“តុក តុក តុក…” សំឡេងកាប់សាច់ចេញពីជ្រុងមួយនៃ «ផ្សារទួលទំពូង» ដែលជាផ្សារដ៏ចំណាស់មួយនៅកណ្ដាលរាជធានីភ្នំពេញ។ នៅឯជ្រុងម្ខាងទៀត អាជីវករដែលមានតូបជាប់ៗគ្នា ជជែកគ្នាពីនេះពីនោះមិនចប់រឿង។
ផ្សារទួលទំពូង គឺជាផ្សារបុរាណមួយដែលពេញនិយមសម្រាប់ភ្ញៀវទេសចរបរទេស ដែលពួកគេភាគច្រើនស្គាល់ផ្សារនេះក្រោមឈ្មោះថា «Russian Market» ឬ «ផ្សាររុស្ស៊ី»។
ផ្សារបុរាណនៅកម្ពុជាតែងតែមានសកម្មភាពមមាញឹកខ្លាំង ហើយអាជីវកររូតរះបើកដំណើរការអាជីវកម្មរបស់ពួកគេពីព្រឹកព្រលឹម និងបិទទៅវិញនៅមុនថ្ងៃលិច។ ផ្ទុយពីផ្សារទំនើបដែលកំពុងតែរីកដុះដាលក្នុងពេលបច្ចុប្បន្ន ដែលចាប់ផ្ដើមបើកទ្វារយឺតជាង ប៉ុន្តែដំណើរការអាជីវកម្មអាចនៅបន្តរហូតដល់ម៉ោង៩ ឬម៉ោង១០យប់។
នៅទីក្រុងភ្នំពេញមានផ្សារបុរាណជាច្រើន ដូចជា ផ្សារធំថ្មី ផ្សារទួលទំពូង ផ្សារអូរឫស្សី ផ្សារអូឡាំពិក ផ្សារដើមគរ និងផ្សារចាស់ ជាដើម។ ផ្សារទាំងនេះដើរតួជាផ្សារលក់រាយផង ផ្សារលក់ទំនិញបោះដុំផង។ រីឯផ្សារខ្លះទៀត ដូចជា ផ្សារធំថ្មី ផ្សារទួលទំពូង ជាដើម មិនគ្រាន់តែជាផ្សារបុរាណក្នុងស្រុកតែប៉ុណ្ណោះទេ ប៉ុន្តែផ្សារទាំងនេះបានរួមចំណែកបម្រើឱ្យផ្នែកទេសចរណ៍ផងដែរ។ មគ្គទេសក៍ទេសចរណ៍តែងតែណែនាំភ្ញៀវបរទេសឱ្យមកទស្សនានិងទិញវត្ថុអនុស្សាវរីយ៍នៅផ្សារចំណាស់ទាំងនេះ។
ភាពខុសគ្នារវាងផ្សារបុរាណ និងផ្សារទំនើប
ជាទូទៅ «ផ្សារបុរាណខ្មែរ» មានផ្លូវដើរតូចចង្អៀត និងមានតូបលក់កៀកៗគ្នានៅសងខាងផ្លូវ ដែលពោរពេញទៅដោយទំនិញគ្រប់ប្រភេទដាក់តាំងស្អេកស្កះ។ ជួនកាលការដាក់តាំងទំនិញហៀរហូរស្ទើរតែគ្មានកន្លែងដើរ។ អតិថិជនត្រូវទទួលយកបរិយាកាសប្រជ្រៀតស្ទើរតែជាន់ជើងគ្នា រួមផ្សំជាមួយនឹងពន្លឺមិនសូវគ្រប់គ្រាន់ និងខ្យល់ចេញចូលមិនសូវបរិបូណ៌ផង។ នៅទីនេះមានទំនិញចម្រុះ ដូចជា ម្ហូបអាហារ នំនែក បន្លែ ផ្លែឈើ ត្រី សាច់ ក្រណាត់ សម្លៀកបំពាក់ ស្បែកជើង វត្ថុអនុស្សាវរីយ៍ គ្រឿងអលង្ការ នាឡិកា គ្រឿងអេឡិចត្រូនិច គ្រឿងប្រើប្រាស់ក្នុងផ្ទះ និងអ្វីៗជាច្រើនទៀត។ ក្នុងផ្សារបុរាណខ្លះទៀតក៏មានហាងកាត់សក់ និងហាងធ្វើក្រចកផងដែរ។
