Views: 1
ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF)បាននិយាយកាលពីថ្ងៃអង្គារទី២១មីនាថាខ្លួនបានឈានដល់កិច្ចព្រមព្រៀងកម្រិតបុគ្គលិកជាមួយអ៊ុយក្រែនសម្រាប់កញ្ចប់ហិរញ្ញប្បទានរយៈពេល ៤ ឆ្នាំដែលមានតម្លៃប្រហែល ១៥,៦ ពាន់លានដុល្លារ ដោយផ្តល់នូវមូលនិធិដែលប្រទេសនេះត្រូវការនៅពេលដែលខ្លួនបន្តការពារប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី។
កិច្ចព្រមព្រៀង ដែលនៅចាំតែទទួលការអនុម័តពីក្រុមប្រឹក្សាភិបាលរបស់ IMF គឺគិតពិចារណាទៅដល់វិថីរបស់អ៊ុយក្រែនក្នុងការចូលជាសមាជិកសហភាពអឺរ៉ុបក្រោយសង្គ្រាម។អង្គការមូលនិធិនេះបាននិយាយថា ក្រុមប្រឹក្សាប្រតិបត្តិរបស់ខ្លួនរំពឹងពិភាក្សាអំពីការអនុម័តនៅក្នុងសប្តាហ៍ខាងមុខនេះ។
មន្ត្រី IMF លោក ហ្គាវីន ហ្គ្រេ (Gavin Grey) បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយដែលប្រកាសពីកិច្ចព្រមព្រៀងនេះ យ៉ាងដូច្នេះថា”គោលដៅរួមនៃកម្មវិធីរបស់អាជ្ញាធរគឺដើម្បីរក្សាស្ថិរភាពសេដ្ឋកិច្ច និងហិរញ្ញវត្ថុក្នុងកាលៈទេសៈនៃភាពមិនប្រាកដប្រជាខ្ពស់ ស្តារនិរន្តរភាពបំណុលនិងគាំទ្រការងើបឡើងវិញរបស់អ៊ុយក្រែននៅលើផ្លូវឆ្ពោះទៅរកការចូលជាសមាជិកសហភាពអឺរ៉ុបក្នុងអំឡុងពេលក្រោយសង្គ្រាម”។
ប្រភពដែលដឹងអំពីបញ្ហានេះបាននិយាយថា បុគ្គលិករបស់ IMFកាលពីថ្ងៃអង្គារបានពន្យល់សមាជិកក្រុមប្រឹក្សាភិបាលអំពីកិច្ចព្រមព្រៀងនេះ ដែលនឹងក្លាយជាកញ្ចប់ប្រាក់កម្ចីដ៏ធំបំផុតរបស់អ៊ុយក្រែន ចាប់តាំងពីការឈ្លានពានពេញទំហឹងរបស់រុស្ស៊ីកាលពីថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២២ ហើយក្រុមប្រឹក្សាភិបាលបានគាំទ្រ។
អ្នកផ្តល់ប្រាក់កម្ចីសកលនេះបាននិយាយថា កិច្ចព្រមព្រៀងនេះរំពឹងជួយបញ្ចេញហិរញ្ញប្បទានទ្រង់ទ្រាយធំសម្រាប់អ៊ុយក្រែនពីម្ចាស់ជំនួយនិងដៃគូអន្តរជាតិ ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតទេ។ ជាធម្មតា ប្រាក់កម្ចីរបស់ IMF គឺទទួលបានការគាំទ្រពីធនាគារពិភពលោកនិងអ្នកផ្តល់ប្រាក់កម្ចីផ្សេងទៀត។
ការគណនានាពេលកន្លងមកបានប៉ាន់ប្រមាណការចំណាយលើការស្ថាបនាឡើងវិញរាប់រយពាន់លានដុល្លារ។
