Views: 3
ដោយៈ មុនីរ័ត្ន / ភ្នំពេញៈ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រៅផ្លូវការរបស់ រដ្ឋមន្ត្រីការបរទេសអាស៊ាន (IAMM) ប្រចាំឆ្នាំ ក្នុងឱកាសនៃសម័យប្រជុំលើកទី៧៧ នៃមហាសន្និបាតអង្គការសហប្រជាជាតិ (UNGA) នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ ។
យោងតាមសេចក្តីក្រកាសព័ត៌មានរបស់ ក្រសួងការបរទេសកម្ពុជា ដែលបានផ្សព្វផ្សាយ នៅថ្ងៃទី២៣ ខែកញ្ញា នេះ បានឲ្យដឹងថាៈ កិច្ចប្រជុំ បានផ្លាស់ប្តូរទស្សនៈ អំពីបេក្ខភាព របស់ប្រទេស ជាសមាជិកអាស៊ាន នៅក្នុងស្ថាប័នអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនានា និងបានឯកភាពគ្នាថា ការបន្តលើកកម្ពស់បេក្ខភាពអាស៊ាន និងលើកមុខមាត់ និងសារសំខាន់របស់អាស៊ាន លើឆាកអន្តរជាតិបន្ថែមទៀត។
ឆ្លៀតក្នុងឱកាសនោះ កម្ពុជាបានស្វែងរកការគាំទ្រពីប្រទេស ជាសមាជិកអាស៊ាន ដទៃទៀត សម្រាប់សមាជិកភាពរបស់កម្ពុជា នៅក្នុងគណៈកម្មាធិការរៀបចំ នៃគណៈកម្មការកសាងសន្តិភាព (Organizational Committee of the Peacebuilding Commission-OCPBC) សម្រាប់អាណត្តិ ២០២៥-២០២៦ និងក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គម (ECOSOC) សម្រាប់អាណត្តិ ២០២៨-២០៣០ ។
ក្រសួងការបរទេសកម្ពុជា បានបន្តថាៈ ចំពោះទំនាក់ទំនងអាស៊ាន និងដៃគូខាងក្រៅ កិច្ចប្រជុំបានស្វាគមន៍ ចំពោះការចូលជាសមាជិក នៅក្នុងសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការ នៅអាស៊ីអាគ្នេយ៍ (TAC) ដែលបច្ចុប្បន្ន មានចំនួន ៤៩ ភាគី បន្ទាប់ពីប្រទេសចំនួន ៦ បន្ថែមទៀត បានចុះហត្ថលេខាលើសន្ធិសញ្ញានេះ កាលពីខែសីហា ឆ្នាំនេះ និងបានយល់ព្រមទទួលយកការចូលជាសមាជិករបស់ ប្រទេសអេស្ប៉ាញ និង អ៊ុយក្រែន។
ពាក់ព័ន្ធនឹងការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ និង ៤១ និងកិច្ចប្រជុំកំពូល ពាក់ព័ន្ធ នៅរាជធានីភ្នំពេញ ពីថ្ងៃទី ១០-១៣ ខែវិច្ឆិកា ឆ្នាំ ២០២២ ខាងមុខនេះ លោកឧបនាយករដ្ឋមន្ដ្រី បានជម្រាបជូនអង្គប្រជុំ អំពីការត្រៀមរៀបចំ និងកម្មវិធី បណ្ដោះអាសន្ន ហើយបានសម្ដែងនូវការវាយតម្លៃខ្ពស់ ចំពោះការគាំទ្រយ៉ាងពេញទំហឹង របស់ប្រទេសជាសមាជិកអាស៊ានទាំងអស់ ដើម្បីធានាបាននូវលទ្ធផលសំខាន់ៗ នៃកិច្ចប្រជុំកំពូលនេះ ក៏ដូចជាកិច្ចសន្ទនាជាសកលរបស់អាស៊ាន លើកទី២ ស្ដីពីការស្ដារឡើងវិញ គ្រប់ជ្រុងជ្រោយ ក្រោយជំងឺកូវីដ-១៩ ដែលជាព្រឹត្តិការណ៍ អមមួយដ៏សំខាន់។
ក្រសួងការបរទេស បានបន្តទៀតថាៈ ក្រៅពីកិច្ចខិតខំប្រឹងប្រែងកសាងសហគមន៍ អាស៊ាន អង្គប្រជុំ ក៏បានផ្លាស់ប្តូរទស្សនៈយោបល់គ្នា អំពីស្ថានភាពក្នុងប្រទេសមីយ៉ាន់ម៉ា និងការតាមដានអនុវត្តន៍ការព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច (5PC) ដែលបានឯកភាព គ្នា នៅក្នុងកិច្ចប្រជុំរបស់ថ្នាក់ដឹកនាំអាស៊ាន កាលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១។
ឧបនាយករដ្ឋមន្ត្រី រួមជាមួយរដ្ឋមន្ត្រីការបរទេសអាស៊ាន ផ្សេងៗទៀត បានបញ្ជាក់ សារជាថ្មី ពីសារៈសំខាន់ នៃការពន្លឿនវឌ្ឍនភាព ក្នុងការអនុវត្ត 5PC នៅក្នុងកាលៈទេសៈ ដ៏គ្រោះថ្នាក់នៃភាពតានតឹង ភូមិសាស្ត្រនយោបាយ នាពេលបច្ចុប្បន្ននេះ៕/V