ទំនិញគ្រប់មុខគ្មានស្លាកតម្លៃទេ។ អ្នកលក់តែងតែកាត់ថ្លៃច្រើនឬតិចតាមរបៀបនៃការលក់របស់អាជីវករនីមួយៗ។ ប៉ុន្តែអ្នកទិញអាចតថ្លៃបាន ឬជួនកាលអ្នកទិញអាចទារចុះថ្លៃរហូតដល់ពាក់កណ្ដាលនៃតម្លៃដែលអ្នកលក់កាត់ថ្លៃឯណោះ។
ផ្សារបុរាណ អាចចាត់ទុកជាទីកន្លែងជួបជុំសាធារណៈដ៏សកម្មបំផុតនៅក្នុងទីក្រុងភ្នំពេញ។ យើងក៏អាចនិយាយបានថា បើចង់ស្គាល់ពីទីក្រុងមួយឱ្យកាន់តែច្បាស់ គឺអាចទៅផ្សារបុរាណបាន ព្រោះទីនោះអាចឆ្លុះបញ្ចាំងពីអត្តសញ្ញាណសង្គមរបស់ទីក្រុងនិងប្រជាជនដែលរស់នៅមជ្ឈដ្ឋាននោះ។
ដោយឡែក «ផ្សារទំនើប» មានទីធ្លាធំទូលាយ មានអនាម័យស្អាត មានម៉ាស៊ីនត្រជាក់ មានទំនិញគ្រប់ប្រភេទ មានទាំងផលិតផលម៉ាកប្រណិតក្នុងស្រុកនិងក្រៅស្រុក មានភោជនីយដ្ឋានបែបទំនើបនិងទាន់សម័យ ព្រមទាំងមានកន្លែងលេងកម្សាន្តនិងរោងកុនទៀតផង។ ពិសេសទៅទៀត នៅផ្សារទំនើបមិនចាំបាច់ដើរប្រជ្រៀតគ្នាទេ រួចហើយក៏មានខ្យល់និងពន្លឺគ្រប់គ្រាន់ផងដែរ។
កត្តាទាំងនេះហើយដែលធ្វើឱ្យផ្សារទំនើបក្លាយជាគោលដៅពេញនិយមសម្រាប់ការដើរទិញអីវ៉ាន់ និងការកម្សាន្តផ្សេងៗរបស់មនុស្សសម័យថ្មី។
ការប្រឈមជាមួយកំណើនផ្សារទំនើប និងរបបថ្មីនៃការទិញទំនិញ
បច្ចុប្បន្ន ទីក្រុងភ្នំពេញកំពុងមានការផ្លាស់ប្ដូររីកចម្រើន និង “ការធ្វើទំនើបកម្ម” មិនឈប់ឈរ។ យើងអាចប្រឈមនឹងហានិភ័យនាថ្ងៃអនាគត បើសិនជាផ្សារបុរាណត្រូវបាត់បង់។ តើយើងនឹងបាត់បង់អ្វី ប្រសិនបើផ្សារបុរាណមិនមានវត្តមានតទៅទៀតនៅក្នុងសង្គមខ្មែររបស់យើង?
ជាមួយនឹងកំណើនសេដ្ឋកិច្ចដ៏ឆាប់រហ័ស ប្រជាជនខ្មែរកំពុងស្ថិតនៅក្នុងរបបថ្មីមួយ គឺជា របបថ្មីនៃការទិញទំនិញតាមរយៈការកើនឡើងនៃផ្សារទំនើបជាច្រើនដែលរួមបញ្ចូលចាប់ពីហាងលក់ទំនិញខ្នាតតូច និងមីនីម៉ាត (Mini-mart) រហូតដល់ផ្សារទំនើបខ្នាតធំ (shopping mall) ជាដើម។
