Views: 14
ដោយៈ បាយ័ន / សៀមរាបៈ ព្រឹត្តិការណ៍កីឡាទេសចរណ៍ បាល់ទាត់មិត្តភាព វ័យចំណាស់មេគង្គ (កម្ពុជា ថៃ ឡាវ និង វៀតណាម) នៅខេត្តសៀមរាប រយៈពេល ៤ ថ្ងៃកន្លងមកនេះ គឺបានចូលរួមផ្សព្វផ្សាយ «កម្ពុជា ជាគោលដៅទេសចរណ៍សុវត្ថិភាព ស្អាត និងបៃតង» ព្រមទាំងផ្សព្វផ្សាយសក្តានុពលទេសចរណ៍ តំបន់សៀមរាប-អង្គរ។ នេះបើតាមការបញ្ជាក់ ឱ្យដឹង ពីក្រសួងទេសចរណ៍។
ព្រឹត្តិការណ៍កីឡាទេសចរណ៍ បាល់ទាត់មិត្តភាពវ័យចំណាស់មេគង្គនេះ បានធ្វើឡើង ចាប់តាំងពីថ្ងៃទី ៤-៧ ខែសីហា ឆ្នាំ២០២២ នៅខេត្តសៀមរាប ដែលរៀបចំឡើងដោយ ក្រសួងទេសចរណ៍ និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា សហការជាមួយនឹងរដ្ឋបាល ខេត្តសៀមរាប និងអាជ្ញាធរពាក់ព័ន្ធ និងដោយមានការចូលរួម ពីក្រុមកីឡាករ ទាំង៤ មាន កម្ពុជា ថៃ ឡាវ និង វៀតណាម សរុបចំនួន ១៥០ នាក់ ត្រូវបានបញ្ជប់ ប្រកបដោយ ភាពជោគជ័យ ក្រោមបរិយាកាសសប្បាយរីករាយ និងស្និទ្ធស្នាល ដែលមានអ្នកចូលរួម ទស្សនាប្រមាណជាង ១.០០០ នាក់។
លោក សុខ វណ្ណា ប្រធាននាយកដ្ឋានគ្រប់គ្រងសេវាកម្មកម្សាន្ត និងកីឡាទេសចរណ៍ បានឱ្យដឹងថាៈ ព្រឹត្តិការណ៍កីឡាទេសចរណ៍នេះ ត្រូវបានរៀបចំឡើង ក្នុងគោលបំណង បង្ហាញពីសក្តានុពលទេសចរណ៍ ខេត្តសៀមរាប-អង្គរ ក្នុងដំណាក់កាល នៃការងើបឡើងវិញ ក្រោយវិបត្តិជំងឺកូវីដ-១៩ ស្របតាមផែនទីចង្អុលផ្លូវ ស្តីពីផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុងនិងក្រោយវិបត្តិជំងឺកូវីដ-១៩ និងផែនការមេ អភិវឌ្ឍន៍ទេសចរណ៍ ខេត្តសៀមរាប ឆ្នាំ២០២១-២០៣៥ និងដើម្បីអភិវឌ្ឍន៍ ផលិតផល ទេសចរណ៍ថ្មីៗ សម្បូរបែប តាមរយៈព្រឹត្តិការណ៍កីឡាទេសចរណ៍ បាល់ទាត់វ័យចំណាស់ និងបង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិ នៅបណ្តាប្រទេស តាមដងទន្លេមេគង្គ។
លោកបានបន្តថាៈ ព្រឹត្តិការណ៍នេះ ក៏បានចូលរួមផ្សព្វផ្សាយ ពីសក្តានុពលទេសចរណ៍ តំបន់សៀមរាប-អង្គរ ជំរុញកំណើនភ្ញៀវទេសចរ អភិវឌ្ឍន៍ធនធានមនុស្ស ក្នុងវិស័យកីឡាទេសចរណ៍ និងទាក់ទាញចំណាប់អារម្មណ៍ ពីសំណាក់អ្នកស្នេហា វិស័យកីឡាជាតិ និងអន្តរជាតិ ជាពិសេសចូលរួមលើកស្ទួយ វិស័យកីឡាទេសចរណ៍ នៅកម្ពុជា ដើម្បីអបអរសាទរ ដំណើរឆ្ពោះទៅការប្រកួតកីឡា SEA GAMES – ASEAN PARA GAMES 2023 ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះផងដែរ ព្រមទាំងផ្សព្វផ្សាយ «កម្ពុជា៖ ព្រះរាជាណាចក្រកម្ពុជាអច្ឆរិយៈ ផ្តល់ភាពកក់ក្តៅ» ជាគោលដៅទេសចរណ៍សុវត្ថិភាព ស្អាត និងបៃតង និងស្របតាមយុទ្ធសាស្ត្រ ផ្សព្វផ្សាយទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឆ្នាំ២០២៣ (Visit Cambodia Year 2023)។
លោក សុខ វណ្ណា បានបង្ហាញពីលទ្ធផលនៃការប្រកួតនោះថាៈ
* ក្រុមកីឡាករបាល់ទាត់វ័យចំណាស់កម្ពុជា ទទួលបានចំណាត់ថ្នាក់លេខ១
* ក្រុមកីឡាករបាល់ទាត់វ័យចំណាស់ថៃ៣ ទទួលបានចំណាត់ថ្នាក់លេខ២
* ក្រុមកីឡាករបាល់ទាត់វ័យចំណាស់ឡាវ ទទួលបានចំណាត់ថ្នាក់លេខ៣
* ក្រុមកីឡាករបាល់ទាត់វ័យចំណាស់ថៃ១ ទទួលបានចំណាត់ថ្នាក់លេខ៤
* ក្រុមកីឡាករបាល់ទាត់វ័យចំណាស់ថៃ២ ទទួលបានចំណាត់ថ្នាក់លេខ៥
* ក្រុមកីឡាករបាល់ទាត់វ័យចំណាស់វៀតណាម ទទួលបានចំណាត់ថ្នាក់លេខ៦។
លោកប្រធាននាយកដ្ឋាន គ្រប់គ្រងសេវាកម្មកម្សាន្ត និងកីឡាទេសចរណ៍ នៃក្រសួងទេសចរណ៍ បានបញ្ជាក់ទៀតថាៈ ព្រឹត្តិការណ៍កីឡាទេសចរណ៍បាល់ទាត់ វ័យចំណាស់មេគង្គ (កម្ពុជា ថៃ ឡាវ និងវៀតណាម) រយៈពេល ៤ ថ្ងៃនេះ ទទួលបានការអបអរសាទរ និងការគាំទ្រ ពីគ្រប់មជ្ឍដ្ឋាន ដែលជាមន្ត្រីរាជការ សិស្ស-និស្សិត ប្រជាពលរដ្ឋទូទៅ និងភ្ញៀវទេសចរ ផងដែរ។ តាមរយៈពេលព្រឹត្តិការណ៍នេះ បានផ្តល់នូវអត្ថប្រយោជន៍ជាច្រើន ទាំងសេដ្ឋកិច្ច សង្គម ដើម្បីស្តារការងើបឡើងវិញ នូវវិស័យទេសចរណ៍ តំបន់សៀមរាប-អង្គរ៕/V