ប្រជាកសិករ និងអ្នកជំនាញកសិកម្មមួយចំនួន បង្ហាញក្ដីបារម្ភថា កសិករកម្ពុជាអាចនឹងបោះបង់មុខរបររបស់ពួកគេ ដោយសារតែបញ្ហាទីផ្សារ បច្ចេកទេស និងការប្រាក់ខ្ពស់។
ការបង្ហាញក្តីបារម្ភនេះបានធ្វើឡើងស្របពេលដែលក្រសួងកសិកម្ម ក្រសួងផែនការ និងអង្គការស្បៀងនិងកសិកម្មនៃអង្គការសហប្រជាជាតិ (FAO) ព្រមទាំងអង្គការដៃគូផ្សេងទៀត បានចេញរបាយការណ៍អង្កេតកសិកម្មកម្ពុជាឆ្នាំ២០២០ កាលពីថ្ងៃទី២២ ខែកញ្ញា ម្សិលមិញ នៅសណ្ឋាគារមួយក្នុងរាជធានីភ្នំពេញ។
កសិករដាំបន្លែនៅស្រុកលើកដែក ខេត្តកណ្ដាល លោក មឿន សុខខឿន បានលើកឡើងថា ដោយសារតែតម្លៃទីផ្សាឡើងចុះៗ ធ្វើឱ្យកសិករជួបផលលំបាក ខណៈបច្ចេកទេសក្នុងការដាំដំណាំទៀតសោត ក៏មិនទាន់មានការជួយគាំទ្រពីរដ្ឋឱ្យបានពេញលេញ។ ក្រៅពីនោះ លោកថា កសិករក៏ជួបផលលំបាកផងដែរ ក្នុងការប្រកបមុខរបររបស់ខ្លួន ដោយសារជី ប្រេងសាំង និងទំនិញផ្សេងទៀតសម្រាប់បម្រើវិស័យកសិកម្មបានហក់ឡើងថ្លៃ ខណៈប្រាក់កម្ចីនៅស្ថាប័នមីក្រូហិរញ្ញវត្ថុក៏មានអត្រាការប្រាក់ខ្ពស់។
លោកបន្តថា បញ្ហាទាំងនេះបានធ្វើឱ្យកសិករមួយចំនួនសម្រេចបោះបង់ចោលរបរកសិកម្ម ហើយទៅចាប់រករបរផ្សេងជំនួសវិញ។
លោកថា៖ «បន្លែ! ដោយសាររឿងធ្លាក់ហ្នឹង ពិបាកដែរ រឿងទីផ្សារឡើងចុះៗ! អ៊ីចឹងអ្នកខ្លះទៅ គេងាកមកកាន់របរអីផ្សេងអ៊ីចឹងទៅ អ៊ីចឹងវាពិបាក។ មានបញ្ហារឿងទីផ្សារ រឿងបច្ចេកទេសខ្លះដែរ»។
ករណីនេះ កសិករ មឿន សុខខឿន បានអំពាវនាវដល់រដ្ឋាភិបាលបន្ថែមការយកចិត្តទុកដាក់លើកសិករ ជាពិសេសកាត់បន្ថយការនាំចូលផលិតផលកសិកម្មពីប្រទេសជិតខាង ដែលជាមូលហេតុចម្បងនៃបញ្ហាតម្លៃទីផ្សារ។
ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា លោក ថេង សាវឿន មានប្រសាសន៍ថា ការធ្លាក់ចុះនៃពលរដ្ឋដែលធ្វើកសិកម្មក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ ដោយសារតែពលរដ្ឋជួបបញ្ហាប្រឈមច្រើនលើបញ្ហាបច្ចេកទេស និងមិនមានទីផ្សារគ្រប់គ្រាន់សម្រាប់លក់ផលិតផលកសិកម្មរបស់ខ្លួន។ មួយវិញទៀត លោកថា ក្រសួងកសិកម្មដែលជាក្រសួងជំនាញ ក៏មិនបានផ្តល់ការគាំទ្រគ្រប់គ្រាន់ផ្នែកបច្ចេកទេសនិងថវិកាសម្រាប់ជួយដល់កសិករដែលត្រូវការជំនួយផងដែរ។
លោកថា៖ «នៅក្នុងដំណាក់កាលជិត១០ឆ្នាំចុងក្រោយនេះ គឺថាវិស័យកសិកម្មត្រូវបានប្រជាពលរដ្ឋអស់ទំនុកចិត្ត ដោយសារតែការផលិត ការដាំដុះបានហើយ តែមិនមានទីផ្សារសម្រាប់លក់ផលិតផល រឿងទី១។ រឿងទី២ ការគាំពារនិងការលើកកម្ពស់វិស័យកសិកម្មនៅមានកម្រិតនៅឡើយ»។
លោក ថេង សាវឿន បារម្ភថា ប្រសិនបើកសិករកម្ពុជាបន្តបោះបង់ការងារកសិកម្មទៀត នឹងធ្វើឱ្យប៉ះពាល់ដល់បញ្ហាស្បៀងអាហារ ចំណូលជាតិនឹងធ្លាក់ចុះ ហើយប្រទេសជិតខាងនឹងទាញយកអត្ថប្រយោជន៍ពីការធ្លាក់ចុះវិស័យកសិកម្មនេះថែមទៀត។
