Views: 3
Feature-Pol-Eco
រាជរដ្ឋាភិបាលកម្ពុជា ប្រកាសពីការបន្តអនុវត្ត កម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេល ប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងការរៀបចំដាក់ឱ្យ ដំណើរការ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនគ្រួសារងាយរងហានិភ័យ ដើម្បីឆ្លើយតបនឹងសម្ពាធអតិផរណា
ដោយៈ ទេព មង្គល / ភ្នំពេញៈ រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មាន មួយ នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២២ នេះ ស្តីពីការបន្តអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេល ប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងការរៀបចំដាក់ឱ្យដំណើរការ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនគ្រួសារងាយរងហានិភ័យ ដើម្បីឆ្លើយតបនឹងសម្ពាធអតិផរណា។
រាជរដ្ឋាភិបាលកម្ពុជា បានលើកឡើងនៅក្នុងសេចក្តីប្រកាសព័ត៌មាននេះថាៈ ភាពមិនច្បាស់លាស់ ដែលបណ្តាលមកពី ការរីករាលដាល នៃជំងឺកូវីដ-១៩, ភាពតានតឹងផ្នែកភូមិសាស្ត្រនានា រួមទាំងសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន បានបណ្តាលឱ្យមាននិន្នាការកើនឡើងនៃថ្លៃទំនិញ និងម្ហូបអាហារលើទីផ្សារ ដែល ប៉ះពាល់ដល់ជីវភាពរស់នៅរបស់ បងប្អូនប្រជាពលរដ្ឋ ក្នុងគ្រួសារក្រីក្រ និងងាយរងគ្រោះ។ ឆ្លើយតបនឹងបរិការណ៍ ដ៏លំបាកនេះ និងក្នុងស្មារតីប្រុងប្រយ័ត្ន និងមធ្យ័តខ្ពស់, រាជរដ្ឋាភិបាលកម្ពុជា បានកំណត់អាទិភាព នៃវិធានការអន្តរាគមន៍ ជំនួយសង្គម សំដៅបន្តគាំពារ និងរក្សាលំនឹងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ក្នុងគ្រួសារក្រីក្រ និងងាយរងគ្រោះ ព្រមទាំងគិតគូរបន្ថែម ក្នុងការរៀបចំផ្ដល់ការគាំទ្រ ដល់ជីវភាពរបស់គ្រួសារគោលដៅ ដែលងាយរងហានិភ័យផងដែរ។
ក្នុងន័យនេះ រាជរដ្ឋាភិបាល សម្រេចដាក់ចេញវិធានការអន្តរាគមន៍ជំនួយសង្គម ដូចខាងក្រោម៖
១. ការបន្តអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេល ប្រយុទ្ធនឹងជំងឺអូវីដ-១៩ ៖
ដោយមើលឃើញពីភាពចាំបាច់ ក្នុងការបន្តជួយរក្សាលំនឹងជីវភាពរស់នៅរបស់ ប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះ ជាពិសេសក្នុងបរិបទនៃការទទួលរងនូវផលប៉ះពាល់ទ្វេដង ពីវិបត្តិជំងឺកូវីដ-១៩ និងការកើនឡើងថ្លៃទំនិញខ្ពស់ ដែលផ្តល់ផលប៉ះ ពាល់ធ្ងន់ធ្ងរដល់ពួកគាត់, រាជរដ្ឋាភិបាល សម្រេចបន្តអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ រហូតដល់ដំណាច់ឆ្នាំ២០២២ និងប៉ុន្តែពិនិត្យ និងវាយតម្លៃ ស្ថានភាពនៅរៀងរាល់ ៣ ខែម្តង។
២.ការរៀបចំដាក់ឱ្យដំណើរការកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនគ្រួសារងាយរងហានិភ័យ ដើម្បីឆ្លើយតបនឹងសម្ពាធអតិផរណា ៖
រាជរដ្ឋាភិបាលសម្រេចរៀបចំ និងដាក់ឱ្យដំណើរការ “ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូន គ្រួសារងាយរងហានិភ័យ ក្នុងអំឡុងពេលមានសម្ពាធអតិផរណា ” ដែលជាកម្មវិធីជំនួយ សង្គមពិសេសមួយ មានគោលបំណង ជួយស្រូបយកសម្ពាធពីការកើនឡើងខ្ពស់ នៃអតិផរណានេះ ក្នុងមួយគ្រា និងផ្ដល់ជូនគ្រួសារប្រជាពលរដ្ឋ ងាយរងហានិភ័យ នៅទូទាំងប្រទេសកម្ពុជា ដែលនឹងត្រូវបានកំណត់អត្តសញ្ញាណច្បាស់លាស់ និងត្រឹមត្រូវ។
រាជរដ្ឋាភិបាល តាមរយៈក្រសួងផែនការ ដែលជាសេនាធិការ នឹងចាប់ផ្ដើមកំណត់ អត្តសញ្ញាណគ្រួសារ ងាយរងហានិភ័យ នៅទូទាំងប្រទេសកម្ពុជា។ ប្រជាពលរដ្ឋ គោលដៅ ដែលមានជីវភាពទាប និងមានភាព ងាយរងគ្រោះដែលលក្ខណៈសម្បត្តិ ឆ្លើយតបទៅលក្ខខណ្ឌវិនិច្ឆ័យ នៃគ្រួសារប្រជាពលរដ្ឋងាយរងហានិភ័យ នៅទូទាំងប្រទេស នឹងទទួលបានការវាយតម្លៃ តាមរយៈការធ្វើកិច្ចសម្ភាសន៍ តាមទូរសព្ទ និងតាប្លែត ដោយអាជ្ញាធរមូលដ្ឋាន និងមានការគាំទ្រពីកម្លាំងស្ម័គ្រចិត្ត ក្រោមការដឹកនាំ និងគ្រប់គ្រង ដោយក្រសួងផែនការ និងដោយមានការសម្របសម្រួល ពីក្រុមប្រឹក្សាជាតិគាំពារសង្គម។ ភាពងាយរងគ្រោះនៃ “ គ្រួសារប្រជាពលរដ្ឋ ងាយរងហានិភ័យ “ ត្រូវបានកំណត់ដោយផ្តោតលើគ្រួសារ ដែលរស់នៅកៀកនឹងបន្ទាត់ នៃភាពក្រីក្រ ដោយមានរួមបញ្ចូលនៅក្នុងគ្រួសារនោះ នូវជនទាំងឡាយ ដូចតទៅ៖ ជនមានពិការភាព, កុមារអាយុក្រោម ២ឆ្នាំ, ជនចាស់ជរា មានអាយុចាប់ពី ៦០ឆ្នាំឡើង, ស្ត្រីជាមេគ្រួសារ និងរស់នៅដោយគ្មានស្វាមី, គ្រួសារដែលមានសមាជិកសុទ្ធសឹង ជាកុមារ និងមនុស្សចាស់ជរា (មិនមានសមាជិកគ្រួសារ អាយុពី ១៩-៥៩ ឆ្នាំ)។
កម្រិតប្រាក់ឧបត្ថម្ភ, យន្តការ, នីតិវិធី, និងកាលបរិច្ឆេទ នៃការដាក់ឱ្យដំណើរការកម្មវិធី ឧបត្ថម្ភសាច់ប្រាក់នេះ នឹងត្រូវកំណត់ដោយសេចក្តីសម្រេចរបស់ ប្រធានក្រុមប្រឹក្សា ជាតិគាំពារសង្គម នាពេលក្រោយ៕/V