Views: 11
ប្រែសម្រួល : កញ្ញាដាលីស (VOA) ៖ មហាសេដ្ឋីបច្ចេកវិជ្ជា អេឡុន ម៉ាស បាននិយាយថា ក្រុមហ៊ុនណឺរ៉ាលីង( Neuralink)របស់គាត់កំពុងស្វែងរកការអនុញ្ញាតដើម្បីធ្វើតេស្តិ៍ការផ្សាំបន្ទះឈីបក្នុងខួរក្បាលរបស់មនុស្សក្នុងពេលឆាប់ៗនេះ។
នៅក្នុងបទបង្ហាញស្តីពី “ការបង្ហាញនិងការប្រាប់” ដែលបានផ្សាយផ្ទាល់កាលពីយប់ថ្ងៃពុធសប្តាហ៍មុន លោកម៉ាសបាននិយាយថាក្រុមរបស់គាត់កំពុងស្ថិតក្នុងដំណើរការស្នើសុំឱ្យនិយតករអាម៉េរិកអនុញ្ញាតឱ្យពួកគេសាកល្បងឧបករណ៍នេះ។ លោកបាននិយាយថាលោកគិតថាក្រុមហ៊ុនគួរតែអាចដាក់បញ្ចូលវាក្នុងខួរក្បាលមនុស្សជាផ្នែកមួយនៃការសាកល្បងគ្លីនិករយៈពេលប្រហែលប្រាំមួយខែ បើទោះបីជាពេលវេលានោះនៅឆ្ងាយពីភាពជាក់លាក់ក៏ដោយ។
ក្រុមហ៊ុន Neuralink របស់លោកម៉ាសគឺជាក្រុមមួយក្នុងចំណោមក្រុមហ៊ុនជាច្រើនដែលធ្វើការលើការភ្ជាប់ខួរក្បាលទៅនឹងកុំព្យូទ័រជាការខិតខំប្រឹងប្រែងក្នុងគោលបំណងជួយព្យាបាលជំងឺវិបល្លាសខួរក្បាល ការជម្នះលើការរងរបួសខួរក្បាល និងការអនុវត្តផ្សេងៗទៀត។
លោក រ៉ាចេស រ៉ៅ (Rajesh Rao)សហនាយកនៃមជ្ឈមណ្ឌលបច្ចេកវិជ្ជាប្រសាទនៃសាកលវិទ្យាល័យវ៉ាស៊ីនតោន បាននិយាយថា វិស័យនេះមានតាំងពីទសវត្សរ៍ឆ្នាំ ១៩៦០។”ប៉ុន្តែវាពិតជាបានចាប់ផ្តើមទៅមុខខ្លាំងក្នុងទសវត្សរ៍ទី ៩០។ ហើយថ្មីៗនេះ យើងបានឃើញភាពជឿនលឿនជាច្រើន ជាពិសេសនៅក្នុងវិស័យបន្ទះឈីបកុំព្យូទ័រខួរក្បាលសម្រាប់ការធ្វើទំនាក់ទំនង”។
លោករ៉ៅ ដែលបានមើលបទបង្ហាញរបស់លោកម៉ាសតាមអនឡាញ បាននិយាយថា លោកមិនគិតថា ក្រុមហ៊ុន Neuralink នឹងនាំមុខគេនោះទេ ទាក់ទងនឹងសមិទ្ធផលនៃបន្ទះឈីបខួរក្បាលកុំព្យូទ័រ។ លោកបាននិយាយថា “ប៉ុន្តែ…ពួកគេពិតជានាំមុខគេទាក់ទងនឹងហាដវែនៅក្នុងឧបករណ៍”។
ឧបករណ៍របស់ Neuralink មានទំហំប៉ុនកាក់ធំមួយ ហើយត្រូវបានរចនាឡើងដើម្បីផ្សាំនៅក្នុងលលាដ៍ក្បាល ដោយមានខ្សែភ្លើងស្តើងបំផុតតភ្ជាប់ចូលទៅក្នុងខួរក្បាលដោយផ្ទាល់។លោកម៉ាសបាននិយាយថា ការអនុវត្តចំនួនពីរដំបូងគេចំពោះមនុស្សនឹងជួយស្ដារឡើងវិញនូវការមើលឃើញរបស់ភ្នែកនិងជួយមនុស្សដែលមានលទ្ធភាពតិចតួចឬគ្មានលទ្ធភាពក្នុងការដំណើរការសាច់ដុំរបស់ពួកគេបានឆាប់រហ័ស ប្រើប្រាស់ឧបករណ៍ឌីជីថលបាន។
លោកបាននិយាយថា គាត់ក៏ស្រមៃឃើញផងដែរថា ចំពោះអ្នកដែលបាក់ឆ្អឹងក សញ្ញាពីខួរក្បាលអាចត្រូវបានបញ្ជូនទៅឧបករណ៍ Neuralink ក្នុងខួរឆ្អឹងខ្នង។
លោកម៉ាសបាននិយាយថា “យើងមានទំនុកចិត្តថាមិនមានដែនកំណត់ចំពោះផ្នែករូបវ័ន្តក្នុងការធ្វើឱ្យមុខងាររាងកាយដំណើរការពេញលេញឡើងវិញនោះឡើយ”៕
លោកម៉ាស នាយកប្រតិបត្តិក្រុមហ៊ុន Tesla