និន្នាការបានបង្ហាញពីការកើនឡើងនៃការសាងសង់ផ្សារទំនើបក្នុងរាជធានីភ្នំពេញមានដូចជា ផ្សារទំនើបអ៊ីអនម៉ល ផ្សារអេដេនហ្គាដិន ផ្សារណូរ៉ូម៉ល និងផ្សារទំនើបជាច្រើនទៀត ដោយសារកត្តាជាច្រើន រួមមាន កំណើនប្រជាជន ការកើនឡើងនៃប្រាក់ចំណូលដែលអាចប្រើប្រាស់បាន ការកើនឡើងនៃភាពងាយស្រួលនៃការទិញទំនិញ និងការថយចុះនៃអត្រាការប្រាក់សម្រាប់ប្រាក់កម្ចីពីស្ថាប័នមីក្រូហិរញ្ញវត្ថុផ្សេងៗ។
ក្រៅពីការកើនឡើងនៃផ្សារទំនើប អាជីវកម្មតាមប្រព័ន្ធអេឡិចត្រូនិច (E-commerce) ក៏កំពុងរួមចំណែកដើម្បីក្លាយជាផ្នែកមួយក្នុងការកំណត់ទម្លាប់ថ្មីនៃការទិញទំនិញនៅកម្ពុជា។ អាជីវកម្មនេះរីកចម្រើនខ្លាំងក្នុងអំឡុងពេលនៃការរាតត្បាតជំងឺកូវីដ-១៩ ដែលផ្សារនិងតំបន់មួយចំនួនត្រូវបានបិទខ្ទប់។ មូលហេតុទាំងនេះបានធ្វើឱ្យប្រជាជនកាន់តែច្រើនកំពុងងាកទៅរកភាពងាយស្រួលនៃការប្រើប្រាស់ទូរសព្ទដៃរបស់ខ្លួន ដើម្បីបញ្ជាទិញម្លូបអាហារ និងផលិតផលផ្សេងៗតាមប្រព័ន្ធអ៊ីនធឺណិត ហើយទម្លាប់ថ្មីនេះជួយសម្រួលជាខ្លាំងដល់អ្នកទិញ ដោយគ្រាន់តែបញ្ជាទិញពីក្នុងទូរសព្ទដៃ ពួកគេអាចទទួលបានផលិតផលនេះដឹកជញ្ជូនមកដល់មុខផ្ទះតែម្តង។ ការទិញទំនិញតាមអ៊ីនធឺណិតឬអនឡាញបែបនេះ អាចកាត់បន្ថយសកម្មភាពដើរទិញអីវ៉ាន់នៅផ្សារបុរាណ។
ប៉ុន្តែ ថ្វីបើផ្សារទំនើបឬការលក់ទំនិញតាមអនឡាញផ្តល់ភាពងាយស្រួលនិងស៊ីវីល័យ ផ្សារបុរាណអាចផ្ដល់នូវអត្ថប្រយោជន៍សំខាន់មួយដែលផ្សារទំនើបមិនអាចធ្វើបាននោះ គឺផ្សារបុរាណផ្ដល់បាននូវទីកន្លែងជួបជុំ និងជាទីសាធារណៈសម្រាប់ប្រជាជនគ្រប់វ័យនិងគ្រប់ឋានៈទាំងអស់ក្នុងសង្គមខ្មែរ។
ផ្សារបុរាណជាសម្បត្តិសង្គមដ៏សំខាន់
ទោះបីជាក្នុងផ្សារបុរាណមានផ្លូវដើរតូចចង្អៀតឬកខ្វក់ និងកន្លែងលក់ម្ហូបអាហារអាចមានក្លិនមិនល្អក៏ដោយ ផ្សារបុរាណនៅតែជាសម្បត្តិសង្គមដ៏សំខាន់ដែលអាចពង្រឹងភាពស្អិតល្មួតរបស់សហគមន៍ខ្មែរបាន។
បើនិយាយពីការរចនាប្លង់ និងការរៀបចំផ្នែកខាងក្នុង ផ្សារបុរាណអាចបង្កើនទំនាក់ទំនងនិងការសន្ទនាជិតស្និទ្ធរវាងអ្នកលក់និងអ្នកលក់ និងរវាងអ្នកលក់និងអ្នកទិញផងដែរ។ ភាពចង្អៀតខាងក្នុងផ្សារ ផ្លូវដើរដែលមានទំហំតូច ការរៀបចំតូបលក់នៅកៀកៗគ្នា គឺជាគុណសម្បត្តិពិសេសដែលអាចបង្កើតឱ្យមានការប្រាស្រ័យទាក់ទងគ្នាទៅវិញទៅមកយ៉ាងជិតស្និទ្ធរវាងប្រជាជនដែលចូលមកក្នុងផ្សារបុរាណទាំងនេះ។
