Views: 5
ដោយៈប.ខុន/ភ្នំពេញៈទឹកបឹងទន្លេសាបបានឡើងដល់កម្ពស់ ៧,០១ម៉ែត្រ នៅថ្ងៃទី២៩ ខែកញ្ញា ខណៈពេលទឹកទន្លេមេគង្គនៅទន្លេបាសាក់ ចតុមុខ បានឡើងដល់៨,៤៤ម៉ែត្រ ហើយអាចនឹងឡើងដល់កម្រិតកម្ពស់៩,៧០ម៉ែត្រនៅថ្ងៃទី៤ ខែកញ្ញា ដល់ថ្ងៃនោះទឹកទន្លេមេគង្គនៅខេត្តកំពង់ចាម និងទឹកទន្លេបាសាក់នៅកោះខែល អាចនឹងឡើងលើសពីកម្រិតត្រូវប្រកាសឱ្យមានការប្រុងប្រយ័ត្ននៅថ្ងៃទី៤ ខែតុលា។
តាមព្រឹត្តិប័ត្រព័ត៍មាន និងព្យាករណ៍កម្ពស់ទឹកដោយក្រសួងធនធានទឹកនិងឧតុនិយមសម្រាប់ថ្ងៃទី២៩ ខែកញ្ញាបានបង្ហាញឱ្យឃើញថា ទឹកទន្លេមេគង្គនៅខេត្តស្ទឹងត្រែងមានកម្ពស់៨,៥៥ម៉ែត្រ ខ្ពស់ជាងថ្ងៃទី២៨ខែកញ្ញា០,៥១ម៉ែត្រ នៅខេត្ត ក្រចេះមានកម្ពស់១៨,៤៧ម៉ែត្រខ្ពស់ជាងថ្ងៃទី២៨ ខែកញ្ញា០,០៣ម៉ែត្រ នៅខេត្ត កំពង់ចាមទឹកមានកម្ពស់១២,៤៣ម៉ែត្រ ខ្ពស់ជាងថ្ងៃទី២៨ ខែកញ្ញា០,០៥ម៉ែត្រ នៅទន្លេបាសាក់ ចតុមុខទឹកមានកម្ពស់៨,៤៤ម៉ែត្រ ខ្ពស់ជាងថ្ងៃទី២៨ ខែកញ្ញា០,០៥ម៉ែត្រ នៅអ្នកលឿងទឹកមានកម្ពស់៦,០៨ម៉ែត្រ ខ្ពស់ជាងថ្ងៃទី២៨ ខែកញ្ញា០,០៦ម៉ែត្រ នៅទន្លេបាសាក់កោះខែលទឹកមានកម្ពស់៧,២៣ម៉ែត្រ ខ្ពស់ជាងថ្ងៃទី២៨ ខែកញ្ញា០,០៤ម៉ែត្រ នៅទន្លេសាបព្រែកក្តាមទឹកមានកម្ពស់៧,៦៤ម៉ែត្រខ្ពស់ជាងថ្ងៃទី២៨ ខែកញ្ញា០,០៥ម៉ែត្រ នៅបឹងទន្លេសាបក្រគរ កំពង់លួង ទឹកបានឡើងដល់កម្ពស់៧,០១ម៉ែត្រ ខ្ពស់ជាងថ្ងៃទី២៨ ខែកញ្ញា០,១០ម៉ែត្រ។
យោងតាមព្រឹត្តិប័ត្រព័ត៍មានមេគង្គថ្ងៃទី២៩ ខែកញ្ញាឆ្នាំ២០២២ បង្ហាញឱ្យឃើញថាទឹកទន្លេមេគង្គនៅភ្នំពេញអាចនឹងឡើងដល់កម្ពស់៩,៧០ម៉ែត្រ នៅថ្ងៃទី៤ ខែតុលា នៅខេត្តកំពង់ចាមទឹកអាចនឹងឡើងដល់កម្រិតកម្ពស់១៥,៤៥ម៉ែត្រ គឺឡើងហួសពីកម្រិតត្រូវប្រកាសឱ្យមានការប្រយ័ត្ន០,២៥ម៉ែត្រ នៅទន្លេបាសាក់កោះខែលទឹកអាចនឹងឡើង ៨,០៣ម៉ែត្រ គឺឡើងលើសកម្រិតត្រូវប្រកាសឱ្យមានការប្រុងប្រយ័ត្ន ០,៥៣ម៉ែត្រ ខណៈពេលទឹកទន្លេមេគង្គនៅប៉ាក់សេ ប្រទេសឡាវឡើងដល់កម្រិតកម្ពស់ ១១,១២ម៉ែត្រ នៅថ្ងៃទី៣ ខែតុលា គឺឡើងលើសកម្រិតត្រូវប្រកាសឱ្យមានការប្រុងប្រយ័ត្ន ០,១២ម៉ែត្រ។
