កំពង់ធំ៖ ជនជាតិដើមភាគតិចកួយ នៅតំបន់ក្បិតចង្ហូរខ្នារ ឃុំងន ស្រុកសណ្ដាន់ ខេត្តកំពង់ធំ មានប្រពៃណីចូលព្រៃចៀរជ័រ ដងជ័រ បោចវល្លិ ធ្វើចន្លុះ កាប់បន្លែព្រៃ ជីករំដេង រកមើមចិន ដកផ្សិត ជីកដំឡូង កាប់សោម ច្រូតស្បូវ បេះផ្លែឈើព្រៃ ដូចជា ផ្លែគុយ សុគង់ រំដួល និងរកអនុផលព្រៃឈើជាច្រើនទៀត ដើម្បីយកទៅលក់។ ពួកគាត់ក៏មានទំនៀមទម្លាប់កាប់ចម្ការវិលជុំ ចែករំលែកចំណីអាហារគ្នា ដោយមិនមានការលក់ដូរ និងមានការជួយគ្នាទៅវិញទៅមក នៅពេលអ្នកភូមិមានបញ្ហាអ្វីមួយ ឬមានពិធីរៀបអាពាហ៍ពិពាហ៍ ជាដើម។
ចំណែកឯទំនៀមទម្លាប់និងជំនឿវិញ មុនពេលកាប់ចម្ការ កាប់ព្រៃ ឬដុតព្រៃ ជនជាតិដើមភាគតិចកួយ តែងតែមានការសែនព្រេន និងអុជធូបសុំការអនុញ្ញាតពីអ្នកតាថែរក្សាព្រៃទាំងនោះ។ ពេលឈឺដោយប្រការណាមួយ ពួកគាត់តែងបន់ស្រន់ ឬបញ្ចូលរូប។ ពេលដឹងហេតុការណ៍ណាមួយ ចាស់ទុំក្នុងភូមិតែងរៀបចំការសែនព្រេន ដោយមានមាន់ ឬពងមាន់ ឬស្រា ឬទឹកក្រូច ឬកំប៉ាង(ប្រាក់) ទៅតាមការចង់បានរបស់អ្នកតា។ ជនជាតិដើមភាគតិចកួយ តែងតែធ្វើពិធី “ឡើងអ្នកតា” នៅខែមាឃ ហើយនេះគឺជាជំនឿតាំងពីបរមបុរាណ។
តែយ៉ាងណា ប្រពៃណី ទំនៀមទម្លាប់ និងចម្ការវិលជុំរបស់ជនជាតិដើមភាគតិចនៅឃុំងន កំពុងប្រឈមនឹងការបាត់បង់ ដោយសារតែការបាត់បង់ព្រៃឈើ និងការគំរាមកំហែងពីការឈូសឆាយដីពីសំណាក់ក្រុមវិនិយោគផងដែរ។
ការប្រឈមរបស់ជនជាតិដើមភាគតិចកួយក្នុងឃុំងន
ឈរនៅក្នុងព្រៃជំនឿ មុខខ្ទមអ្នកតា ដែលមានដើមជ្រៃយ៉ាងធំមួយដើមដុះនៅក្បែរ អមដោយដើមឈើតូចធំជាច្រើនទៀត អ្នកស្រី ហេង សាភេន ជាជនជាតិដើមភាគតិចកួយ និងជាអនុប្រធានសហគមន៍ជនជាតិដើមភាគតិចកួយ ភូមិងន បានឱ្យដឹងថា ជំនឿរបស់ជនជាតិដើមភាគតិច គឺការគោរពព្រៃ ភ្នំ អូរ ជ្រោះ និងអារក្សអ្នកតា ជាដើម។
ប៉ុន្តែអ្នកស្រី ហេង សាភេន អះអាងថា បច្ចុប្បន្ននេះ ទាំងព្រៃឈើ ទាំងអូរ និងអនុផលព្រៃឈើ បានបាត់បង់ស្ទើរតែអស់ទៅហើយ ដោយទាំងប្រពៃណី ទំនៀមទម្លាប់ និងជំនឿរបស់ជនជាតិដើមភាគតិចផង ព្រោះតែការវិនិយោគរបស់ក្រុមហ៊ុនឯកជន។
មានអាយុ៥៣ឆ្នាំ និងមានកូន៥នាក់ សព្វថ្ងៃនេះ អ្នកស្រី សាភេន ប្រកបរបរធ្វើចម្ការ ដាំស្រូវ ដំឡូង និងដាំស្វាយចន្ទីតិចតួច។ អ្នកស្រីថា គ្រួសារគាត់នឹងមិនអាចមានជីវភាពរីកចម្រើនទៅមុខបានឡើយ ព្រោះដីរបស់គាត់បាននិងកំពុងមានទំនាស់ជាមួយក្រុមហ៊ុន «សម្បត្តិផ្លេធីណឹម (SAMBATH PLANTINUM Co.,LTD)» អស់រយៈពេលប្រមាណ១០ឆ្នាំមកហើយ។
រឿងរ៉ាវទំនាស់ដីធ្លីមានលក្ខណៈស្មុគស្មាញ ដែលបានអូសបន្លាយអស់ជាច្រើនឆ្នាំ មិនទាន់បានដោះស្រាយចប់សព្វគ្រប់ផង រឿងរំលោភដីចម្ការវិលជុំ និងព្រៃជំនឿ បានកើតករណីថ្មីបន្ថែមទៀត។ អ្នកស្រី ហេង សាភេន ចោទក្រុមហ៊ុន សម្បត្តិផ្លេធីណឹម ថាបានលួចបោះបង្គោលព្រំ ចូលដីចម្ការវិលជុំ និងព្រៃជំនឿរបស់សហគមន៍ជនជាតិដើមភាគតិច ដោយបំពានច្បាប់។