គ្រូបង្រៀនផ្នែកកសិកម្ម លោក នី ណាក់ សង្កេតឃើញថា កសិករជាច្រើនកំពុងបោះបង់មុខរបររបស់ពួកគេ ដើម្បីចាប់យកអាជីពថ្មី។ លោកបន្តថា កសិកម្មជាវិស័យសំខាន់មួយរបស់ប្រទេសកម្ពុជាតាំងពីដើមមក ហេតុដូច្នេះ ប្រសិនបើពលរដ្ឋបោះបង់ការធ្វើកសិកម្ម នឹងធ្វើឱ្យកង្វះការងារកើនឡើង ហើយតម្រូវការម្ហូបអាហារនឹងពឹងផ្អែកទាំងស្រុងលើការនាំចូលពីប្រទេសដទៃ។
ករណីនេះ លោកបានអំពាវនាវដល់រដ្ឋាភិបាលបន្តបង្កើនការយកចិត្តទុកដាក់បន្ថែមទៀតក្នុងការស្វែងរកទីផ្សារ និងផ្ដល់ជូនតម្លៃមួយដែលកសិករអាចទទួលយកបាន។ ចំពោះជំហានបន្ទាប់ លោកស្នើឱ្យផ្ដល់នូវការបណ្ដុះបណ្ដាលផ្នែកបច្ចេកទេស ការផ្តល់ទុនដែលមានការប្រាក់ទាប និងធ្វើយ៉ាងណាឱ្យវត្ថុធាតុដើម រួមមាន ជី ប្រេង និងថ្នាំកសិកម្ម ជាដើម មានតម្លៃទាប។
លោកថា៖ «យើងអាចជួយបានតាមរយៈការផ្ដល់នូវបច្ចេកទេស ប្រភពទុន ដែលគាត់យកមកប្រើប្រាស់ក្នុងអត្រាការប្រាក់ទាប ព្រោះបច្ចុប្បន្ន គាត់ខ្ចីពីមីក្រូហិរញ្ញវត្ថុ ថ្លៃហើយ ហើយការទូទាត់សងវាពិបាកខ្លាំង អ៊ីចឹងបានកសិកម្មខ្នាតតូចនិងខ្នាតមធ្យមត្រូវតែដួលហើយ»។
វីអូឌី មិនទាន់សុំការឆ្លើយតបពីអ្នកនាំពាក្យក្រសួងកសិកម្ម រក្ខាប្រមាញ់ និងនេសាទ លោក ស្រី វុឌ្ឍី និងអ្នកនាំពាក្យក្រសួងផែនការ លោក ស្រី ដា បានទេ នៅថ្ងៃសុក្រនេះ។
យោងតាមរបាយការណ៍អង្កេតកសិកម្មកម្ពុជាឆ្នាំ២០២០ កាលពីថ្ងៃទី២២ ខែកញ្ញា ម្សិលមិញ បានឱ្យដឹងថា ប្រទេសកម្ពុជាមានគ្រួសារដែលប្រកបមុខរបរកសិកម្មជាង ២លានគ្រួសារ (២ ០៣៣ ០០០គ្រួសារ) ដែលស្មើ ៥៧ភាគរយនៃចំនួនគ្រួសារសរុបក្នុងប្រទេសកម្ពុជា (ទិន្នន័យប៉ាន់ប្រមាណក្នុងឆ្នាំ២០១៩ កម្ពុជាមានពលរដ្ឋសរុបចំនួន៣ ៥៥៣ ០២១គ្រួសារ)។
របាយការណ៍ដដែលបន្តថា គ្រួសារកាន់កាប់កសិកម្មទាំងនោះត្រូវបានចែកជា៤តំបន់ភូមិសាស្រ្ត រួមមាន តំបន់វាលទំនាប មានគ្រួសារកាន់កាប់កសិកម្មច្រើនជាងគេ គឺមានដល់ទៅ៤៣% បន្ទាប់មកគឺតំបន់បឹងទន្លេសាបមាន៣៥% តំបន់ភ្នំនិងខ្ពង់រាបមាន១៥% និងចុងក្រោយតំបន់ឆ្នេរសមុទ្រមានតែ៧%។
បន្ថែមពីនេះ គ្រួសារកាន់កាប់កសិកម្មនៅក្នុងប្រទេសកម្ពុជាមានរហូតដល់ ៦១% ធ្វើកសិកម្មក្នុងគោលបំណងសម្រាប់ទុកប្រើប្រាស់ក្នុងគ្រួសារ ហើយមានតែ ៣៩% ប៉ុណ្ណោះ ធ្វើកសិកម្មក្នុងគោលបំណងចម្បងសម្រាប់លក់។ របាយការណ៍ដដែលបន្តទៀតថា ដំណាំកសិកម្មដែលកសិករដាំច្រើនជាងគេ គឺដំណាំស្រូវ បន្ទាប់មកមានដំណាំហូបផ្លែជាច្រើនប្រភេទ ដូចជា ស្វាយ ចេក ខ្នុរ មៀន ទឹកដោះគោ ត្របែក ទៀប ល្ហុង ព្រីង ស្រកានាគ ម្នាស់ និងទុរេន ជាដើម៕