Views: 7
ដោយៈ ប.ជ័យ / បន្ទាយមានជ័យៈ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ និងជាប្រធានគណៈកម្មការបាល់ទះ ស្នងការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យ រួមជាមួយលោក ឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង និងជាអនុប្រធាន គណៈកម្មការ ស្នងការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យ បានជួបសំណេះសំណាល ជាមួយក្រុមកីឡាករបាល់ទះ នៃស្នងការដ្ឋាននគរបាលខេត្ត មុនចេញដំណើរទៅ រាជធានីភ្នំពេញ។
កីឡាករ នឹងចូលរួមប្រកួតជាមួយ ក្រុមបាល់ទះជម្រើសថ្នាក់ជាតិ ដណ្តើមពានរង្វាន់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នាពេលខាងមុខនេះ នៅរាជធានីភ្នំពេញ ។
លោក ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានឱ្យដឹងកាលពីថ្ងៃទី៧ ខែមិថុនាថាៈ កីឡានាំមកនូវ សុខភាព សន្តិភាព សាមគ្គីភាព មិត្តភាព និងសុខភាព។
ទន្ទឹមនឹងបំពេញភារកិច្ចស្នូល ការពារសន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ នាយ នាយរង ពលនគរបាលជាតិ ក៏ត្រូវមានក្រុមកីឡាករ សម្រាប់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចូលរួម ប្រកួតជាមួយបណ្តាអង្គភាពនានា។
លោក ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានបន្តថាៈ បច្ចុប្បន្ន រាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បាន យកចិត្តទុកដាក់គិតគូរ អំពីវិស័យកីឡានេះ យ៉ាងខ្លាំង ហើយនៅឆ្នាំ២០២៣ ខាងមុខនេះ កម្ពុជាយើង នឹងធ្វើជាម្ចាស់ផ្ទះ នៃការប្រកួតកីឡា ថ្នាក់តំបន់អាស៊ីភាគអគ្នេយ៍ ហៅថា ស៊ីហ្គេម (SEA GAME ) ។
លោកឧត្តមសេនីយ៍ ស្នងការ ក៏បានជំរុញឱ្យក្រុមកីឡាករម្នាក់ៗ ត្រូវបន្តខិតខំហ្វឹកហាត់ បំប៉ន ត្រួតពិនិត្យសមត្ថភាព របស់ខ្លួនបន្ថែមទៀត ដើម្បីយកប្រៀបឈ្នះ លើការប្រកួត៕/V