អ្នកស្រី ចាំ ស បានខ្ចីប្រាក់ជាលើកដំបូងពីមីក្រូហិរញ្ញវត្ថុមួយនៅក្នុងខេត្តសៀមរាប ចំនួន៤ ០០០ដុល្លារ ប្រហែលមួយទសវត្សរ៍កន្លងទៅ ដើម្បីសាងសង់ផ្ទះ។
ប៉ុន្តែដីតូចមួយដែលអ្នកស្រីដាក់ជាទ្រព្យធានានៅភូមិវាល ស្រុកគោកចក ហើយជាកន្លែងដែលអ្នកស្រីរស់នៅតាំងពីឆ្នាំ២០០៥មកនោះ ត្រូវបានចាត់ទុកជាដីសាធារណៈរបស់រដ្ឋ ក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា។ ឥលូវនេះ រដ្ឋាភិបាលកំពុងបង្ខំឱ្យប្រជាពលរដ្ឋប្រមាណ១០ ០០០គ្រួសារនៅជុំវិញឧទ្យាន រុះរើ និងចាកចេញ ដោយអះអាងថាចាំបាច់ត្រូវបណ្តេញចេញ ដើម្បីរក្សាឋានៈជាបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ។
ទស្សនវិស័យនោះហាក់បីដូចជាមិនខ្វល់ខ្វាយពីម្ចាស់បំណុលរបស់អ្នកស្រីឡើយ គឺធនាគារស្ថាបនា។ អ្នកស្រីបាននិយាយថា អ្នកស្រីបានបន្តខ្ចីប្រាក់ពីធនាគាររយៈពេល៥ឆ្នាំទៀត។
អ្នកស្រី ចាំ ស អាយុ៦២ឆ្នាំ មានប្រសាសន៍ថា៖ «នៅពេលយើងមកដល់ទីនេះដំបូង យើងប្រើចង្កៀងប្រេងកាត ហើយផ្ទះធ្វើពីស្លឹកឈើ រហូតដល់យើងទទួលបានប្រាក់កម្ចី និងសាងសង់ផ្ទះធំនេះ។ ខ្ញុំមិនទាន់បានបង់ឱ្យធនាគារគ្រប់ឡើយ ប៉ុន្តែគេចង់បណ្ដេញខ្ញុំចេញហើយ»។
កិច្ចសម្ភាសជាមួយប្រជាពលរដ្ឋក្នុងឧទ្យានបុរាណវិទ្យាអង្គរ និងទីតាំងថ្មីនៅរុនតាឯក បង្ហាញថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបានផ្តល់ប្រាក់កម្ចីដល់ប្រជាពលរដ្ឋ ដោយដាក់ដីរបស់ពួកគាត់នៅតំបន់អង្គរជាទ្រព្យធានាអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ អ្នកខ្លះបានប្រើប្រាស់ប្រាក់កម្ចី ដើម្បីសាងសង់ផ្ទះថ្មី ឬសង់ផ្ទះបន្ថែម។
ប្រជាពលរដ្ឋនៅឧទ្យានអង្គរ ដែលបានខ្ចីប្រាក់ពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងដែលភាគច្រើនពឹងផ្អែកលើការលក់ម្ហូបអាហារ និងវត្ថុអនុស្សាវរីយ៍ដល់ភ្ញៀវទេសចរ បាននិយាយថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមិនបានពន្យល់ពីអ្វីដែលនឹងកើតឡើងចំពោះប្រាក់កម្ចីរបស់ពួកគាត់ឡើយ ដែលពួកគាត់កំពុងត្រូវបានបណ្តេញចេញពីដីដែលបានដាក់ជាទ្រព្យធានា។ ពួគគាត់ព្រួយបារម្ភអំពីការបង់ប្រាក់ប្រចាំខែ នៅពេលដែលពួកគាត់ទៅរស់នៅទីតាំងថ្មីដែលមានឱកាសការងារតិចតួច។
ដូចអ្នកស្រី ចាំ ស ដែរ គ្រួសារជាច្រើនមានប្លង់ទន់ ដែលត្រូវបានទទួលស្គាល់នៅថ្នាក់មូលដ្ឋាន។
លោក ស៊ាង សុខជា អាយុ៣២ឆ្នាំ បានខ្ចីប្រាក់ចំនួន៥ ០០០ ដុល្លារពីធនាគារអេស៊ីលីដា បាននិយាយថា ស្ទើរតែគ្រប់ផ្ទះទាំងអស់ខ្ចីប្រាក់ពីធនាគារ។