អ្នកស្រីបញ្ជាក់៖ «សូម្បីតែដីព្រៃជំនឿ ក៏គេបោះបង្គោលពាក់កណ្ដាលព្រៃដែរ ប៉ុន្តែគេមិនទាន់ឈូសឆាយទេ។ ទាំងដីចម្ការវិលជុំ និងព្រៃជំនឿ យើងរកឃើញបង្គោល៦កន្លែង។ យើងរកឃើញប៉ុណ្ណឹង ប៉ុន្តែមិនដឹងថាគេបោះកន្លែងផ្សេងទៀត ដែលយើងមិនបានឃើញឬយ៉ាងណាទេ»។
អនុប្រធានសហគមន៍ជនជាតិដើមភាគតិចភូមិងន អ្នកស្រី ហេង សាភេន អះអាងថា បង្គោលចំនួន៦ ដែលក្រុមហ៊ុន សម្បត្តិផ្លេធីណឹម បានលួចបោះចូលដីរបស់សហគមន៍ជនជាតិដើមភាគតិចនោះ មានបង្គោលលេខ ០១៣, ០១០, ០៩, ០៦, ០៤, និង ០១។ អ្នកស្រីមិនបានដឹងឡើយថា ការបោះបង្គោលនោះចូលដីសហគមន៍ប៉ុន្មានម៉ែត្រ ព្រោះសហគមន៍មិនបានវាស់គ្រប់បង្គោល។ ទោះជាយ៉ាងណា អ្នកស្រីថា សហគមន៍បានវាស់បង្គោល ០១៣ (បង្គោលខាងចុងគេ) ដោយមានចម្ងាយ១ ៤០០ម៉ែត្រ ពីព្រំដែលក្រុមហ៊ុនកាយជាប្រឡាយ (ព្រំទទួលស្គាល់ទាំងសងខាង)។ យ៉ាងណា អ្នកស្រី សាភេន ថាបង្គោលទាំង៦នោះមានខ្លះឆ្ងាយ ហើយខ្លះជិត។
អ្នកស្រីបន្ថែមថា៖ «ពេលក្រុមហ៊ុនលួចបោះបង្គោលព្រំ ពួកយើងបានតេ[ហៅទូរសព្ទ]ទៅអាជ្ញាធរភូមិឃុំ តែគេថាមិនដឹងដែរ។ ខ្ញុំថា បើឃុំមិនដឹង សហគមន៍នឹងដឹកបង្គោលនោះយកទៅឱ្យក្រុមហ៊ុនវិញ ប៉ុន្តែអាជ្ញាធរថា កុំឱ្យទៅប៉ះពាល់របស់គេ។ ពេលប្រជុំក្រុមប្រឹក្សាឃុំ ខ្ញុំតែងតែលើកអំពីការបោះបង្គោលព្រំរបស់ក្រុមហ៊ុន ប៉ុន្តែអាជ្ញាធរភូមិឃុំថាវាហួសពីសមត្ថភាពរបស់គាត់ ហើយគេប្រាប់ឱ្យខ្ញុំទៅថ្នាក់លើទៀត។ ក្នុងច្បាប់ មុននឹងវិនិយោគ អាជ្ញាធរភូមិឃុំ និងប្រជាពលរដ្ឋ ត្រូវដឹងពេញលេញ ទើបអាចវិនិយោគបាន ប៉ុន្តែនេះ ពួកខ្ញុំមិនបានដឹងឡើយ»។
ស្របពេលដែលមានបញ្ហាដីធ្លីនេះ អ្នកស្រីស្នើអាជ្ញាធរពន្លឿនការចុះបញ្ជីដីសមូហភាពឱ្យជនជាតិដើមភាគតិចឱ្យបានឆាប់ ដើម្បីឱ្យពួកគេអាចការពារព្រៃដែលនៅសល់បន្ដិចបន្តួចនោះទុកសម្រាប់កូនចៅជំនាន់ក្រោយ។
សមាជិកគណៈកម្មការសហគមន៍ជនជាតិដើមភាគតិចកួយភូមិងន អ្នកស្រី រស់ គាល វ័យ៤៣ឆ្នាំ ក៏បានបង្ហាញពីក្ដីបារម្ភរបស់ខ្លួន ចំពោះការបាត់បង់ព្រៃ និងដីចម្ការវិលជុំរបស់សហគមន៍ជនជាតិដើមភាគតិចដែរ។ អ្នកស្រី គាល មានមុខរបរដាំស្វាយចន្ទី ដាំដំឡូង កាប់ចុងសោម រកក្រែក ជីករំដេង បោចមើមចិន និងកាប់ឈ្ន យកទៅលក់។ ប៉ុន្តែអ្នកស្រីថា បច្ចុប្បន្ន មុខរបរនេះកាន់តែខ្សត់ពីមួយថ្ងៃទៅមួយថ្ងៃ។
អ្នកស្រីត្អូញត្អែរដូច្នេះថា៖ «តាំងពីក្រុមហ៊ុនចូលមកវិនិយោគទុន ជនជាតិដើមភាគតិចកួយ[ជួប]ទុក្ខលំបាកច្រើន រកអ្វីមិនបានទេ។ ទៅដើររកមួយថ្ងៃ ជួនកាលយកទៅលក់មិនបាន២ម៉ឺនផង។ ថ្ងៃខ្លះ១ម៉ឺន[រៀល]សឹងមិនបាន។ ប៉ុន្តែពីមុន ១ថ្ងៃបានប្រហែល៤ទៅ៥ម៉ឺន[រៀល]។ ទៅរកចុងសោម ក្រុមហ៊ុនមិនឱ្យចូល ព្រោះជាអូរក្នុងដីក្រុមហ៊ុន [ក្រុមហ៊ុន ទ្រីភាព, លីហួរ, ទេពីអាក្រូ] យើងអាចចូលបាន ទាល់តែមានអត្តសញ្ញាណបណ្ណ។ កាលពីមុនមានព្រៃច្រើន យើងអាចធ្វើស្រូវបាន។ ប៉ុន្តែពេលនេះមិនមានព្រៃទៀត ដូច្នេះយើងត្រូវធ្វើចម្ការលើដីរេចរឹលដដែលៗ»។
