Views: 4
ដោយៈ ប.ជ័យ / បន្ទាយមានជ័យៈ លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង និងជានាយសេនាធិការ យោធភូមិភាគ ទី៥ អមដំណើរដោយលោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មើរជើង លេខ៥១ កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ បានអញ្ជើញចុះពិនិត្យលំហាត់យុទ្ធដំណើរទ័ព វគ្គហ្វឹកហ្វឺន របស់វរសេនាតូចថ្មើរ លេខ៥១៣ កងពលតូចលេខ៥១ នៅនឹងកន្លែងហ្វឹកហ្វឺននោះ។
លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ បានឱ្យដឹងនៅថ្ងៃទី២៥ វិច្ឆិកានេះថាៈ វគ្គហ្វឹកហ្វឺនទូទៅ លំហាត់យុទ្ធដំណើរទ័ព ចំណុះកងពល និងវរសេនាតូចថ្មើរជើង លេខ៥១៣ នៃកងពលតូចថ្មើរជើង លេខ៥១ នេះ មានសិក្ខាកាម ចំនួន ២០០ នាក់ ចូលរួម។
លោកបានបញ្ជាក់ថាៈ លំហាត់យុទ្ធដំណើរទ័ពនេះ ចល័តដោយថ្មើរជើង ចំងាយ ១៧ គីឡូម៉ែត្រ ក្នុងនោះ ត្រូវឆ្លងកាត់ឧបសគ្គធម្មជាតិ មួយចំនួន ស្ថិតនៅក្នុងភូមិសាស្រ្ត ជិតព្រំដែនកម្ពុជា-ថៃ ក្នុងស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
ដោយឡែក លោកឧត្តមសេនីយ៍ទោ សេង ធារិន បានបញ្ជាក់ថាៈ ស្ថិតនៅក្នុងកាលៈទេសៈ ប្រទេសមានសុខសន្តិភាព ស្ថិរភាពនយោបាយនេះហើយ ដែលជាឱកាសមាស សំរាប់កងទ័ព ធ្វើការហ្វឹកហ្វឺន ពង្រឹងសមត្ថភាពកាយសម្បទា ជំនាញយុទ្ធវិធីកងទ័ព ឲ្យបានស្ទាត់ជំនាញ ធានាបានទាំងបរិមាណ គុណភាព ឆន្ទៈ មនសិការ ស្នេហាជាតិ ។ ពោលគឺ ក្នុងការអនុវត្ត តួនាទី ភារកិច្ចរបស់កងទ័ព ដែលជាខឿនការពារជាតិ ការពារឯករាជ្យ អធិបតេយ្យភាព បូរណភាពទឹកដី សុខសន្តិភាព ដើម្បីបុព្វហេតុជាតិ មាតុភូមិ និងប្រជាជន។
លោកបានបន្តថាៈ ក្រុមការងារហ្វឹកហ្វឺន ត្រូវត្រួតពិនិត្យ វាយតម្លៃ ឲ្យបានច្បាស់លាស់ ចំពោះសិក្ខាកាម ដែលទទួលបាននិទ្ទេសល្អ ត្រូវផ្តល់នូវប័ណ្ណសរសើរ លិខិតសរសើរ ប្រកបដោយតម្លាភាព ដើម្បីកសាងពង្រឹងគុណភាព នាយទាហានបន្តវេន។
លោកបានបន្តទៀតថាៈក្រៅពីហ្វឹកហ្វឺនពង្រឹងសមត្ថភាព ត្រូវត្រៀមអន្តរាគមន៍ ២៤ម៉ោង លើ២៤ម៉ោង ទាំងកម្លាំង សម្ភារ មធ្យោបាយ សម្រាប់ជួយសង្រ្គោះប្រជាពលរដ្ឋ រងគ្រោះ ដោយគ្រោះមហន្តរាយ ធម្មជាតិផ្សេងៗ ឲ្យបានទាន់ពេលវេលាផងដែរ។ ជាមួយគ្នានោះ កងកម្លាំងទាំងអស់ ក៏ត្រូវយកចិត្តទុកដាក់ បន្តអនុវត្តវិធានការ ការឆ្លងរីករាលដាលជំងឺ កូវីដ-១៩ តាមវិធានការសុខាភិបាល និងវិធានការ ៣ការពារ និង ៣កុំ ឲ្យបានជាប្រចាំ៕/V-PC