Views: 9
ដោយ៖ ដេប៉ូ / ភ្នំពេញ៖ ក្នុងសន្និបាតបូកសរុបការងារយុត្តិធម៌ ឆ្នាំ២០២២ និងកំណត់ទិសដៅការងារអាទិភាព ឆ្នាំ២០២៣ ដែលបានរៀបចំឡើង នាថ្ងៃទី២៣ ខែមីនា កន្លងមក ក្រសួងយុត្តិធម៌ បានបង្ហាញទិសដៅជាអាទិភាព លើវិស័យយុត្តិធម៌ និងបានផ្តល់អាទិភាព លើការងារសំខាន់ៗចំនួន ៤ ផងដែរ។
បើយោងតាមរបាយការណ៍របស់ ក្រសួងយុត្តិធម៌ បានបញ្ជាក់ឱ្យដឹងថា៖ ក្រោយពី អង្គសន្និបាត បានពិភាក្សាគ្នា យ៉ាងផុលផុស រយៈពេលពេញមួយថ្ងៃ, អង្គសន្និបាត បានឯកភាពគ្នាដាក់ចេញ នូវទិសដៅការងារអាទិភាពសម្រាប់ឆ្នាំ២០២៣ របស់វិស័យយុត្តិធម៌ ដោយផ្តល់អាទិភាពលើការងារសំខាន់ៗ រួមមាន៖ (១)-ការពិនិត្យ និងវាយតម្លៃអំពីការវិសោធនកម្ម ឬបច្ចុប្បន្នភាពក្រមព្រហ្មទណ្ឌ, ក្រមនីតិវិធីព្រហ្មទណ្ឌ, ក្រមរដ្ឋប្បវេណី និងក្រមនីតិវិធីរដ្ឋប្បវេណី, (២)-ការជំរុញបញ្ចប់ការរៀបចំ និងអនុម័តសេចក្តីព្រាងច្បាប់សំខាន់ៗមួយចំនួន ទៀត សម្រាប់វិស័យយុត្តិធម៌ រួមមាន ច្បាប់ស្តីពីលក្ខន្តិកៈក្រឡាបញ្ជី, ច្បាប់ស្តីពីអាជ្ញាសារ, ច្បាប់ស្តីពីលក្ខន្តិកៈសារការី, ច្បាប់ស្តីពីការគ្រប់គ្រង និងការចាត់ចែង ជាបណ្តោះអាសន្ននូវវត្ថុចាប់យក ជាដើម, (៣)-ការបន្តពង្រឹងសមត្ថភាពធនធានមនុស្ស, ការជំរុញការរៀបចំសេចក្តីព្រាង ច្បាប់ស្តីពីអាជ្ញាសាលា, ការរៀបចំលិខិតបទដ្ឋានគតិយុត្ត ពាក់ព័ន្ធនឹងសេវាបកប្រែ ក្នុងដំណើរការនីតិវិធីតុលាការ, សេចក្តីព្រាងអនុក្រឹត្យ ស្តីពីការគ្រប់គ្រង និងចាត់ចែង ថវិកា សម្រាប់សាលាជម្រះក្តី និងអយ្យការអមសាលាជម្រះក្តី និង (៤)-ការធ្វើទំនើបកម្មរដ្ឋបាលតុលាការ។
គួរបញ្ជាក់ថា ក្នុងពិធីនេះ លោក កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ក៏បានលើកឡើង ដោយបានបញ្ជាក់ពីការកែទម្រង់យុត្តិធម៌ផ្នែកព្រហ្មទណ្ឌ និងផ្នែករដ្ឋប្បវេណី សំដៅឱ្យមានប្រព័ន្ធយុត្តិធម៌មួយ ប្រកបដោយទំនុកចិត្ត ឆ្លើយតបនឹងតម្រូវការ ពិតប្រាកដរបស់សង្គមកម្ពុជា៕ V / N