លោកបន្ថែមថា៖ «ចាប់តាំងពីមានការបណ្ដេញចេញ ស្ថាប័នមីក្រូហិរញ្ញវត្ថុនៅស្ងៀម។ ថ្មីៗនេះ មិនឃើញពួកគេមកទីនេះឡើយ»។
ប្រជាពលរដ្ឋថា បុគ្គលិកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលមានដូចជា ធនាគារអេស៊ីលីដា ធនាគារអិលអូអិលស៊ី (LOLC) និងប្រាសាក់ ដើរពីផ្ទះមួយទៅផ្ទះមួយ នៅជុំវិញតំបន់ឧទ្យានអង្គរ ដោយផ្តល់ព័ត៌មានអំពីប្រាក់កម្ចីតាមទំហំផ្ទះនិងដី។ វីអូឌី បានសម្ភាសជាមួយមនុស្ស ៤នាក់ ដែលមានប្រាក់កម្ចីចាប់ពី ១ ៥០០ដុល្លារ ដល់ ១៥ ០០០ដុល្លារ ហើយពួកគាត់បាននិយាយថា ពួកគាត់មានសាច់ញាតិ និងអ្នកជិតខាងដែលមានប្រាក់កម្ចីរហូតដល់ ៤០ ០០០ដុល្លារ។
ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ «លឿង [ប្រជាពលរដ្ឋអាចស្ម័គ្រចិត្តចាកចេញ]» នៃតំបន់អង្គរ បាននិយាយថា បុគ្គលិកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ នៅតែចុះមកក្នុងសហគមន៍ នៅពាក់កណ្តាលខែមករា។ អ្នកដែលស្ថិតក្នុងតំបន់ «ក្រហម» បច្ចុប្បន្នកំពុងត្រូវបានបណ្តេញចេញ បាននិយាយថា ម្ចាស់បំណុលលែងផ្សព្វផ្សាយអំពីប្រាក់កម្ចីថ្មី ប៉ុន្តែមិនបានពន្យល់ពីអ្វីដែលអាចកើតឡើងចំពោះបំណុលដែលមានស្រាប់របស់ពួកគាត់ឡើយ។
អ្នកនាំពាក្យអាជ្ញាធរអប្សរា លោក ឡុង កុសល អះអាងថា មិនបានដឹងពីប្រវត្តិប្រាក់កម្ចីនៅក្នុងឧទ្យាននេះទេ។ លោកបានបន្តថា ជាប្រវត្តិសាស្ត្រ ប្រជាពលរដ្ឋត្រូវបានអនុញ្ញាតឱ្យរស់នៅលើដីអប្សរា និងអាចប្រកបអាជីវកម្មនៅទីនោះ ពួកគេមិនអាចប្រើប្រាស់ដី ដើម្បីខ្ចីប្រាក់ពីធនាគារឡើយ។
លោកថ្លែងថា៖ «ខ្ញុំចង់បញ្ជាក់ថា អ្នកមិនអាចយកដីរដ្ឋដាក់ជាទ្រព្យធានាបានទេ។ ប៉ុន្តែពាក់ព័ន្ធនឹងករណីទាំងនេះ ខ្ញុំមិនដឹងទេ»។
ប្រជាពលរដ្ឋដែលផ្លាស់មកពីឧទ្យានអង្គរ កំពុងតែមមាញឹកក្នុងការសាងសង់ផ្ទះ ជីកអណ្តូង និងដាំបង្គោលឈើចងខ្សែភ្លើងនៅតំបន់រុនតាឯក ដែលគេសន្យាថានឹងផ្តល់ប្លង់រឹង ក្នុងទំហំដី ២០ គុណ ៣០ ម៉ែត្រ ប៉ុន្តែពួកគាត់មិនទាន់បានទទួលប្លង់នោះនៅឡើយ។
អ្នកស្រី សួន ច័ន្ទរស្មី ជាប្រជាពលរដ្ឋម្នាក់ដែលបានផ្លាស់ទីលំនៅមករស់នៅរុនតាឯកនេះដែរ កំពុងរៀបចំប្រព័ន្ធអណ្តូងនៅជុំវិញដីថ្មីរបស់អ្នកស្រី។ កាលពី៣ឆ្នាំមុន អ្នកស្រីបានខ្ចីប្រាក់ចំនួន១៥ ០០០ដុល្លារពីប្រាសាក់ ដោយដាក់ជាទ្រព្យធានានូវដីអប្សរាចំនួនពីរកន្លែងដែលអ្នកស្រីកាន់កាប់។
