Views: 6
រដ្ឋមន្ត្រីក្រសួងសុខាភិបាល ៖ ករណីរថយន្តសង្គ្រោះបន្ទាន់ ដឹកអ្នករងគ្រោះ ដោយគ្រោះថ្នាក់ ចរាចរណ៍ មិនតម្រូវឱ្យបង់ថ្លៃសេវា និងរួមទាំងរថយន្តដឹកសព
ដោយៈ ទេព មង្គល / ភ្នំពេញៈ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានបញ្ជាក់ នៅក្នុងលិខិតមួយច្បាប់របស់លោក នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២២ នេះថាៈ ក្រសួង ធ្លាប់បានធ្វើការណែនាំ ករណីរថយន្តសង្គ្រោះបន្ទាន់ ដឹកអ្នករងគ្រោះ ដោយគ្រោះថ្នាក់ ចរាចរណ៍ មិនតម្រូវឱ្យបង់ថ្លៃសេវា និងរួមទាំងរថយន្តដឹកសព (ស្លាប់ក្នុងមន្ទីរពេទ្យ ឬដោយ គ្រោះថ្នាក់ចរាចរណ៍) ដឹកពីមន្ទីរពេទ្យ ឬកន្លែងគ្រោះថ្នាក់ចរាចរណ៍ ទៅកាន់លំនៅដ្ឋានសព។
ពាក់ព័ន្ធនឹងករណី ខាងលើនេះ លោក ម៉ម ប៊ុនហេង បានលើកឡើងថាៈ កន្លងមក មន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានី ខេត្ត ទាំងអស់ ក៏បានធ្វើការណែនាំ ដល់មន្ទីរពេទ្យ មណ្ឌលសុខភាព ដើម្បីសហការគ្នា ពង្រឹងសេវារថយន្ត សង្គ្រោះបន្ទាន់ ពិសេសសម្រាប់ អ្នករងគ្រោះថ្នាក់ចរាចរណ៍ បាក់បែកឆ្អឹង ហូរឈាម ឬសន្លប់ ត្រូវការសង្គ្រោះអាយុជីវិត ដើម្បីចូលរួមចំណែក កាត់បន្ថយអត្រាស្លាប់ ដោយគ្រោះថ្នាក់ ចរាចរណ៍។
លោក រដ្ឋមន្ត្រីក្រសួងសុខាភិបាល សង្ឃឹមថាៈ អភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ទាំងអស់ យកចិត្តទុកដាក់ណែនាំ ឱ្យប្រធានមន្ទីរសុខាភិបាល ពង្រឹងសេវាសង្គ្រោះបន្ទាន់ ក្នុងមន្ទីរពេទ្យ សេវារថយន្តសង្គ្រោះ ដើម្បីជួយសង្គ្រោះបន្ទាន់ ឬដឹកអ្នករបួសធ្ងន់ធ្ងរ ជាពិសេសអ្នករងគ្រោះថ្នាក់ចរាចរណ៍ ដោយមិនតម្រូវឱ្យបង់ថ្លៃសេវាដឹកជញ្ជូន និងសេវារថយន្តដឹកសព ទៅលំនៅដ្ឋាននៃសព ដោយការទទួលខុសត្រូវខ្ពស់៕/V