ស្ត្រីរាងខ្ពស់ស្រឡះ និងមានកូន៤នាក់ក្នុងបន្ទុករូបនេះ សំណូមពរដល់អាជ្ញាធរពាក់ព័ន្ធទាំងអស់ដោះស្រាយដីរបស់ពួកគាត់ជាមួយក្រុមហ៊ុនឱ្យដាច់ស្រឡះ ហើយទុកដីរបស់សហគមន៍ដែលអាស្រ័យផលជាក់ស្ដែងឱ្យជនជាតិដើមភាគតិចវិញ។
អ្នកស្រីបន្ថែមថា៖ «ពួកយើងមិនមានអ្វីទីពឹង ក្រៅតែពីដី និងព្រៃទាំងនោះឡើយ។ ដីនិងព្រៃរបស់ពួកយើងប៉ុនណាំ ក៏ទុកឱ្យពួកយើងប៉ុណ្ណោះ ហើយសុំឱ្យពន្លឿនការចេញប្លង់កាន់កាប់ដីធ្លីឱ្យពួកយើង។ បើគេយកដីអស់ យើងមិនដឹងទៅណាបាន យើងរស់នឹងដី ស្លាប់ក៏នឹងដី ដូច្នេះពួកយើងត្រូវតែតស៊ូ»។
របាយការណ៍នៅឆ្នាំ២០២២ ស្ដីពីស្ថានភាពសហគមន៍ជនជាតិដើមភាគតិចកួយ នៅភូមិក្បិតចង្ហូរខ្នារ ឃុំងន ស្រុកសណ្ដាន់ ខេត្តកំពង់ធំ បានឱ្យដឹងថា ជនជាតិដើមភាគតិចកួយ ជាង១០០គ្រួសារ បានរស់អាស្រ័យផលតាមរបៀបប្រពៃណីជនជាតិដើមភាគតិច លើព្រៃឈើសហគមន៍ជនជាតិដើមភាគតិចកួយក្បិតចង្ហូរខ្នារ តាំងពីឆ្នាំ១៩៧៩ រហូតមកដល់បច្ចុប្បន្ននេះ។
របាយការណ៍ដដែលបន្តថា សហគមន៍នេះបានចុះបញ្ជីទទួលស្គាល់ស្វ័យអត្តសញ្ញាណជនជាតិដើមភាគតិចកួយ ដោយក្រសួងអភិវឌ្ឍន៍ជនបទ នៅឆ្នាំ២០១៦ និងក្រសួងមហាផ្ទៃ នៅឆ្នាំ២០១៧ ដោយសហគមន៍នេះមានផ្ទៃដីប្រមាណ១ ០០០ហិកតា ហើយពេលនេះ ក្រុមហ៊ុនបានឈូសឆាយអស់ប្រហែល៧០០ហិកតាទៅហើយ។
យុវជនជនជាតិដើមភាគតិចកួយ លោក ឃុត សុន រស់ក្នុងសហគមន៍ក្បិតចង្ហូរខ្នារ ឃុំងន ក៏មើលឃើញដែរថា ការបាត់បង់ព្រៃ នឹងធ្វើឱ្យជនជាតិដើមភាគតិចបាត់អត្តសញ្ញាណដែរ ដ្បិតអីមិនមានចម្ការវិលជុំ និងមិនមានព្រៃរកអនុផលសម្រាប់ចិញ្ចឹមជីវិត។ លោកបន្តថា ការកាប់ចម្ការវិលជុំរបស់ជនជាតិដើមភាគតិច តាំងតែពីបុរាណរហូតដល់បច្ចុប្បន្ន មិនធ្វើឱ្យអន្តរាយព្រៃឡើយ ប៉ុន្តែការវិនិយោគរបស់ក្រុមហ៊ុនទៅវិញទេ ដែលធ្វើឱ្យព្រៃវិនាស។
យុវជន ឃុត សុន និយាយថា៖ «ក្រុមហ៊ុនសម្អាតព្រៃទាល់តែស្អាតភ្លឹង ដែលមិនអាចឱ្យព្រៃដុះឡើងវិញបាន ទើបគេដាំកៅស៊ូ ឬដំណាំផ្សេងៗ។ ខ្ញុំសុំឱ្យការអភិវឌ្ឍរបស់រដ្ឋាភិបាលនៅតំបន់ជនជាតិដើមភាគតិច កំណត់ព្រំដីឱ្យបានច្បាស់លាស់ កុំឱ្យមានការរំលោភបំពានដីជាបន្តបន្ទាប់ទៀត។ ខ្ញុំមិនចង់ឱ្យមានការអភិវឌ្ឍនៅតំបន់ជនជាតិដើមភាគតិចទេ មិនថាតែនៅតំបន់របស់ខ្ញុំ ឬតំបន់ណាក៏ដោយ ព្រោះតែមានការឈូសឆាយព្រៃ នាំឱ្យបាត់អត្តសញ្ញាណរបស់ពួកយើង»។
បើតាមវីដេអូឯកសាររបស់គម្រោងរេដបូកកម្ពុជា-កូរ៉េ “គម្រោងរេដបូកទំរីង” បានឱ្យដឹងថា ខេត្តកំពង់ធំ មានផ្ទៃដី៤០ភាគរយជាដែនជម្រកសត្វព្រៃព្រៃឡង់ ដែលជាផ្នែកមួយដ៏សំខាន់នៃតំបន់អភិរក្សជីវចម្រុះឥណ្ឌូភូមា។ ព្រៃនេះមានសមត្ថភាពផ្ទុកសន្និធិកាបូនរហូតដល់៣៧១,៨៩តោន សមមូលឧស្ម័នកាបូនិកក្នុង១ហិកតា។ ខេត្តកំពង់ធំ ក៏ស្ថិតនៅក្នុងចំណោមតំបន់ផ្សេងទៀតនៅលើផែនដី ដែលកំពុងរងនូវការគំរាមកំហែង ដោយសារការថយចុះនៃគម្របព្រៃឈើនិងជីវចម្រុះ ដែលអត្រាបាត់បង់ព្រៃឈើពីឆ្នាំ២០១០ដល់ឆ្នាំ២០១៤ មានរហូតដល់ចំនួន៣,២៨ភាគរយ។