អ្នកស្រីបានយកប្រាក់នេះទៅសង់ផ្ទះទីពីរនៅកន្លែងផ្សេងទៀតនៅក្បែរអង្គរធំ ប៉ុន្តែឥលូវនេះ អ្នកស្រីបានផ្អាកសាងសង់ ព្រោះការបណ្ដេញចេញកំពុងដំណើរការ។ អ្នកស្រីបន្តថា អតីតអ្នកជិតខាងរបស់អ្នកស្រី នៅភូមិខ្វៀន ឃុំគោកចក ភាគច្រើនស្ថិតក្នុងស្ថានភាពដូចគ្នា។
អ្នកស្រីបន្តថា អ្នកស្រីបង់ប្រាក់ចំនួន ៣០៨ដុល្លារក្នុងមួយខែ ហើយនៅសល់សរុបចំនួន ១២ ៤០០ដុល្លារទៀត។
អ្នកស្រីបន្ថែមថា៖ «យើងជំពាក់គេ មិនថាមានរឿងអ្វីទេ យើងត្រូវបង់គេឱ្យគ្រប់។ ជាការងាយស្រួលសម្រាប់យើងក្នុងការខ្ចីប្រាក់ ប៉ុន្តែយើងត្រូវសងវិញ»។
ឧស្សាហកម្មមីក្រូហិរញ្ញវត្ថុនៅកម្ពុជា បានប្រឈមមុខនឹងការត្រួតពិនិត្យកាន់តែច្រើនឡើងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ខណៈក្រុមសិទ្ធិមនុស្ស និងអ្នកសារព័ត៌មាន បានចងក្រងឯកសារស្តីពីការរំលោភបំពានជាប្រព័ន្ធដោយអ្នកផ្តល់ប្រាក់កម្ចីខ្នាតតូច រួមទាំងការបង្ខំឱ្យលក់ផ្ទះ ឬដីរបស់កូនបំណុល។ គិតត្រឹមដំណាច់ឆ្នាំ២០២១ ប្រជាពលរដ្ឋកម្ពុជាមានប្រាក់កម្ចីខ្នាតតូចប្រហែល ១៤,៤ ពាន់លានដុល្លារ។ នេះបើយោងតាមអង្គការសិទ្ធិមនុស្សលីកាដូ។
អង្គការសហប្រជាជាតិ បានរាយការណ៍ថា ប្រជាពលរដ្ឋកម្ពុជាបង់ប្រាក់កម្ចីប្រហែល១៨២ដុល្លារក្នុងមួយខែ ដោយដាក់ដីជាទ្រព្យធានាជាទូទៅ។
លោកស្រី ណាលី ភីឡូហ្គ (Naly Pilorge) នាយកផ្នែកផ្សព្វផ្សាយរបស់អង្គការលីកាដូ មានប្រសាសន៍ថា៖ «គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅក្នុងប្រទេស យកប្លង់ទន់ជាទ្រព្យធានា ក្នុងនោះមានប្លង់ដែលត្រួតស៊ីគ្នាលើដីផ្សេងទៀត ដូចជា ដីសហគមន៍ជនជាតិដើមភាគតិច ជាដើម»។
លោកស្រីបន្តថា៖ «ស្ថានភាពផ្លូវច្បាប់នៃបណ្ណកម្មសិទ្ធិដីធ្លី ច្រើនតែមិនពាក់ព័ន្ធនឹងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទេ ព្រោះគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដាក់សម្ពាធលើកូនបំណុលឱ្យលក់ដីក្រៅប្រព័ន្ធច្បាប់ ឬចាត់វិធានការធ្ងន់ធ្ងរផ្សេងទៀត ដូចជាពលកម្មកុមារ»។
លោកស្រីបន្តថា៖ «នេះជាមូលហេតុដែលបណ្ណកម្មសិទ្ធិដីធ្លីទាំងអស់ត្រូវប្រគល់ជូនកូនបំណុលវិញ ដើម្បីធានាថា ការរំលោភបំពានទាំងនេះនឹងមិនកើតឡើង»។
លោក កាំង តុងងី ប្រធានផ្នែកទំនាក់ទំនង នៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (Cambodia Microfinance Association) បានទទួលស្គាល់ថា ប្រជាពលរដ្ឋដែលរស់នៅលើដីរដ្ឋក្នុងឧទ្យានបុរាណវិទ្យាអង្គរ បានទទួលកម្ចីមីក្រូហិរញ្ញវត្ថុ ដោយបន្ថែមថា សំណួររបស់អ្នករាយការណ៍ព័ត៌មានហាក់ដូចជាបង្ហាញឱ្យឃើញថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមានបំណងចង់យកទ្រព្យធានារបស់ប្រជាពលរដ្ឋ ប៉ុន្តែមិនដូច្នេះទេ។
