Views: 9
ដោយៈប.ខុន/ភ្នំពេញៈ តាមការព្យាករនៅវេលាម៉ោងប្រមាណជា២១ យប់ ថ្ងៃទី៥ ខែធ្នូ អាចនឹងមានភ្លៀងធ្លាក់តិចតួចលើរាជធានីភ្នំពេញ និងនៅរសៀលថ្ងៃទី១០ ខែធ្នូ អាចមានភ្លៀង ធ្លាក់ក្នុងកម្រិតពីតិចទៅមធ្យមក្នុងភូមិសាស្ត្រស្រុកព្រៃនប់ តែមិនមានភ្លៀងធ្លាក់ដល់តំបន់ឆ្នេរក្រុងព្រះសីហនុដែលជាកន្លែងរៀបចំបុណ្យសមុទ្រពីថ្ងៃទី៩ ដល់ថ្ងៃទី១២ ខែធ្នូនោះទេ។ នៅពាក់កណ្តាលខែធ្នូនេះធាតុអាកាសនឹងចាប់ផ្តើមចុះត្រជាក់អាចដល់កម្រិត១២ទៅ១៣អង្សាសេនៅតំបន់ខ្លះដោយសារសម្ពាធខ្ពស់បានរុញចុះមកខ្លាំង។លោកចាន់ យុត្ថា អ្នននាំពាក្យ និងជារដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយមបានប្រាប់ឱ្យរស្មីកម្ពុជាដឹងយ៉ាងដូច្នេះនៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២នេះ។
អ្នកនាំពាក្យក្រសួងជំនាញខាងលើបាននិយាយឱ្យដឹងទៀតថាធាតុអាកាសអាចនឹងចុះត្រជាក់ខ្លាំងនៅពាក់កណ្តាលខែធ្នូនេះ ដោយសម្ពាធខ្ពស់បានរុញចុះមកយ៉ាងខ្លាំង។ សីតុណ្ហភាពអាចនឹងចុះដល់កម្រិត១២ទៅ១៣អង្សាសេនៅតំបន់ខ្លះប្រសិនបើបាតុភូតមួយដែលកំពុងមានសកម្មភាពនៅក្នុងសមុទ្រប៉ាស៊ីហ្វិកមិនអាចឆ្លងចូលសមុទ្រចិនបានទេនោះ។ តែបើវាឆ្លងចូលមកក្នុងសមុទ្រចិនខាងត្បូងបាននោះស្ថានភាពភ្លៀងធ្លាក់ខុសប្រក្រតីនៅមានបន្តតែមិនច្រើនទេ។
លោកចាន់ យុត្ថា បានបញ្ជាក់ថាសម្រាប់ពីថ្ងៃទី៩ដល់ថ្ងៃទី១២ ខែធ្នូ នៅក្រុងព្រះសីហនុដែលជាកន្លែងរៀបចំបុណ្យសមុទ្រលើកទី៩ ជុំទី៣ និងមហាសន្និបាតក្លឹប ឆ្នេរសមុទ្រដែលស្អាតដាច់គេលើលោកមិនឃើញមានសញ្ញាភ្លៀងធ្លាក់ទេ។ តែនៅសមុទ្រក្រៅមានខ្យល់បក់ខ្លាំង។
ក្រសួងធនធានទឹកនិងឧតុនិយមកាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២ បានជូនដំណឹងស្តីពីការព្យាករធាតុអាកាស សម្រាប់ពីពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី៦ ខែធ្នូថា ចាប់
ពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី២ ខែធ្នូ ព្រះរាជាណាចក្រកម្ពុជាទទួលរងឥទ្ធិពលខ្សោយពីទ្រនុងសម្ពាធខ្ពស់ ។ ពីថ្ងៃទី៣ដល់ថ្ងៃទី៦ ខែធ្នូ ទទួលរងឥទ្ធិពលពីការប្រសព្វគ្នារវាងជ្រលងនៃសម្ពាធទាបរុញមកពីសមុទ្រចិនខាងត្បូង និងទ្រនុងសម្ពាធខ្ពស់ពីខ្ពង់រាបភាគឦសានបង្កឱ្យមានភ្លៀងធ្លាក់រាយប៉ាយក្នុងកម្រិតពីតិចទៅបង្គួរលាយឡំដោយផ្គរ រន្ទះ។
សេចក្តីជូនដំណឹងដដែលបានឱ្យដឹងទៀតថាស្ថានភាពអាកាសធាតុដូចខាងលើធ្វើឱ្យតំបន់វាលទំនាបកណ្តាលមានសីតុណ្ហភាពអប្បបរមាពី២២ទៅ២៤អង្សាសេ សីតុណ្ហភាពអតិបរមា មានពី៣០ទៅ៣២អង្សាសេ។ចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកាដល់ថ្ងៃទី២ ខែធ្នូ អាចមានភ្លៀងធ្លាក់តិចតួចនិងពីថ្ងៃទី៣ដល់ថ្ងៃទី៦ ខែធ្នូ អាចមានភ្លៀងធ្លាក់នៅក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំទៅដោយផ្គរ រន្ទះ។
នៅតំបន់ខ្ពង់រាបមានសីតុណ្ហភាពអប្បបរមាពី២១ទៅ២៣អអ្សាសេ សីតុណ្ហភាពអតិបរមាមានពី២៩ទៅ៣១អង្សាសេ ។ ចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី២ ខែធ្នូ អាចមានភ្លៀងតិចតួច និងពីថ្ងៃទី៣ ដល់៦ ខែធ្នូ អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅមធ្យម លាយឡំទៅដោយផ្គរ រន្ទះ។
សម្រាប់តំបន់មាត់សមុទ្រមានសីតុណ្ហភាពអប្បបរមាមានពី២៣ទៅ២៥អអ្សាសេ សីតុណ្ហភាពអតិបរមាមានពី៣០ទៅ៣២អង្សាសេ អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរលាយឡំទៅដោយផ្គរ រន្ទះ៕/R