ប្រភពដដែលបន្តថា មូលហេតុចម្បងដែលនាំឱ្យមានការបាត់បង់ព្រៃឈើនេះ គឺបណ្ដាលមកពីការប្រែដីព្រៃទៅជាដីកសិកម្មខ្នាតតូចនិងធំ ការកាប់រាន ដុតឈូសឆាយដីព្រៃខុសច្បាប់ ការកាប់ឈើខុសច្បាប់ ការដកហូតឈើធ្វើឧសនិងធ្យូងហួសប្រមាណ និងភ្លើងឆេះព្រៃ។
ប្រភពដដែលបានព្យាករថា ការបាត់បង់និងរេចរឹលព្រៃឈើនឹងបន្តកើតឡើងនាពេលខាងមុខទៀត ប្រសិនបើមិនមានវិធានការសមស្របណាមួយដើម្បីទប់ស្កាត់ ដែលការនេះនឹងជះឥទ្ធិពលដល់ជីវចម្រុះ និងជីវភាពរស់នៅរបស់សមាជិកសហគមន៍។
ក្នុងវ័យជិត៩០ឆ្នាំ លោក កុច លី ជាចាស់ទុំជនជាតិដើមភាគតិចកួយ មិនចង់ឱ្យមានការវិនិយោគណាមួយដែលបំផ្លាញព្រៃឈើក្នុងសហគមន៍នេះទេ។ មានមុខរបរជាអ្នកក្រងត្រក បុរសវ័យចំណាស់រូបនេះនិយាយថា បច្ចុប្បន្ន វល្លិឈ្នកាន់តែខ្សត់ ព្រោះព្រៃឈើក្នុងតំបន់នោះត្រូវបានក្រុមហ៊ុនឈូសឆាយអស់។
មានផ្ទៃមុខស្រងូត ហាក់អាឡោះអាល័យនឹងជីវភាពកាលអតីតកាល បុរសដែលប្រកបរបរក្រងត្រកតាំងពីសម័យសង្គមរាស្ត្រនិយមរូបនេះ និយាយថា បើទោះបីពីដើមមក គ្រួសារគាត់មានជីវភាពក្រខ្សត់ ប៉ុន្តែក៏អាចរកអាហារទទួលទានបានគ្រប់គ្រាន់និងងាយស្រួល។ ងាយស្រួលក៏ព្រោះថា លោកអាចរកផលអនុផលព្រៃឈើ យកមកធ្វើជាអាហារបានដោយមិនខ្វះ។
លោក លី រំលឹកថា៖ «ពីបរមបុរាណមក គេកាប់ចម្ការមែន ប៉ុន្តែវាមិនពាយព្រៃទេ កាប់ត្រង់ណាក៏វាដុះឡើងមកវិញ! ដាំពោត ដាំស្រូវ ដាំសណ្ដែក បានស៊ីចុកនោះឯង។ ប៉ុន្តែសព្វថ្ងៃ ពាយដោយសារតែក្រុមហ៊ុនឈូសឆាយនោះឯង។ សព្វថ្ងៃ ដីក្រុមហ៊ុនអស់ហើយ កុំដើរ។ បើពីមុន សុទ្ធតែព្រៃធំៗ សត្វព្រៃក៏ច្រើន ហូបមិនខ្វះទេ។ បាត់ព្រៃនោះ វាបាត់អត្តសញ្ញាណហើយ។ ពីដើម អត់ឃ្លានយ៉ាងណា ក៏ព្រឹកនេះទៅរកជ័រចុង ព្រឹកនេះទៅដងជ័រ យកទៅលក់ ទៅដូរអង្ករ ដូរសាច់ ហូបចុក។ សព្វថ្ងៃទៅដងអី? ទៅរកជ័រអី? មិនចេះតែបានទេ។ ដើរព្រៃរកអណ្ដើក រកត្រកួត ក៏មិនចេះតែបាន វាពាយអស់បាត់ទៅហើយសព្វថ្ងៃនេះ បើព្រៃវាអស់ទៅហើយ»។
បើតាមចាស់ទុំក្នុងភូមិរូបនេះ ដោយសារតែការបាត់បង់ព្រៃឈើ ក្មេងៗជនជាតិដើមភាគតិចកួយខ្លះបានភ្លេចអត្តសញ្ញាណរបស់ខ្លួនទៅហើយ ខណៈយុវជនខ្លះត្រូវចំណាកស្រុកទៅធ្វើការជាកម្មករនៅប្រទេសថៃ ហើយក្មេងៗជំនាន់ក្រោយក៏ប្រឈមនឹងការបោះបង់ចោលការសិក្សាផងដែរ ព្រោះតែជីវភាពខ្វះខាត។
ការស្វែងរកដំណោះស្រាយរបស់ក្រសួងស្ថាប័នពាក់ព័ន្ធ
វីអូឌី បានទាក់ទងទៅលោក ផាន ជាតំណាងក្រុមហ៊ុន សម្បត្តិផ្លេធីណឹម ដើម្បីសុំការបញ្ជាក់ ជុំវិញការលើកឡើងរបស់ប្រជាសហគមន៍ជនជាតិដើមភាគតិចនៅឃុំងននេះដែរ ប៉ុន្តែលោកបដិសេធឆ្លើយតប ដោយប្រាប់ថាមានធុរៈផ្ទាល់ខ្លួន។
ចំណែកមេឃុំងន លោក សិត ភូយ ថ្លែងថា ការអភិវឌ្ឍក្នុងប្រទេសនីមួយៗតែងតែមានការប៉ះពាល់ខ្លះ ដោយចៀសមិនរួច។ លោកថា រដ្ឋាភិបាលផ្ដល់ដីឱ្យក្រុមហ៊ុនអភិវឌ្ឍ គឺដើម្បីឱ្យពលរដ្ឋក្នុងតំបន់មានការរីកចម្រើន។