ចំពោះទំនាក់ទំនងរវាងអាជីវករដែលលក់ផលិតផលដូចគ្នា មិនមែនសុទ្ធតែជាការប្រកួតប្រជែងដណ្តើមយកអតិថិជនគ្នានោះទេ។ នៅពេលអាជីវករនៅតូបមួយមិនមានផលិតផលក្នុងហាងរបស់ខ្លួនដែលអតិថិជនចង់បាន អាជីវករនេះបានណែនាំឱ្យអតិថិជនរបស់ខ្លួនទៅតូបក្បែរគ្នា ដោយមិនប្រកាន់ពីការបាត់អតិថិជនរបស់ខ្លួនឡើយ។
ការទៅផ្សារបុរាណញឹកញាប់បង្កើតបានជាមិត្តភាពរវាងអ្នកទិញនិងអ្នកទិញដែលមកដើរផ្សារជាមួយគ្នាទៀតផង។ ដូចអ្នកសរសេរប្លុក (blogger) នេះបានចែករំលែកបទពិសោធរបស់ខ្លួនពេលទៅផ្សារបុរាណម្ដងៗ។ គាត់តែងតែជួបអ៊ុំស្រីម្នាក់ និងតែងតែនិយាយលេងជាមួយគ្នាទៅវិញទៅមក។ គាត់បានហៅថាអ៊ុំស្រីនោះជាមិត្តដើរផ្សាររបស់គាត់។
បើនិយាយពីទំនាក់ទំនងរវាងអ្នកលក់និងអតិថិជនរបស់ខ្លួនវិញ នៅផ្សារបុរាណដែលមានទំនិញលក់បោះដុំនិងធូរថ្លៃបើធៀបនឹងផ្សារទំនើប ការទុកចិត្តគ្នាទៅវិញទៅមកកើតឡើងចំពោះអតិថិជនប្រចាំនិងទៀងទាត់ គឺជួនកាលអ្នកទិញអាចសុំជំពាក់លុយអ្នកលក់សិន រួចនឹងសងវិញនៅពេលក្រោយពីព្រោះអ្នកលក់ដឹងច្បាស់ថា អតិថិជនរបស់ខ្លួននឹងត្រលប់មកតូបរបស់ខ្លួនវិញ។
មួយវិញទៀត នៅក្នុងផ្សារបុរាណ ការតថ្លៃទំនិញអាចបង្កើតឱ្យមានការនិយាយសន្ទនាគ្នាយូរជាងការគិតលុយធម្មតានៅក្នុងផ្សារទំនើប ហើយជាទូទៅទំនិញនៅផ្សារបុរាណភាគច្រើនមានតម្លៃធូរជាងទំនិញនៅផ្សារទំនើប។
ការប្រាស្រ័យទាក់ទងគ្នានិងការទុកចិត្តគ្នារវាងអ្នកលក់និងអតិថិជនបែបនេះ មិនអាចរកបានក្នុងផ្សារទំនើបឡើយ។
ការរចនាខាងក្នុងនៃផ្សារទំនើប គឺមានលក្ខណៈធំទូលាយ ហាងនីមួយៗត្រូវបានបែងចែកដោយទ្វារកញ្ចក់ដាច់ដោយឡែកពីគ្នា ដែលបុគ្គលិកពីហាងមួយទៅហាងមួយមិនអង្គុយជិតគ្នា រួចអាចនិយាយគ្នាលេងទៅវិញទៅមក ដូចនៅតាមតូបក្នុងផ្សារបុរាណឡើយ។
