Views: 1
ប្រែសម្រួល : កញ្ញាដាលីស (បាល់ទាត់) ៖ រដូវកាលថ្មី English Premier League បើកនៅចុងសប្តាហ៍នេះហើយក៏ដូចជាលីកកំពូលនៅបារាំងនិងអាល្លឺម៉ង់ផងដែរ ក្នុងនោះក្រុមការពារជើងឯក Man City នឹងធ្វើដំណើរទៅផ្ទះរបស់ញញួរធំ West Ham នៅថ្ងៃអាទិត្យ ចំណែកជើងឯករង Liverpool ទៅសួរសុខទុក្ខ Fulham នៅក្បាលព្រលប់ថ្ងៃសៅរ៍នេះ។ ទោះយ៉ាងណាយើងសូមយកតែ៣គូក្នុងក្របខ័ណ្ឌ EPL មកវិភាគជូនប៉ុណ្ណោះ។
– Fulham vs Liverpool
ក្រុមឈូកស Fulham បានលើកពានក្របខ័ណ្ឌ Championship រដូវកាលមុន ហើយពួកគេសង្ឃឹមយកទម្រង់លេងដ៏ល្អនេះមកប្រើក្នុងយុទ្ធនាការថ្មីនៅក្នុងលីកកំពូលអង់គ្លេស។
នេះគឺជារឿងដែលក្រុមឈូកសតែងតែបរាជ័យជាទៀងទាត់មិនអាចសម្រេចបានក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយបានទទួលរងនូវការកាត់ចេញពីក្របខ័ណ្ឌកំពូលចំនួនពីរលើកក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ។
Fulham បានចុះហត្ថលេខាទិញកីឡាករដូចជា Kevin Mbabu, Joao Palhinha, Manor Solomon និង Andreas Pereira នៅក្នុងទីផ្សារដោះដូរកីឡាកររដូវក្តៅ។ ចាំមើលមើល៎តើកីឡាករថ្មីៗទាំងនេះអាចជួយ Fulham កុំឱ្យធ្លាក់ទៅ Championship ភ្លាមៗដូចបណ្តាឆ្នាំមុនៗបានឬយ៉ាងណា។
កីឡាករ Aleksandar Mitrovic លេងល្អដូចផ្កាកាលពីរដូវកាលមុន ខណៈរូបគេបានបំបែកកំណត់ត្រានៃក្របខ័ណ្ឌ Championship ជាមួយនឹងការស៊ុត ៤៣ គ្រាប់ក្នុងការបង្ហាញខ្លួន ៤៤ លើកសម្រាប់ Fulham ។
ខ្សែប្រយុទ្ធសញ្ជាតិសែប៊ីរូបនេះចាំបាច់ត្រូវសម្រេចបានគ្រាប់បាល់យ៉ាងតិចមួយភាគបីនៃចំនួនគ្រាប់បាល់ទាំងនេះនៅក្នុងលីកកំពូល កន្លែងដែលរូបគេខកខានក្នុងឱកាសមុនៗ។
គួរឱ្យស្តាយសម្រាប់អ្នកគាំទ្ររបស់ពួកគេ ក្រុម Fulham មានកាលវិភាគដ៏លំបាកនៅដើមរដូវកាលនេះ រួមទាំងការប្រកួតបើកឆាកជាមួយនឹងក្រុមហង្សក្រហម Liverpool ដែលឈ្នះពានរង្វាន់ Community Shield Trophy ថ្មីៗនេះ។
កូនក្រុមដ៏ខ្លាំងក្លារបស់លោក Jurgen Klopp នឹងធ្វើដំណើរទៅកាន់ទឹកដី Craven Cottage ក្នុងនាមជាក្រុមរំពឹងឈ្នះខ្ពស់បំផុត ជាពិសេសបន្ទាប់ពីការលេងដ៏អស្ចារ្យក្នុងជ័យជម្នះ ៣-១ លើក្រុមជើងឯកអង់គ្លេស Manchester City កាលពីប្រាំពីរថ្ងៃមុន នៅលើទឹកដីកណ្តាលគឺកីឡដ្ឋាន King Power។
Mohamed Salah បានបញ្ជូនបាល់ឱ្យមិត្តរួមក្រុមស៊ុតមួយគ្រាប់និងស៊ុតបញ្ចូលទីបានមួយគ្រាប់ក្នុងឱកាសនោះ ហើយរូបគេបានត្រៀមខ្លួនរួចជាស្រេចសម្រាប់យុទ្ធនាការដ៏កក្រើករដូវកាលនេះ ក្រោយឈ្នះរង្វាន់ស្បែកជើងមាសរួមគ្នាជាមួយកីឡាករ Heung-Min Son កាលពីរដូវកាលមុន។