លោកបញ្ជាក់ថា៖ «ការប៉ះពាល់ចៀសមិនផុត ប៉ុន្តែអាជ្ញាធរថ្នាក់ក្រោមជាតិ ក៏ខំប្រឹងប្រែងដោះស្រាយជូនពលរដ្ឋដែរ។ ការអភិវឌ្ឍធ្វើឱ្យមានការប្រែប្រួល ទំនៀមទម្លាប់របស់គាត់ [ជនជាតិដើមភាគតិច] ដើម្បីបន្សាំជីវិតទៅតាមការរីកចម្រើនរបស់សង្គមជាតិ»។
ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ធំ លោក ប៉ែន វណ្ណារិទ្ធ មានប្រសាសន៍ថា មន្ទីរបានដោះស្រាយរឿងទំនាស់ដីចម្ការវិលជុំ និងដីព្រៃរវាងជនជាតិដើមភាគតិច ជាមួយក្រុមហ៊ុន បានច្រើនជំហានហើយ។ លោកអះអាងថា ថ្នាក់ខេត្តនឹងបង្កើតក្រុមការងារចុះទៅដោះស្រាយទំនាស់នោះ ដោយនឹងកាត់ដីដែលជនជាតិដើមភាគតិចកំពុងធ្វើឬអាស្រ័យផល ឱ្យទៅជនជាតិដើមភាគតិចវិញ។
ទោះជាយ៉ាងណា លោកថា ការងារនោះមិនអាចកំណត់ពេលវេលាជាក់លាក់ថានឹងបញ្ចប់នៅពេលណាបានឡើយ ដោយអាស្រ័យលើការចូលរួមពីជនជាតិដើមភាគតិចផ្ទាល់។
លោក វណ្ណារិទ្ធ ពន្យល់បន្ថែមថា៖ «ការងារមិនអាចកំណត់ថារយៈពេលប៉ុន្មានច្បាស់លាស់ទេ សំខាន់រឿងពួកគាត់ចូលរួម។ ថ្ងៃមុន ខ្ញុំបានទៅប្រជុំ ខ្ញុំបានជម្រាបពួកគាត់រួចហើយ ឱ្យពួកគាត់ត្រៀមលក្ខណៈចូលរួមជាមួយក្រុមការងារ ទៅពិនិត្យជាក់ស្ដែងជាមួយគ្នា ថាដីណាគាត់កំពុងអាស្រ័យផល ហើយយើងនឹងដាក់របាយការណ៍ជូនថ្នាក់ដឹកនាំខេត្ត ដែលជាប្រធានគណៈកម្មការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត»។
ចំណែកលោក នេត្រ ភក្ត្រា អ្នកនាំពាក្យក្រសួងបរិស្ថាន មានប្រសាសន៍ថា ពាក់ព័ន្ធនឹងករណីធ្វើចម្ការវិលជុំរបស់ជនជាតិដើមភាគតិច ក្រសួងកំពុងតែជំរុញឱ្យមានការចុះបញ្ជី និងកំណត់ផ្ទៃដីឱ្យបានច្បាស់លាស់។
លោកថា៖ «បច្ចុប្បន្ននេះមានការវិវត្ត ដូច្នេះដីនៅក្នុងសហគមន៍ជនជាតិដើមភាគតិច មានចម្ការវិលជុំ ត្រូវមានការគ្រប់គ្រងច្បាស់លាស់ ដើម្បីកុំឱ្យចូលទៅក្នុងតំបន់ការពារដោយខុសច្បាប់។ អគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិ និងអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន កំពុងតែធ្វើការងារជាមួយគ្នា។ តំបន់ការពារធម្មជាតិ ស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងបរិស្ថាន នៅជុំវិញតំបន់ព្រៃឡង់ បានទទួលស្គាល់ពីក្រសួងបរិស្ថានរួចហើយ ដែលមានការកំណត់នូវផ្ទៃដីត្រឹមត្រូវ»។
គ្មានការជូនដំណឹង គ្មានការពិគ្រោះយោបល់ ពេលក្រុមហ៊ុនចូលទៅវិនិយោគ
សហគមន៍ជនជាតិដើមភាគតិចកួយ ឃុំងន ទើបតែដឹងថា ក្រុមហ៊ុនចូលទៅវិនិយោគនៅក្នុងតំបន់របស់ខ្លួននៅឆ្នាំ២០១០-២០១១ គឺនៅពេលដែលក្រុមហ៊ុនទៅឈូសឆាយដល់ដីអាស្រ័យផលរបស់ពួកគាត់ទៅហើយ។ សហគមន៍មិនបានដឹងឡើយថា ក្រុមហ៊ុនទទួលបានសិទ្ធិវិនិយោគពីរដ្ឋាភិបាល ក្នុងឆ្នាំណា លើទំហំផ្ទៃដីប៉ុន្មាន ឬនៅទីតាំងណាខ្លះនៃតំបន់របស់ពួកគេរស់នៅ ខណៈអាជ្ញាធរមូលដ្ឋាន ក៏ដូចជារដ្ឋាភិបាល មិនដែលបានជូនដំណឹង ឬពិគ្រោះយោបល់ជាមួយពួកគាត់ មុនពេលផ្ដល់សិទ្ធិឱ្យក្រុមហ៊ុនណាមួយវិនិយោគនោះឯង។