កត្តាសំខាន់មួយទៀតដែលធ្វើឱ្យផ្សារបុរាណមិនបង្កើតគម្លាតសង្គមរវាងអ្នកមានចំណូលច្រើននិងអ្នកមានចំណូលតិច គឺកត្តាតម្លៃ។ ឧទាហរណ៍តម្លៃជួលប្រចាំខែនៃតូបមួយនៅក្នុងផ្សារធំថ្មី គឺមានចន្លោះពី៣០០ដុល្លារ ទៅ៦០០ដុល្លារក្នុងមួយខែ អាស្រ័យលើទីតាំងនិងទំហំរបស់តូប។ ប៉ុន្តែតម្លៃតូបអាចចុះថ្លៃនៅត្រឹម១៤០ដុល្លារក្នុងមួយខែ សម្រាប់ផ្សារបុរាណតូចៗ។ ចំពោះផ្សារទំនើបអ៊ីអនសែនសុខវិញ ថ្លៃជួលក្នុងមួយខែសម្រាប់ហាងនៅជាន់ផ្ទាល់ដីទំហំប្រមាណ១១២ម៉ែត្រក្រឡា អាចមានតម្លៃរហូតដល់២ ៥០០ដុល្លារក្នុងមួយខែ។ នេះបញ្ជាក់បានថា មានតែអាជីវករដែលមានចំណូលធូរធារទេ ទើបអាចមកបើកហាងក្នុងផ្សារទំនើបបាន។
បើគិតពីទស្សនៈរបស់អតិថិជនវិញ តម្លៃទំនិញនៅផ្សារបុរាណនិងតម្លៃទំនិញនៅផ្សារទំនើបក៏មានភាពខុសគ្នាគួរឱ្យកត់សម្គាល់ផងដែរ។ ឧទាហរណ៍ ភេសជ្ជៈកូកាកូឡាមួយកំប៉ុង ៣៥០មីលីលីត្រ លក់តម្លៃ១ដុល្លារ នៅផ្សារទំនើប AEON ខណៈដែលភេសជ្ជៈដូចគ្នា អាចទិញបានដោយចំណាយអស់ត្រឹម១ ៥០០រៀលប៉ុណ្ណោះ នៅផ្សារបុរាណធម្មតា។
កត្តាតម្លៃទាបសមរម្យក្នុងផ្សារបុរាណបង្កើតជាសហគមន៍មួយ ដើម្បីឱ្យមនុស្សទូទៅអាចជួបជុំគ្នាបានដោយមិនប្រកាន់រើសអើងពីស្ថានភាពជីវភាពឬសេដ្ឋកិច្ចសង្គមរបស់អ្នកចូលមកក្នុងផ្សារបុរាណនេះឡើយ។ ផ្ទុយទៅវិញ សម្រាប់ផ្សារទំនើប ចំពោះប្រជាជនដែលមានជីវភាពមិនសូវធូរធារប្រាកដជាមិនដើរចូលផ្សារទំនើបជាញឹកញាប់នោះទេ។
នៅផ្សារទំនើប ជាទូទៅ គឺពោរពេញទៅដោយផលិតផលនិងម៉ាកយីហោលំដាប់អន្តរជាតិដ៏ល្អប្រណិត ដែលហាងទាំងនេះត្រូវបានរចនាឡើងដើម្បីឆ្លុះបញ្ចាំងពីភាពស៊ីវីល័យនិងទាន់សម័យ ព្រោះហាងទំនើបៗទាំងនេះមានគោលបំណងទាក់ទាញអតិថិជនដែលមានសមត្ថភាពហិរញ្ញវត្ថុ។
ក្នុងន័យនេះ ផ្សារបុរាណបង្ហាញពីបរិយាកាសស្វាគមន៍ដោយមិនមានបង្កប់អត្ថន័យរើសអើងពីជីវភាព ឋានៈ ពូជសាសន៍ អាយុ នោះឡើយ។ កត្តានេះហើយដែលផ្សារបុរាណអាចបង្កើតជាទីសាធារណៈស្វាគមន៍សមាជិកទាំងអស់នៃសង្គមខ្មែរ។
តើអនាគតផ្សារបុរាណក្នុងសង្គមទំនើបនឹងទៅជាយ៉ាងណា?
នៅពេលដែលសង្គមខ្មែរងាកទៅរកទំនើបកម្ម និងការធ្វើពាណិជ្ជកម្មបែបបស្ចិមប្រទេស យើងគួរពិចារណាថាតើទីផ្សារបែបបុរាណអាចរក្សាកន្លែងរបស់ខ្លួនបានយ៉ាងដូចម្តេច?