ក្រសួងធនធានទឹកនិងឧតុនិយមនៅថ្ងៃទី២៩ ខែកញ្ញាបានជូនដំណឹងស្តីពីស្ថានភាពទឹកជំនន់ទន្លេមេគង្គ ដែលនឹងហក់ឡើងខ្លាំងនៅពេលពីរបីថ្ងៃខាងមុខដោយសារឥទ្ធិពលរបស់ព្យុះទី១៦ ឈ្មោះណូរុ (NORU) ធ្វើឱ្យមានភ្លៀងធ្លាក់មកលើអាងទន្លេមេគង្គក្នុងប្រទេសថៃ ឡាវ វៀតណាម និងប្រទេសកម្ពុជា។
នៅក្នុងសេចក្តីជូនដំណឹងបានសរសេរថាអាកាសធាតុបាននឹងកំពុងមានការប្រែប្រួល ដែលកើតឡើងដោយសារឥទ្ធិពលរបស់ព្យុះទី១៦ ឈ្មោះណូរុ មកលើអាងទន្លេមេគង្គក្នុងប្រទេសថៃ ឡាវ វៀតណាម និងកម្ពុជា ដែលធ្វើឲ្យមានភ្លៀងធ្លាក់ច្រើននៅក្នុងអាងទន្លេមេគង្គដែលមានទឹកច្រើនស្រាប់ ។
សេចក្តីជូនដំណឹងបានបញ្ជាក់ថាស្ថានភាពបែបខាងលើនេះនឹងធ្វើឱ្យទឹកទន្លេមេគង្គហក់ឡើងក្នុងរយៈពេលពី៣ទៅ៥ថ្ងៃខាងមុខ ជាពិសេសនៅភាគខាងលើនៃប្រទេសកម្ពុជា មានដូចជាខេត្តស្ទឹងត្រែង ទឹកនឹងអាចឡើងដល់កម្ពស់១០,០០ម៉ែត្រ នៅខេត្តក្រចេះទឹកនឹងអាចឡើងដល់កម្ពស់២១,០០ម៉ែត្រនិងនៅខេត្តកំពង់ចាមទឹកនឹងអាចឡើងដល់កម្ពស់១៤,៣០ម៉ែត្រ នៅស្ថានីយជលសាស្ត្រភ្នំពេញ-ចតុមុខ ទឹកអាចឡើងដល់កម្ពស់៩,៤០ម៉ែត្រ ។
ក្នុងសេចក្តីជូនដំណឹងបានសរសេរទៀតថាទឹកទន្លេដែលបានហក់ឡើងនាពេលនេះ នៅមិនទាន់ដល់កម្រិតឲ្យមានការប្រុងប្រយ័ត្ននៅឡើយទេ តែទឹកអាចនឹងហូរចូលលិចតំបន់ទំនាបមួយចំនួនអមតាមដងទន្លេ និងបន្តហូរចូលតាមបណ្តាព្រែកបន្ថែមទៀត ។ នៅភាគឦសានទឹកទន្លេសេកុងកំពុងហក់ឡើង ដែលអាចប្រឈមនឹងទឹកជំនន់។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណៈជនជ្រាបជាព័ត៌មាន និងសូមបង្កើនការប្រុងប្រយ័ត្នខ្ពស់ ៕