Views: 2
ដោយ: ជា សីហៈ / ភ្នំពេញ: មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ បានអះអាងថា នៅពេលនេះជិតផុតរដូវកាលញាស់នៃអណ្តើកក្នុងឆ្នាំ២០២២ហើយ ដូច្នេះនៅក្នុងសប្តាហ៍នេះ មជ្ឈមណ្ឌលចង់ចែករំលែកនូវភាពជោគជ័យក្នុងការភ្ញាស់អណ្តើក ដើម្បីបង្កើនចំនួនរបស់វានៅក្នុងដែនជំរកធម្មជាតិ។
មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ បានអះអាងថា អណ្តើកសោមពេញវ័យនៅក្នុងមជ្ឈមណ្ឌលភាគច្រើនត្រូវបានរឹបអូស ដោយអាជ្ញាធរមូលដ្ឋានពីការជួញដូរសត្វព្រៃខុសច្បាប់ ហើយនឹងបានចូលមកដល់មជ្ឈមណ្ឌល។ ពួកវាក្លាយជាផ្នែកមួយនៃកម្មវិធីបង្កាត់ពូជ ដូច្នេះហើយពួកយើងអាចបង្កើតកម្មវិធីការធានាបាននូវចំនួនប្រភេទកម្រពីការផុតពូជ និងបង្កើតនូវផែនការ ឬគម្រោងលែងដោយសមស្របសម្រាប់ប្រភេទសត្វដែលនៅប្រទេសកម្ពុជា។
ប្រភពដដែលបានបន្តថា នេះគឺជាឆ្នាំទី ៣ នៅមជ្ឈមណ្ឌលដែលមានប្រភេទអណ្ដើកនេះ បានពង និងបន្ទាប់ពីអស់រយៈពេល ១៥៣ទៅ១៩៦ ថ្ងៃនៃការកប់ភ្ញាស់ពងនៅក្នុងដី ពួកយើងមានចំនួនកូនអណ្តើកញាស់ច្រើនបំផុតរបស់ពួកយើងក្នុងមួយរដូវកាលនេះ និងមានអត្រាញាស់បានជោគជ័យ៩៤%៕