ដើម្បីរក្សានិរន្តរភាពនៃផ្សារបុរាណ គេមានពីរជម្រើស។ ជម្រើសទី១ យើងអាចដោះស្រាយបញ្ហាមួយចំនួននៅក្នុងផ្សារបុរាណ ដែលអាចបង្កើនបរិយាកាសក្នុងការដើរទិញទំនិញឱ្យមានភាពងាយស្រួលជាងមុន។ ជាឧទាហរណ៍ ការសិក្សាមួយបានស្នើឱ្យមានការរចនាឡើងវិញ និងជួសជុលផ្សារបុរាណមួយនៅក្នុងទីក្រុង Bandung នៃប្រទេសឥណ្ឌូនេស៊ី។ ការសិក្សានិងរចនាថ្មីនោះបានផ្ដោតលើច្រកផ្លូវដើរក្នុងផ្សារដែលមានភក់ ក្លិនមិនល្អភាយចេញពីកន្លែងលក់ម្ហូបអាហារ ព្រមទាំងផ្តោតលើបញ្ហាកង្វះពន្លឺធម្មជាតិ និងខ្យល់ចេញចូលក្នុងផ្សារផងដែរ។ គេត្រូវបង្កើតឱ្យមានបណ្ដាញលំហូរទឹកសំណល់ចេញពីផ្សារនិងច្រកផ្លូវដើរ និងការរៀបចំជញ្ជាំងដែលមានចន្លោះបើកចំហ ដើម្បីទាក់ទាញខ្យល់និងពន្លឺធម្មជាតិចូលមកក្នុងផ្សារ។
ផ្សារបុរាណនៅទីក្រុងភ្នំពេញក៏ជួបប្រទះបញ្ហាស្រដៀងគ្នានេះផងដែរ ដូច្នេះយើងអាចឈ្វេងយល់ពីដំណោះស្រាយទាំងនេះ ដើម្បីបង្កើនភាពទាក់ទាញ និងផ្តល់ភាពងាយស្រួលសម្រាប់អ្នកលក់និងអ្នកទិញនៅក្នុងផ្សារបាន។ ម្យ៉ាងវិញទៀត ការជួសជុលឬការរចនាឡើងវិញសម្រាប់ផ្សារបុរាណ ក៏គួរគិតគូរពីការរៀបចំច្រកផ្លូវសុវត្ថិភាពជូនដល់ប្រជាជនខ្មែរដែលមានពិការភាពផងដែរ។
ដំណោះស្រាយទី២ គឺជាការរួមបញ្ចូលរវាងចំណុចល្អរបស់ផ្សារបុរាណនិងចំណុចល្អរបស់ផ្សារទំនើប ពោលគឺត្រូវរចនាកែប្រែផ្សារទំនើបយ៉ាងណាដែលអាចទាញយកនិងឆ្លុះបញ្ចាំងពីចំណុចល្អៗរបស់ផ្សារបុរាណបាន។
ការអភិវឌ្ឍផ្សារទំនើបនាពេលអនាគតគួរតែស្វែងរកវិធីសាស្ត្រ ដើម្បីរក្សាអត្តសញ្ញាណ និងតម្លៃសង្គមដែលបានបង្កប់នៅក្នុងផ្សារបុរាណទាំងនេះ។ ឧទាហរណ៍ដ៏ល្អមួយគឺ ផ្សារទំនើបដ៏ធំបំផុតរបស់ទីក្រុងបាងកក គឺផ្សារ ICONSIAM ។ ចំណុចលេចធ្លោដ៏សំខាន់របស់ផ្សារទំនើប ICONSIAM នេះគឺ SookSiam ដែលជាទីកន្លែងដ៏ធំមួយនៅចំកណ្ដាលផ្សារដែលមានរចនាសម្ពន្ធទំនើប ក្នុងបំណងផ្សព្វផ្សាយពីសិល្បៈ វប្បធម៌ និងម្ហូបអាហារនៃខេត្តទាំង៧៧ របស់ប្រទេសថៃ រួមទាំងផ្សារបណ្ដែតទឹកទៀតផង។ ការរចនាបែបបុរាណនេះជាគំនិតផ្ដួចផ្ដើមដែលចង់រក្សានូវប្រពៃណីផ្សារបុរាណរបស់ប្រទេសថៃ រួមទាំងការរៀបចំហាងនិងតូបនីមួយៗដែលឆ្លុះបញ្ចាំងពីផ្សារជំនាន់មុនរបស់ជនជាតិថៃផងដែរ។
គម្រោងអភិវឌ្ឍន៍នាពេលអនាគត ដែលព្យាយាមធ្វើទំនើបកម្ម និងធ្វើឱ្យការដើរទិញអីវ៉ាន់មានភាពងាយស្រួល ចាំបាច់ត្រូវតែពិចារណាឱ្យបានម៉ត់ចត់លើការការពារទិដ្ឋភាពសង្គមស្អិតល្មួតនៅក្នុងផ្សារបុរាណ។ ទោះបីជាការអភិវឌ្ឍសង្គមនៅតែបន្តទៅមុខ ទំនៀមទម្លាប់នៃការទៅទិញទំនិញឬការដើរផ្សារគួរតែរក្សា ព្រោះនេះជាសកម្មភាពសង្គមមួយដែលអាចតភ្ជាប់ទំនាក់ទំនងរវាងសមាជិកក្នុងសង្គមយើងទាំងអស់គ្នា៕
ដោយ៖ អ៊ួង ទីកេត្យា | អត្ថបទរក្សាសិទ្ធិដោយអង្គការវេទិកាអនាគត