Views: 3
ដោយ: ជា សីហៈ / ភ្នំពេញ: លោកស្រី ម៉ិញ កុសនី រដ្ឋលេខាធិការ ក្រួសងវប្បធម៌ និងវិចិត្រសិល្បៈបានអញ្ជើញជាអធិបតីក្នុងព្រឹត្តិការណ៍«សិល្បៈខ្មែរ» នាថ្ងៃចន្ទ ទី១៥ ខែសីហា ឆ្នាំ២០២២ នៅសាលសន្និសីទចតុម្មុខ។
ព្រឹត្តិការណ៍«សិល្បៈខ្មែរ» គឺរៀបចំឡើងក្នុងគោលបំណងថែរក្សា ការពារ និងអភិរក្សបេតិកភណ្ឌវប្បធម៌ជាតិឱ្យបានគង់វង្ស តាមរយៈការបណ្ដុះបណ្ដាលផ្នែកសិល្បៈរបាំបុរាណដល់កូនខ្មែរដែលរស់នៅប្រទេសបារាំង ស្របតាមគោលនយោបាយជាតិស្ដីពីវិស័យវប្បធម៌ គឺការលើកស្ទួយនិងជំរុញឧស្សាហកម្មវប្បធម៌ ជំរុញឱ្យមានការផ្ទេរចំណេះដឹង ជំនាញ ទេពកោសល្យប្រពៃណីទៅយុវជនជំនាន់ក្រោយ។
លោកស្រីរដ្ឋលេខាធិការ បានមានប្រសាសន៍ថា ព្រឹត្តិការណ៍នេះ មិនត្រឹមតែជាការចូលរួមថែរក្សាវប្បធម៌របស់ជាតិទេ តែគឺជាឱកាសរបស់ក្មួយៗ សិល្បករនៅប្រទេសបារាំង បានរៀនសូត្រពីព្រឹទ្ធាចារ្យ សាស្ត្រាចារ្យ និងលោកគ្រូ អ្នកគ្រូ ដែលមានបទពិសោធន៍ជាច្រើនឆ្នាំផ្នែករបាំព្រះរាជទ្រព្យ ព្រមទាំងបានសិក្សាស្វែងយល់ពីសិល្បៈដ៌មានតម្លៃរបស់ដូនតា និងជំរុញលើកទឹកចិត្តប្រជាជនខ្មែរនៅក្រៅប្រទេសឲ្យជួយថែរក្សាសិល្បៈវប្បធម៌ជាតិ ក៏ដូចជាជួយផ្សព្វផ្សាយសិល្បៈដ៌ផូរផង់របស់ជាតិឲ្យបានទូលំទូលាយទៅលើឆាកជាតិ និងអន្តរជាតិ។
លោកស្រីបានបន្តថា ព្រឹត្តិការណ៍នេះ អាចដំណើរការទៅបាន គឺដោយកត្តាប្រទេសជាតិ មានសុខសន្ដិភាព និងគោលនយោបាយចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាក្នុងការទប់ស្កាត់ និងគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ១៩ បានប្រកបដោយប្រសិទ្ធភាព ទើបមានការប្រទេសឡើងវិញ និងយើងមានឱកាសជួបគ្នាដោយផ្ទាល់នាពេលនេះ។
លោកស្រីបន្ថែមទៀតថា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សូមស្វាគមន៍ចំពោះ អង្គការ សមាគម ដែលធ្វើការងារពាក់ព័ន្ធនឹងសិល្បៈវប្បធម៌ខ្មែរនៅបណ្ដាប្រទេសផ្សេងៗ ដូចជា សហរដ្ឋអាមេរិក កាណាដា អូស្ត្រាលី ជាដើម ប្រសិនជាមានគោលបំណងក្នុងការចូលរួមលើកស្ទួយ និងផ្សព្វផ្សាយសិល្បៈវប្បធម៌ខ្មែរ៕