ប្រធានកម្មវិធីដីធ្លី និងអភិបាលកិច្ចធនធានធម្មជាតិ នៃវេទិកាមិនមែនរដ្ឋាភិបាលស្ដីពីកម្ពុជា (NGO Forum) លោក ភាព សុភា មានប្រសាសន៍ថា ជាទូទៅ ជនជាតិដើមភាគតិច មានការព្រួយបារម្ភចំពោះការផ្ដល់ដីសម្បទាន ឬគម្រោងវិនិយោគ ព្រោះមិនមានការចូលរួមពិគ្រោះយោបល់ពេញលេញ ពីភាគីពាក់ព័ន្ធ។ លោកបន្តថា កាលពីអំឡុងឆ្នាំ២០១៨-២០១៩ ក្រសួងបរិស្ថាន តែងតែអញ្ជើញអង្គការ NGO Forum ឱ្យចូលរួមក្នុងការពិគ្រោះយោបល់ លើរបាយការណ៍ EIA។ ប៉ុន្តែនៅប៉ុន្មានឆ្នាំចុងក្រោយនេះ លោកថា NGO Forum មិនត្រូវបានអញ្ជើញឱ្យចូលរួមទៀតទេ។
លោកថា បើអង្គការនេះបានចូលរួម យ៉ាងហោចណាស់ក៏បានជួយផ្សព្វផ្សាយព័ត៌មានទៅកាន់សហគមន៍ និងសង្គមស៊ីវិលក្នុងតំបន់នោះ ដើម្បីប្រមូលធាតុចូល ក្ដីបារម្ភ ឬការចង់បានរបស់ពួកគេ យកទៅឱ្យក្រសួងបរិស្ថានពិនិត្យនិងសម្រេច មុនផ្ដល់សិទ្ធិឱ្យមានការវិនិយោគ ហើយការធ្វើបែបនេះនឹងកាត់បន្ថយផលប៉ះពាល់ដល់សហគមន៍ ព្រៃឈើ ឬធនធានធម្មជាតិក្នុងតំបន់នោះ។
លោក សុភា ថ្លែងថា៖ «ព្រោះព្រួយបារម្ភ NGO Forum តែងតែបង្កើតបរិយាកាសមួយឱ្យសង្គមស៊ីវិល សហគមន៍ និងស្ថាប័នរដ្ឋាភិបាល ជួបពិភាក្សាពីបញ្ហានានាឱ្យបានញឹកញាប់។ ពេលខ្លះ ព័ត៌មានពីថ្នាក់ក្រោមជាតិផ្ដល់ឱ្យថ្នាក់ជាតិ មិនបានគ្រប់គ្រាន់ទេ»។
បើតាមលោក ភាព សុភា សហគមន៍ដែលនៅមានធនធានធម្មជាតិ ព្រៃឈើ និងដីសមូហភាព ភាគច្រើនមាននៅខេត្តភាគឦសាន ដូចជា ខេត្តកំពង់ធំ រតនគិរី មណ្ឌលគិរី ក្រចេះ ស្ទឹងត្រែង និងព្រះវិហារ។ ចំណែកឯខេត្តកំពង់ស្ពឺ ពោធិ៍សាត់ កោះកុង ក៏នៅមានធនធានព្រៃឈើ ដែលស្ថិតក្នុងការគ្រប់គ្រងរបស់រដ្ឋបាលព្រៃឈើដែរ។
ទន្ទឹមគ្នានោះ លោកថា ដីរបស់សហគមន៍ជនជាតិដើមភាគតិចមួយចំនួនត្រួតស៊ីគ្នាជាមួយតំបន់ការពារធម្មជាតិដែលគ្រប់គ្រងដោយក្រសួងបរិស្ថាន ហើយដីមួយចំនួនទៀតក៏ត្រួតស៊ីគ្នាជាមួយដីសម្បទានសេដ្ឋកិច្ចដែលរដ្ឋាភិបាលផ្ដល់ឱ្យក្រុមហ៊ុនដែរ។ លោកបន្ថែមថា ករណីនេះអាចកើតឡើងទៅបានក៏ដោយសារតែអ្នកអនុវត្តន៍មិនបានគោរពតាមច្បាប់ភូមិបាល មាត្រា២៣ ២៤ និង២៥ ស្ដីពីអចលនវត្ថុរបស់សហគមន៍ជនជាតិដើមភាគតិច។
លោក សុភា និយាយថា៖ «ជនជាតិដើមភាគតិចនៅតំបន់ឬខេត្តខ្លះ ដូចជានៅខេត្តពោធិ៍សាត់ បានត្រឹមចុះបញ្ជីទទួលស្គាល់អត្តសញ្ញាណជនជាតិដើមភាគតិច ប៉ុន្តែមិនមានដីចុះបញ្ជីសមូហភាពឡើយ ដោយសារពួកគាត់មួយចំនួនទទួលរងភាពទំនើបរបស់សង្គម ដោយចុះបញ្ជីដីឯកជន ហើយដីខ្លះទៀតត្រូវបានផ្ដល់ជាដីសម្បទាន»។
ដូចគ្នាដែរ លោក យុន ឡូរ៉ង់ អ្នកសម្របសម្រួលលេខាធិការដ្ឋាន សម្ព័ន្ធជនជាតិដើមភាគតិចកម្ពុជា សង្កេតឃើញថា កន្លងទៅ មុនពេលរដ្ឋាភិបាលផ្ដល់ដីសម្បទានឱ្យទៅក្រុមហ៊ុនណាមួយ ដែលស្ថិតក្នុងតំបន់ជនជាតិដើមភាគតិចរស់នៅ គឺមិនបានជូនដំណឹងឬពិគ្រោះជាមួយជនជាតិដើមភាគតិចឡើយ។
មួយវិញទៀត លោកថា រឿងដែលអយុត្តិធម៌ខ្លាំងនោះ នៅពេលមានការប្ដឹងផ្ដល់ តុលាការអនុវត្តតែច្បាប់វិនិយោគ ប៉ុន្តែច្បាប់ពាក់ព័ន្ធនឹងជនជាតិដើមភាគតិច តុលាការមិនដែលឱ្យតម្លៃឬយកទៅអនុវត្តក្នុងការកាត់ក្ដីឡើយ។
