Views: 6
ដោយៈសុផល/ភ្នំពេញ ៖ នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (កយកា-KOICA) បានរៀបចំពិធីតម្រង់ទិសមុនពេលចេញដំណើរ សម្រាប់មន្ត្រីរដ្ឋាភិបាលកម្ពុជាដែលត្រូវបានជ្រើសរើសដើម្បីទទួលបានកម្មវិធីអាហារូបករណ៍ថ្នាក់អនុបណ្ឌិតសម្រាប់ឆ្នាំសិក្សា ២០២២-២០២៤ ។
ពិធីតម្រង់ទិសមុនពេលចេញដំណើរ នេះត្រូវបានធ្វើឡើងក្រោមវត្តមានរបស់ លោក សុង យុងជូន(Song Youngjun) អនុប្រធានតំណាង នៃការិយាល័យកយកា-KOICA ប្រចាំប្រទេសកម្ពុជា និង លោក អ៊ឹម សួរ អគ្គលេខាធិការរង គណៈកម្មាធិការនីតិសម្បទា និងអភិវឌ្ឍន៍កម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (គ.ជ.នា/ក.អ.ក- CRDB/CDC) និងប្រធានសមាគមអតីតកម្មសិក្សាការីកម្ពុជា-កូរ៉េ (ស អ ក ក-CAMKAA)។
ដោយមានបេសកកម្មគាំទ្រការអភិវឌ្ឍធនធានមនុស្ស (HRD) ជាមួយប្រទេសជាដៃគូ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ(កយកា-KOICA) បានអញ្ជើញមន្ត្រីរាជការកម្ពុជា ដែលមានទេពកោសល្យ និងជួយអភិវឌ្ឍពួកគេលើជំនាញវិជ្ជាជីវៈ និង ចំណេះដឹង ដែលដើរតួនាទីយ៉ាងសំខាន់នៅក្នុងប្រទេសកម្ពុជា។
កម្មវិធីអាហារូបករណ៍កយកា គឺជាកម្មវិធីដែទទួលបានមូលនិធិយ៉ាងពេញលេញ ដែលគាំទ្រដោយរដ្ឋាភិបាល នៃសាធារណរដ្ឋកូរ៉េ ទៅកាន់ប្រទេសជាដៃគូរបស់ កយកា។ កម្មវិធីអាហារូបករណ៍នេះ បានចាប់ផ្តើមនៅក្នុងប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ១៩៩៤ ហើយមានគោលបំណងដើម្បីចែករំលែកបទពិសោធន៍ពីការអភិវឌ្ឍន៍របស់កូរ៉េ ដល់ប្រទេសកម្ពុជា ដើម្បីចូលរួមចំណែកដល់ តម្រូវការអភិវឌ្ឍ សម្រាប់រយៈពេលវែងរបស់ប្រទេសកម្ពុជា។
ដើម្បីសម្រេចបាននូវបេសកកម្មនេះ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ(កយកា-KOICA) បានចាប់ផ្តើមប្រតិបត្តិការ អាហារូបករណ៍កម្រិតអនុបណ្ឌិត ជាមួយសាកលវិទ្យាល័យល្បីៗ នៅប្រទេសកូរ៉េ ចំនួន២០ នៅក្នុងវិស័យកសិកម្ម វិស័យអភិវឌ្ឍជនបទ វិស័យអប់រំ វិស័យអភិបាលកិច្ច វិស័យបច្ចេកវិទ្យា និង វិស័យបរិស្ថាននិងថាមពល។ ដោយឡែក សម្រាប់ឆ្នាំ២០២២នេះ មានមន្ត្រីឆ្នើមចំនួន៣ រូប ដែលបានទទួលអាហារូបករណ៍ វគ្គសិក្សាថ្នាក់អនុបណ្ឌិត ជាមួយសាកលវិទ្យាល័យល្បីៗ ចំនួន៨ នៅប្រទេសកូរ៉េ។
នៅក្នុងពិធីនេះ ការិយាល័យកយកាប្រចាំកម្ពុជា បានធ្វើបទបង្ហាញអំពី វគ្គសិក្សាថ្នាក់អនុបណ្ឌិតដោយសង្ខេប និងផ្តល់ឲ្យមន្ត្រីអាហារូបករណ៍ នូវការតំរង់ទិសជាមូលដ្ឋាន ដូចជា ទី១)-គោលការណ៍ណែនាំអាហារូបករណ៍ កយកា-KOICA ទី២)-ព័ត៌មានជំនួយសម្រាប់ការរស់នៅប្រទេសកូរ៉េ ទី៣)-ព័ត៌មានអំពីសមាគមអតីតកម្មសិក្សាការីកម្ពុជា-កូរ៉េ(សអកក-CAMKAA) និង ទី៤)-ក្រមសីលធម៌ស្តីពីសុចរិតភាព និងការយាយីផ្លូវភេទ។
មន្ត្រីអាហារូបករណ៍ដែលត្រូវបានជ្រើសរើសឲ្យជាប់អាហារូបករណ៍ បានថ្លែងអំណរគុណ និងប្តេជ្ញា នូវការគាំទ្ររបស់ពួកគេចំពោះ ការិយាល័យកយកា និងរដ្ឋាភិបាលកូរ៉េ ក៏ដូចជា បានប្តេជ្ញាក្នុងការនាំមកនូវកំណែទម្រង់សង្គម និង កំណែទម្រង់គោលនយោបាយនៅក្នុងប្រទេសកម្ពុជា បន្ទាប់ពីរៀនពីបទពិសោធន៍របស់ប្រទេសកូរ៉េ៕