លោកបន្ថែមថា៖ «មីក្រូហិរញ្ញវត្ថុ យកទ្រព្យធានាដើម្បីរម្លឹកប្រជាពលរដ្ឋឱ្យដឹងថា ពួកគាត់មានកាតព្វកិច្ចក្នុងការសងប្រាក់កម្ចី»។
ការសិក្សាឆ្នាំ២០២២ ដែលទទួលបានមូលនិធិពីក្រសួងសហព័ន្ធសម្រាប់កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ប្រទេសអាល្លឺម៉ង់ បានសន្និដ្ឋានថា ពលរដ្ឋកម្ពុជាប្រហែល ១៦៧ ០០០គ្រួសារ ត្រូវបានបង្ខំឱ្យលក់ដីក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ ដោយសារតែបំណុល។
លោក កាំង តុងងី បានការពារកម្ចីនៅតំបន់អង្គរ ដោយលើកហេតុផលថា ធនាគារធំៗមិនអនុញ្ញាតឱ្យប្រជាពលរដ្ឋខ្ចីប្រាក់ដោយដាក់ដីអប្សរាជាទ្រព្យធានាឡើយ។ ធនាគារស្ថាបនា, អិលអូអិលស៊ី (LOLC), អេស៊ីលីដា និងប្រាសាក់ មិនបានឆ្លើយតបនឹងសំណើសុំការអត្ថាធិប្បាយឡើយ។
លោក កាំង តុងងី មានប្រសាសន៍ថា៖ «មីក្រូហិរញ្ញវត្ថុ មានហានិភ័យក្នុងការផ្តល់កម្ចីដល់ប្រជាពលរដ្ឋ បើមិនដូច្នេះទេ ប្រជាពលរដ្ឋនឹងមិនអាចប្រកបអាជីវកម្មបានទេ។ ប្រសិនបើមីក្រូហិរញ្ញវត្ថុ និងធនាគារ មិនផ្តល់ប្រាក់កម្ចីដល់ប្រជាពលរដ្ឋ តើប្រជាពលរដ្ឋនឹងធ្វើអ្វី? ទីមួយ គាត់នឹងមិនមានលុយសម្រាប់ប្រកបអាជីវកម្ម ហើយទីពីរ ពួកគាត់អាចនឹងខ្ចីប្រាក់ពីអ្នកដទៃ»។
ខណៈប្រជាពលរដ្ឋដែលត្រូវបានបណ្តេញចេញទៅតាំងទីលំនៅថ្មី នៅរុនតាឯក ការផ្តល់ប្រាក់កម្ចីថ្មីអាចចាប់ផ្តើមជាថ្មីក្នុងពេលឆាប់ៗនេះ។ កាលពីខែកញ្ញា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអំពាវនាវឱ្យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ផ្តល់កម្ចីដែលមានការប្រាក់ទាបដល់ប្រជាពលរដ្ឋដែលតាំងទីលំនៅថ្មី។
ត្រលប់មកនិយាយអំពីអ្នកស្រី ចាំ ស វិញ ជាអ្នកដែលបានខ្ចីប្រាក់ពីរដងក្នុងរយៈពេលពីរទសវត្សរ៍កន្លងមកដើម្បីសង់ផ្ទះបាននិយាយថា អ្នកស្រីមិនចង់ខ្ចីប្រាក់ថែមទៀតឡើយ ប្រសិនបើអ្នកស្រីត្រូវបណ្តេញចេញ។ ក្រោយពីបង់អស់រយៈពេល១០ឆ្នាំ អ្នកស្រីនៅតែជំពាក់ធនាគារស្ថាបនា នូវការប្រាក់ចំនួន ១ ០០០ដុល្លារ។
អ្នកស្រីបន្តថា៖ «ប្រសិនបើយើងទៅទីនោះ [រុនតាឯក] យើងនឹងមិនអាចរកស៊ីបានឡើយ។ តើយើងអាចបង់ប្រាក់កម្ចីដោយរបៀបណា?»៕
បកប្រែនិងសម្រួលចេញពីអត្ថបទដើមភាសាអង់គ្លេស៖ https://vodenglish.news/everyone-has-loans-mfis-used-angkor-land-as-collateral-for-years/