លោកថា៖ «មាត្រា២៣ ក្នុងច្បាប់ភូមិបាល រាល់ពេលមានគម្រោងវិនិយោគ ឬធ្វើ EIA ត្រូវតែមានការដឹងឮនិងឯកភាពពីសហគមន៍ នេះនិយាយពីច្បាប់ ប៉ុន្តែជាក់ស្ដែងអត់អ៊ីចឹងទេ។ ការផ្ដល់ដីសម្បទាន មិនបានគោរពសិទ្ធិជនជាតិដើមភាគតិច ឬពិគ្រោះយោបល់ជាមួយយើងទេ។ ជនជាតិដើមភាគតិច គាត់មិនដឹងរឿង គាត់ធ្វើចម្ការលើដីរបស់គាត់ គេថាគាត់ធ្វើលើដីក្រុមហ៊ុន ហើយគេចាប់គាត់កាត់ទោស។ ជាការសោកស្ដាយ គឺការយកបទព្រហ្មទណ្ឌទៅចោទប្រកាន់ជនជាតិដើមភាគតិច ឬសហគមន៍រងគ្រោះ ខណៈដែលគាត់អនុវត្តដោយសន្តិវិធី»។
បន្ថែមពីនោះ លោក យុន ឡូរ៉ង់ ថាជនជាតិដើមភាគតិចស្ទើរទូទាំងប្រទេស គឺមានផលប៉ះពាល់ពីការវិនិយោគដីសម្បទាន។ ជនជាតិដើមភាគតិចដែលរស់នៅជិតតំបន់វិនិយោគ ត្រូវបាត់បង់ដីធ្លី អត្តសញ្ញាណ ជំនឿ និងសង្គមសមូហភាពយ៉ាងខ្លាំង។
បើតាមលោក យុន ឡូរ៉ង់ សហគមន៍ជនជាតិដើមភាគតិចនៅកម្ពុជា មានចន្លោះពី៥០០ទៅ៦០០សហគមន៍នៅទូទាំងប្រទេស។ សហគមន៍ដែលបានចុះបញ្ជីដីសមូហភាព មានប្រមាណ១៦០សហគមន៍ ហើយមានតែ៣៧សហគមន៍ប៉ុណ្ណោះដែលទទួលបានបណ្ណកម្មសិទ្ធិសមូហភាព។ ដោយឡែកសហគមន៍ព្រៃឈើ និងសហគមន៍តំបន់ការពារធម្មជាតិ បានចុះបញ្ជីកក្នុងចន្លោះប្រមាណជាង៤០សហគមន៍។
លោកបន្ថែមថា សហគមន៍ជនជាតិដើមភាគតិចនីមួយៗអាចចុះបញ្ជីដីចន្លោះប្រហែលជា១ ៥០០ ទៅ២ ០០០ហិកតាប៉ុណ្ណោះ។ ប៉ុន្តែបើតាមការប្រើប្រាស់តាមប្រពៃណីជាក់ស្ដែង ក្នុងមួយសហគមន៍មានដីមិនក្រោម៦ ០០០ហិកតាឡើយ។
ជាមួយគ្នានេះដែរ ប្រធានអង្គការជនជាតិដើមភាគតិចកម្ពុជា អ្នកស្រី យន់ ម៉ាណេ ក៏បានស្នើដល់រដ្ឋាភិបាល មុននឹងសម្រេចធ្វើអ្វីមួយដែលមានផលជះ ឬជាប់ពាក់ព័ន្ធជាមួយជនជាតិដើមភាគតិច ត្រូវជូនដំណឹងឱ្យបានទូលំទូលាយទៅដល់ជនជាតិដើមភាគតិចជាមុន។ អ្នកស្រីថា ការស្នើបែបនោះ ក៏ព្រោះថា ជនជាតិដើមភាគតិចត្រូវការពេលពិគ្រោះ ពិភាក្សា និងរកដំណោះស្រាយនានា ដើម្បីឱ្យការវិនិយោគទាំងឡាយនោះមិនធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍របស់សហគមន៍ខ្លួន។
អ្នកស្រីថ្លែងថា៖ «ដោយសារតែកន្លងទៅ ជនជាតិដើមភាគតិចរងគ្រោះដោយសារតែការវិនិយោគនានា ព្រោះតែពួកគាត់ពុំបានដឹងមុនពីគម្រោងអភិវឌ្ឍន៍ទាំងនោះ។ មិនអាចហៅគាត់តែ២ឬ៣នាក់ទៅជូនដំណឹង ហើយជូនដំណឹងតែចំណុចល្អ ដល់តែស្អែកឡើងយកត្រាក់ទ័រទៅឈូសទេ ត្រូវតែទៅសិក្សាផលប៉ះពាល់ឱ្យច្បាស់លាស់ ទៅដោះស្រាយទំនាស់ឱ្យច្បាស់លាស់ ដោះស្រាយបញ្ហាឱ្យរួចរាល់ ចាំចូលទៅអភិវឌ្ឍនៅតំបន់នោះ។ ខ្ញុំជឿថា បើរដ្ឋអនុវត្តតាមអ្វីដែលជនជាតិដើមភាគតិចស្នើ នោះនឹងអាចឱ្យការអភិវឌ្ឍទៅមុខលឿន និងមានការទទួលយកបានពីគ្រប់ភាគី»។
ចំណែកលោក យុន ឡូរ៉ង់ ថាដើម្បីឱ្យការដោះស្រាយបញ្ហាជម្លោះមានប្រសិទ្ធភាព លោកផ្ដល់គំនិតទៅរដ្ឋាភិបាលត្រូវតែចេញវិធានការការពារបណ្ដោះអាសន្នទៅលើដីវិវាទទាំងអស់ដែលចេញដោយអភិបាលខេត្ត ហើយត្រូវតែដោះស្រាយតាមច្បាប់ឱ្យបានច្បាស់លាស់។
