Views: 7
ដោយៈ ទេពកង្រី / កំពង់ឆ្នាំង: នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២២ ប្រជាពលរដ្ឋរាប់ពាន់នាក់បានមកចូលរួមក្នុងពិធីប្រណាំងទូកចែវ និងទូកអុំ នៅក្នុងភូមិកោះថ្កូវ ឃុំកោះថ្កូវ ស្រុកជលគីរី ខេត្តកំំពង់ឆ្នាំង ដែលពិធីនេះ តែងតែធ្វើក្នុងរដូវនេះ ជារៀងរាល់ឆ្នាំ ដើម្បីជ្រើសរើសរកជើងឯក។
បងប្អូនប្រជាពលរដ្ឋនៅឯកោះឧុកញ្ញ៉ាតី ដែលបាននាំគ្នាជិះរថយន្តធុនធំមកលេងកម្សាន្ដ បាននិយាយថាៈ ពួកគាត់មកលេងក្នុងពិធីអុំទូកនៅទីនេះ ២ឆ្នាំជាប់ៗគ្នា ខណៈទឹកទន្លេនៅទីធ្លាមុខវត្តកោះថ្កូវស្រឡះល្អ ដែលអំណោយផលដល់កាប្រណាំងទូកទូកអុំ និងទូកចែវ ហើយកន្លែងទូលាយសម្រាប់មហាជនមកចូលរួមមើលមានទាំងនៅកណ្តាលទន្លេផងដែរ ។
លោក ដូវ គឹមស៉ីន អភិបាលស្រុកជលគីរី ក៏បានឲ្យដឹងដែរថាៈ ឆ្នាំនេះ ប្រមុខរាជរដ្ឋាភិបាល មិនតម្រូវឲ្យក្រុមទូកចែវ ទូកអុំទៅចូលរួមប្រណាំង ក្នុងពិធីអុំទូក អកអំបុក
សំពះព្រះខែនោះទេ គឺតម្រូវឱ្យតាមខេត្ត រៀបចំធ្វើពិធីនេះឡើង ដូចជានៅថ្ងៃនេះ បងប្អូនប្រជាពលរដ្ឋ មកពីគ្រប់ទីកន្លែងយ៉ាងកុះករ ឈរតាមមាត់ទន្លេខ្លះ នៅកណ្ដាលទន្លេ រង់ចាំមើលពិធីអុំទូកដោយចង់ដឹងថា ទូកវត្តណា ឃុំណា ភូមិណា ដែលជាអ្នកទទួលជ័យជំនះនៅក្នុងការប្រណាំងទូកនេះ ។
លោកអភិបាលស្រុកជលគីរី បានឲ្យដឹងទៀតថាៈ ការអុំទូកប្រណាំង នៅរសៀលថ្ងៃទី២៦ កញ្ញានេះ គឺមានទូកចែវ ៦គ្រឿង ទូកអុំ ៨ គ្រឿង ដែលត្រូវចូលរួមដំណើរការ ដោយមានវិធានការការពារសន្តិសុខ សណ្តាប់ធ្នាប់ប្រព្រឹត្តទៅបានល្អ ដែលមិនមានអ្វីកើតឡើងជាយថាហេតុនោះទេ។
លោក ដូវ គឹមស៊ីន បានឱ្យដឹងទៀតថាៈ នៅក្នុងការប្រណាំងទូកចែវ ទូកអុំ នារសៀលម្សិលមិញមានការគាំទ្រពីលោក ស៊ុន សុវណ្ណារិទ្ធ អភិបាលខេត្តកំពង់ឆ្នាំង ឧបត្ថម្ភស្រាបៀរ ចំនួន ៧០ កេះ រួមនឹងថវិកា ២ លានរៀល លោក ឡុច សារិន រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឧបត្ថម្ភថវិកា ១.០០០ ដុល្លារ លោកអភិបាលស្រុកជលគីរី ឧបត្ថម្ភភេសជ្ជៈទឹកក្រូច ១៥ កេះ ថវិកា ៧០ ម៉ឺនរៀល លោក ចាន់ សុខអាជីវករលក់ដូរ នៅផ្សារកំពង់ប្រាសាទ ឧបត្ថម្ភមី ២៨ កេស លោករិទ្ធ ថៅកែឡឥដ្ឋជួយឧបត្ថម្ភថវិកា ១០០ ដុល្លារ។
នៅបញ្ចប់ពិធី ព្រះសង្ឃ ប្រជាពលរដ្ឋ និងតំណាងទូកចែវ ទូកអុំទាំងអស់ សុំថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោកអភិបាលខេត្តកំពង់ឆ្នាំង និងក្រុមការងារទាំងអស់ ដែលបានជួបជ្រោមជ្រែងឲ្យពិធីនេះបានប្រព្រឹត្តទៅយ៉ាងរលូនទៅបានក្រោមម្លប់នៃសន្តិភាព ៕ V / N