Views: 3
ដោយៈ មុនីរ័ត្ន / ភ្នំពេញៈ អគ្គលេខាធិការរង នៃគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) លោក ម៉ុក ដារ៉ា បានបញ្ជាក់ថាៈ អនុលោមតាមច្បាប់បោះឆ្នោត បទបញ្ជា និងនីតិវិធី សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ និងសេចក្តីសម្រេច លេខ ២៧៦ គ.ជ.ប.ស.ស.រ ចុះថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ ស្តីពីការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ ដំណើរការពិនិត្យ បញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត និងការផ្ដល់សុពលភាព លើបញ្ជីបោះឆ្នោត ឆ្នាំ២០២២ ត្រូវចាប់ផ្ដើមពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ ដល់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ ។ ដោយឡែក ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត នៅតាមឃុំ សង្កាត់ ទូទាំងប្រទេស ត្រូវអនុវត្តចាប់ពីថ្ងៃទី២០ ខែតុលា ដល់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ ។ ការបញ្ជាក់នេះ ក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលស្ដីពី ”ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២” ជូនដល់គ្រូបង្ហាត់ និងមន្ត្រី គ.ជ.ប នៅទីស្ដីការ គ.ជ.ប កាលពីព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០២២ ។
លោក ម៉ុក ដារ៉ា អគ្គលេខាធិការរង នៃ គ.ជ.ប ( រូបថត៖ គ.ជ.ប )
លោក ម៉ុក ដារ៉ា បានបន្តថាៈ ប្រជាពលរដ្ឋខ្មែរដែលមិនទាន់បានចុះឈ្មោះបោះឆ្នោត ពីមុនមក អ្នកដែលទើបគ្រប់អាយុ ១៨ឆ្នាំ គិតដល់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ (កើតមុន ឬត្រឹមថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០០៥) អ្នកដែលបានផ្លាស់លំនៅឋាន ឬទីសំណាក់ចូលថ្មី ក្នុងឃុំ សង្កាត់ អ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ប៉ុន្តែឈ្មោះ ឬទិន្នន័យរបស់ខ្លួនមិនត្រឹមត្រូវ មានសិទ្ធិស្នើសុំចុះឈ្មោះបោះឆ្នោត នៅក្នុងឃុំ សង្កាត់ ដែលខ្លួនកំពុងរស់នៅ ឬស្នាក់អាស្រ័យនៅជាក់ស្ដែង ។
អគ្គលេខាធិការរង បានបញ្ជាក់ថាៈ ក្នុងពេលថ្មីៗនេះ គ.ជ.ប បានចេញសេចក្ដីណែនាំលេខ ០៥២ គ.ជ.ប.ស.ណ.ន ចុះថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២ ស្ដីពីការដាក់ឱ្យដំណើរការ កម្មវិធីផ្លាស់ប្ដូរឯកសារចុះឈ្មោះបោះឆ្នោត អស់សុពលភាព តាមប្រព័ន្ធអ៊ីនធឺណិត ចាប់ពីថ្ងៃទី១៥ ខែកក្កដា ដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ ដើម្បីបង្កលក្ខណៈងាយស្រួល ដល់អ្នកមានឈ្មោះ ក្នុងបញ្ជីបោះឆ្នោត ដែលប្រើប្រាស់ឯកសារចុះឈ្មោះបោះឆ្នោត អស់សុពលភាពដូចជា អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ (អ.ខ) ឬឯកសារបញ្ជាក់ អត្តសញ្ញាណ បម្រើឱ្យការចុះឈ្មោះបោះឆ្នោត (ឯ.អ) មានលទ្ធភាពធ្វើការផ្លាស់ប្ដូរ ឯកសារចុះឈ្មោះបោះឆ្នោតរបស់ខ្លួន បានងាយស្រួល ទាន់ពេលវេលា និងមានបច្ចុប្បន្នភាព នៅលើគេហទំព័ររបស់ គ.ជ.ប ដែលមានអាសយដ្ឋាន voterlist.nec.gov.kh ។
លោក ម៉ុក ដារ៉ា ក៏បានណែនាំដល់សិក្ខាកាមទាំងអស់ ត្រូវយកចិត្តទុកដាក់ ចំពោះការបង្ហាត់បង្រៀន នៅក្នុងវគ្គបណ្ដុះបណ្ដាលនេះ ទាំងផ្នែកទ្រឹស្តី និងបច្ចេកទេស និងសូមឱ្យគ្រូបង្ហាត់ គ.ជ.ប ចាត់ចែងការងារបង្ហាត់បង្រៀនបន្ត ឱ្យបានល្អ តាមកម្មវិធី ដែលបានកំណត់ តាមនិយាមគរុកោសល្យ រួមផ្សំនឹងបទពិសោធន៍ល្អៗ ដែលបានអនុវត្ត នាពេលកន្លងមក ។
គួរបញ្ជាក់ថា វគ្គបណ្ដុះបណ្ដាលនេះ រៀបចំឡើង រយៈពេល ៥ថ្ងៃ គឺចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ ដោយមានសិក្ខាកាម ជាគ្រូបង្ហាត់ និងមន្ត្រី គ.ជ.ប ចូលរួមសរុបប្រមាណ ៦០ នាក់ ៕/V