ដើម្បីបញ្ឈប់ឬកាត់បន្ថយវិវាទព្រៃឈើឬដីធ្លី ក្រុមអង្គការសង្គមស៊ីវិលទាំងនោះបានជំរុញដល់សហគមន៍ជនជាតិដើមភាគតិច ត្រូវតែព្យាយាមស្វែងយល់ពីធនធានធម្មជាតិ និងវប្បធម៌របស់ខ្លួន រួចចងក្រងហើយយកឯកសារទាំងនោះទៅឱ្យអាជ្ញាធរមូលដ្ឋានដើម្បីសុំការគាំទ្រ។ ចំណែកអាជ្ញាធរមូលដ្ឋានស្រុកខេត្ត ក៏ត្រូវគាំទ្រសហគមន៍ឱ្យបានដិតដល់ និងផ្ដល់ឱកាសឱ្យសហគមន៍ដឹងជាមុននូវព័ត៌មានវិនិយោគ ឬការអភិវឌ្ឍនានា។
ក្រុមអង្គការសង្គមស៊ីវិលទាំងនោះក៏បានស្នើដល់រដ្ឋាភិបាលអនុវត្តឱ្យបានគ្រប់ជ្រុងជ្រោយទៅតាមគោលនយោបាយរបស់ខ្លួនដែលបានដាក់ចេញ និងរាល់ការអភិវឌ្ឍទាំងអស់គួរតែមានការពិគ្រោះយោបល់ពីផលប៉ះពាល់ជាមុនជាមួយភាគីពាក់ព័ន្ធ ព្រមទាំងដោះស្រាយវិវាទដីធ្លីដោយតម្លាភាព និងអាចទទួលយកបានពីគ្រប់ភាគីពាក់ព័ន្ធ។
ពេញចិត្តជីវិតកាល១០ឆ្នាំមុន
ត្រលប់ទៅកាន់សហគមន៍ជនជាតិដើមភាគតិចកួយនៅឃុំងនវិញ អ្នកស្រី ហេង សាភេន ប្រធានសហគមន៍ជនជាតិដើមភាគតិចភូមិងន និយាយថា កាលពី១០ឆ្នាំមុន ជីវភាពក្នុងគ្រួសាររបស់អ្នកស្រីរស់នៅស្រួល មិនពិបាកចិត្តឡើយ។ អ្នកស្រីថា កាលណោះ រកមួយថ្ងៃហូបមួយថ្ងៃពិតមែន ប៉ុន្តែគ្រប់ទីកន្លែងសុទ្ធតែអាចរកអាហារ បន្លែ និងសាច់សត្វបាន ព្រោះមានព្រៃច្រើន។ ថ្វីដ្បិតពេលនេះ អ្នកស្រីមានផ្ទះធំជាងមុន អាចរកចំណូលបានច្រើនជាងមុន ប៉ុន្តែអ្នកស្រីរស់ទាំងភ័យខ្លាច។
អ្នកស្រីនិយាយថា៖ «មានជីវភាពធូរជាងមុននេះ ព្រោះយើងចេះគិតជាងមុន ចេះរកទុកនិងសន្សំសំចៃ ចេះច្នៃដីដាំដំណាំផ្សេងៗចម្រុះគ្នា ក៏មានការរួមចំណែកពីការចំណាកស្រុករបស់កូនៗទៅក្រៅប្រទេសដែរ។ ប៉ុន្តែរាល់ថ្ងៃនេះ ខ្ញុំដេកភ័យរាល់ថ្ងៃ ខ្លាចតែថ្ងៃណាមួយគេមកយកដីអស់ ឈូសដល់ទាំងផ្ទះទៀត។ ធ្វើចម្ការលើដីខ្លួនឯងសោះ ប៉ុន្តែលួចធ្វើ ខ្ញុំខ្លាចគេចាប់រាល់ថ្ងៃ។
អ្នកស្រី ហេង សាភេន បន្តថា ព្រៃឈើរបស់សហគមន៍ជនជាតិដើមភាគតិចកួយ ក្នុងឃុំងន ដែលមានសព្វថ្ងៃនេះ នៅសល់ប្រហែលតែ២០ភាគរយប៉ុណ្ណោះ ដោយក្នុងនោះមានព្រៃជំនឿ និងព្រៃកប់សព។ ចំណែកព្រៃតាមអូរ និងព្រៃរកអនុផលផ្សេងទៀត ត្រូវបានក្រុមហ៊ុនឈូសយកអស់ ក្រោមហេតុផលដីសម្បទានរបស់រដ្ឋ។ អ្នកស្រីថា ក្នុងអំឡុងឆ្នាំ២០០០ ព្រៃក្នុងសហគមន៍របស់អ្នកស្រីនៅសល់ច្រើន ហើយសម្បូរឈើប្រណិត ប៉ុន្តែត្រូវបានបាត់បង់បន្តិចម្ដងៗចាប់ពីអំឡុងឆ្នាំ២០១៤។
ស្របពេលដែលរដ្ឋាភិបាលកំពុងធ្វើវិសោធនកម្មច្បាប់តំបន់ការពារធម្មជាតិ និងច្បាប់ព្រៃឈើ អនុប្រធានសហគមន៍ជនជាតិដើមភាគតិចកួយ អ្នកស្រី ហេង សាភេន មិនចង់ឱ្យរដ្ឋាភិបាលកំណត់ចុះបញ្ជីដីជំនឿតែ៧ហិកតាឡើយ។
អ្នកស្រីថា៖ «យើងមិនចង់ឱ្យរដ្ឋាភិបាលកំណត់ទំហំព្រៃជំនឿឡើយ។ យើងចង់ឱ្យរដ្ឋរក្សាដីព្រៃសហគមន៍ដែលយើងមានតាំងពីដើមទាំងប៉ុន្មាន គឺចុះឱ្យយើងប៉ុននោះ ដើម្បីឱ្យជនជាតិដើមភាគតិចថែរក្សាអត្តសញ្ញាណ និងថែរក្សាព្រៃឈើតកូនចៅទៅមុខរហូត»៕