Liverpool ឈ្នះរហូតនៅទឹកដីរបស់ Fulham នៅ២ប្រកួតចុងក្រោយ ត្បិតហង្សក្រហមចាញ់ឈូកស១-០ នៅ Anfield កាលពីខែមីនាឆ្នាំមុនក៏ដោយ។ ជួបគ្នា៤លើកចុងក្រោយ ក្រុមទាំងពីរស៊ុតបញ្ចូលទីក្រោម៣គ្រាប់ប៉ុណ្ណោះ។
ផ្អែកលើគុណភាពក្រុមទាំងពីរ យើងរំពឹង Liverpool ឈ្នះក្នុងលទ្ធផលព្យាករណ៍ ២-០។
– Tottenham vs Southampton
ក្រុមមាន់ខ្នាយមាស Tottenham មានភាពមមាញឹកណាស់នៅរដូវក្តៅនេះ ហើយអ្នកជំនាញជាច្រើនបានសរសើរពួកគេថាជាក្រុមប្រជែងពានទៀតផងដោយសារតែការទិញកីឡាករថ្មីៗជាច្រើនរូប។
Spurs បានទិញកីឡាករសាគួខ្លាំងៗនៅក្នុងតំបន់សំខាន់ៗ ដែលកីឡាករភាគច្រើនគឺជ្រើសផ្ទាល់ដៃដោយលោក Antonio Conte ។
ខ្សែប្រយុទ្ធ Richarlison នឹងក្លាយជាកីឡាករសាគួល្អបំផុតសម្រាប់ Harry Kane និង Heung-Min Son នៅជួរមុខ ហើយកីឡាករ Yves Bissouma និង Clement Lenglet គួរតែជួយកែលម្អទម្រង់ការពាររបស់ក្រុមបានយ៉ាងច្រើន ខណៈកីឡាករ Ivan Perisic និង Djed Spence នឹងក្លាយជាការបន្ថែមដ៏អស្ចារ្យដល់តំបន់ស្លាប ដែលជាក្បួនលេងប្រចាំត្រកូលរបស់លោក Conte ។
យើងមិនចាំបាច់ភ្ញាក់ផ្អើលទេនៅពេលដែលឃើញ Spurs លេងល្អក្នុងរដូវកាលនេះ ព្រោះក្រុមនេះត្រូវបានបំពាក់បំប៉នយ៉ាងល្អនៅគ្រប់តំបន់ទាំងអស់។
ដូចគ្នានេះផងដែរអ្នកមិនគួរភ្លេចថា លោក Conte បានឈ្នះពានរង្វាន់លីកចំនួន ៦ រួចហើយជាមួយនឹងក្លិបផ្សេងៗគ្នា។ តើគាត់អាចដឹកនាំ Spurs លើកពានដំបូងនៅរដូវកាលនេះបានទេ?
ក្រុមមាន់ខ្នាយមាសនឹងមានឱកាសអស្ចារ្យដើម្បីទទួលជ័យជម្នះនៅយប់ថ្ងៃសៅរ៍នេះ នៅពេលពួកគេស្វាគមន៍ក្រុមយ៉ាប់យ៉ឺន Southampton មកកាន់ទីក្រុងឡុងដ៍សម្រាប់ការប្រកួតបើកឆាកថ្ងៃទី១។
ក្រុមភ្ញៀវជួបការខកចិត្តខ្លាំងកាលពីរដូវកាលមុន ហើយពួកគេបានពង្រឹងក្រុមតិចជាងគេបំផុតក្នុងពីររដូវកាលចុងក្រោយនេះ។
កីឡាករ Joe Aribo របស់ក្រុម Rangers គឺជាការទិញដ៏សំខាន់តែមួយគត់រហូតមកទល់ពេលនេះសម្រាប់លោក Ralph Hasenhuttl និងក្រុមរបស់គាត់។ គួរកត់សម្គាល់ផងដែរថា ក្រុមព្រះម៉ែម៉ារីលែងមានកីឡាករ Armando Broja ទៀតហើយ ព្រោះរូបគេបានត្រឡប់ទៅក្លិបមេរបស់ខ្លួនវិញ គឺ Chelsea នៅរដូវក្តៅនេះ។
ត្បិត Spurs មានប្រវត្តិឈ្នះ ៣១ លើក ស្មើ ៦ និង ចាញ់ ៩ ក្នុងពេលទទួល Southampton ក្នុងទឹកដីខ្លួនឯង ដែលជាកំណត់ត្រាល្អ ប៉ុន្តែជួបព្រះម៉ែម៉ារី២លើករដូវកាលមុនគឺចាញ់ទាំងពីរ។