លោកហ្គ្រេបាននិយាយថា “ការស្ទុះងើបសេដ្ឋកិច្ចបន្តិចម្តងៗត្រូវបានរំពឹងទុកនៅក្នុងត្រីមាសខាងមុខ ដោយសារសកម្មភាពងើបឡើងវិញពីការខូចខាតយ៉ាងធ្ងន់ធ្ងរចំពោះហេដ្ឋារចនាសម្ពន្ធសំខាន់ៗ ទោះបីជាឧបសគ្គនៅតែបន្តកើតមាន រួមទាំងហានិភ័យនៃការកើនឡើងបន្ថែមទៀតនៅក្នុងជម្លោះ”។
លោកហ្គ្រេនិយាយថា បុគ្គលិក IMF បច្ចុប្បន្នរំពឹងថា ការផ្លាស់ប្តូរនៃផលិតផលក្នុងស្រុកសរុបពិតប្រាកដរបស់អ៊ុយក្រែនសម្រាប់ឆ្នាំ ២០២៣ នឹងមានចាប់ពី -៣% ទៅ +១%។
នាយករដ្ឋមន្ត្រីអ៊ុយក្រែន លោក ដេនីស ស្មីហាល់ (Denys Shmyhal) បានសាទរចំពោះកិច្ចព្រមព្រៀងនេះ ហើយបានថ្លែងអំណរគុណដល់ IMF សម្រាប់ការគាំទ្ររបស់ខ្លួន។
លោកបាននិយាយនៅក្នុងសារមួយនៅលើ Telegram ថា “នៅក្នុងលក្ខខណ្ឌនៃឱនភាពថវិកាកំណត់ត្រានេះ កម្មវិធីនេះនឹងជួយយើងផ្តល់ហិរញ្ញប្បទានរាល់ការចំណាយសំខាន់ៗ និងធានាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចនិងពង្រឹងទំនាក់ទំនងរបស់យើងជាមួយដៃគូអន្តរជាតិផ្សេងទៀត”។
រដ្ឋមន្ត្រីក្រសួងរតនាគារអាម៉េរិក លោកស្រី ចាណេត យែលឡិន (Janet Yellen) ដែលបានទៅបំពេញទស្សនកិច្ចដ៏គួរឱ្យភ្ញាក់ផ្អើលទៅកាន់ប្រទេសអ៊ុយក្រែនកាលពីខែមុនបានស្វាគមន៍កិច្ចព្រមព្រៀងនេះ បន្ទាប់ពីការជំរុញជាច្រើនខែឱ្យ IMFជំរុញទៅមុខជាមួយនឹងកញ្ចប់ហិរញ្ញវត្ថុថ្មីសម្រាប់អ៊ុយក្រែន។
លោកស្រីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “កម្មវិធី IMF ដែលមានមហិច្ឆតានិងមានលក្ខខណ្ឌសមស្របគឺមានសារៈសំខាន់ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងកំណែទម្រង់របស់អ៊ុយក្រែន រួមទាំងការពង្រឹងអភិបាលកិច្ចល្អ និងដោះស្រាយហានិភ័យនៃអំពើពុករលួយ និងផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុដែលត្រូវការជាចាំបាច់”។
សហរដ្ឋអាម៉េរិកគឺជាម្ចាស់ភាគហ៊ុនធំជាងគេរបស់ IMF ។
ប្រសិនបើត្រូវបានអនុម័ត ដូចការរំពឹងទុក កម្មវិធីអ៊ុយក្រែននឹងក្លាយជាប្រាក់កម្ចីដ៏ធំបំផុតរបស់ IMF ដល់ប្រទេសដែលជាប់ពាក់ព័ន្ធក្នុងជម្លោះសកម្ម។
អង្គការមូលនិធិនេះកាលពីសប្តាហ៍មុនបានផ្លាស់ប្តូរច្បាប់ដើម្បីអនុញ្ញាតឱ្យមានកម្មវិធីប្រាក់កម្ចីថ្មីសម្រាប់ប្រទេសដែលប្រឈមនឹង “ភាពមិនប្រាកដប្រជាខ្ពស់” ដោយមិនបញ្ចេញចំឈ្មោះអ៊ុយក្រែនទេ៕