកមិនដឹងថាពេលណានឹងមានឱកាសបន្ទាប់នោះទេ។ ខ្ញុំគិតថានោះជាការភ័យខ្លាចដ៏ធំបំផុតរបស់ខ្ញុំ ៖ សូមកុំឱ្យវាក្លាយជាឱកាសតែមួយគត់ឱ្យសោះ”៕
លោកស្រី មីសែល យ៉ូ