ទោះយ៉ាងណា Spurs នៅតែសង្ឃឹមច្រើន ហើយលទ្ធផលព្យាករណ៍គឺ Spurs ឈ្នះ ២-០។
– Everton vs Chelsea
Everton និង Chelsea នឹងបិទការប្រកួតដ៏រំភើបបើករដូវកាលនៅយប់ថ្ងៃសៅរ៍នេះក្នុងក្របខ័ណ្ឌកំពូលរបស់អង់គ្លេស ខណៈពួកគេត្រូវជួបគ្នានៅកីឡដ្ឋាន Goodison។
Chelsea ចូលមកការប្រកួតនេះក្នុងនាមជាក្រុមរំពឹងឈ្នះខ្ពស់ សូម្បីតែហាងឆេងឈ្នះសម្រាប់ពួកគេក៏គេហ៊ានឱ្យត្រឹមតែ ១,៧០ ដែរមិនហ៊ានឱ្យខ្ពស់ខ្លាំងនោះទេ។
ក្រុមតោខៀវបានបាត់បង់ខ្សែការពារសំខាន់ Antonio Rudiger និង Andreas Christensen ដោយសារការផ្ទេរដោយគ្មានតម្លៃខ្លួនទៅកាន់ក្លិបជើងឯក La Liga គឺ Real Madrid និង Barcelona រៀងៗខ្លួន ប៉ុន្តែពួកគេអាចទិញបានមកវិញនូវខ្សែការពាររឹងមាំ Kalidou Koulibaly ពី Napoli ដើម្បីបំពេញចន្លោះប្រហោងនៅខាងក្រោយ។
ក្រុមរបស់លោក Thomas Tuchel បានបរាជ័យក្នុងការចុះហត្ថលេខាទិញកីឡាករគោលដៅជាច្រើននាក់នៅរដូវកាលនេះ បន្ទាប់ពីបាត់បង់ Romelu Lukaku ប៉ុន្តែពួកគេអាចទិញបាន Raheem Sterling ដែលអាចតំណាងឱ្យការបន្ថែមដ៏អស្ចារ្យនៅក្នុងតំបន់ប្រយុទ្ធ។
វានឹងក្លាយជារឿងគួរឱ្យចាប់អារម្មណ៍ខ្លាំងក្នុងការមើលអតីតខ្សែបម្រើស្លាបរបស់ Manchester City ចូលលេងនៅថ្ងៃសៅរ៍នេះដើម្បីក្រឡុកខ្សែការពារដ៏ទន់ជ្រាយរបស់ Everton ។
Sterling បានស៊ុតចូល១គ្រាប់ក្នុងជ័យជម្នះ ១-៣ លើក្រុម Udinese នៃក្របខ័ណ្ឌ Serie A សម្រាប់ការប្រកួតមិត្តភាពចុងក្រោយរបស់ Chelsea កាលពីប្រាំពីរថ្ងៃមុន។
Everton ប៊ិះតែចៀសមិនផុតពីការធ្លាក់ចុះ បន្ទាប់ពីកើបបាន១០ពិន្ទុនៅប៉ុន្មានប្រកួតចុងក្រោយ ហើយរួចផុតពីការកាត់ចោលទាំងប្រផុតប្រផើយ។
ទោះយ៉ាងណា ក្រុមស្ករគ្រាប់នឹងចូលរដូវកាលថ្មីនេះដោយគ្មានតារាឆ្នើម Richarlison ដែលបានចាកចេញទៅ Tottenham ។
បញ្ជីនៃការទិញចូលគឺមិនសូវជាល្អអីណាស់ណានោះទេ រួមមានដូចជាកីឡាករ James Tarkowski, Dwight McNeil និង Ruben Vinagre ។ ស្ករគ្រាប់មើលទៅប្រហែលប្រឈមការកាត់ចោលមួយរដូវកាលទៀតហើយ។
Everton ស្វាគមន៍ Chelsea បួនប្រកួតចុងក្រោយគឺចាញ់តែម្តងគត់ ហើយមានគ្រាប់បាល់ស៊ុតមិនច្រើននោះទេ ហើយជាពិសេសបានឈ្នះតោខៀវ ១-០ រដូវកាលមុនជាហេតុនាំឱ្យរួចផុតពីការកាត់ចោលទៅក្របខ័ណ្ឌទីពីរ។
ទោះយ៉ាងណា តោខៀវនៅតែមានកីឡាករគុណភាពជាង ដូច្នេះលទ្ធផលរំពឹងទុកគឺ Chelsea ឈ្នះ ២-០៕
Liverpool រំពឹងឈ្នះ Fulham នៅក្បាលព្រលប់ថ្ងៃសៅរ៍នេះ