Views: 1
ប្រែសម្រួលៈបំណង(វ៉េអិនអិចស្ព្រេស)៖ បុរសវៀតណាមម្នាក់នៅទីក្រុងហូជីមិញត្រូវបានតុលាការកាត់ទោសដាក់គុក៧ឆ្នាំចំពោះការសម្លាប់ប្រពន្ធដែលមានជំងឺរ៉ាំរ៉ៃក្រោមការព្រមព្រៀងធ្វើអត្តឃាតមួយបន្ទាប់ពីពួកគេអស់ប្រាក់សំរាប់ព្យាបាល។
វិញ ក្វាង ដាត(Huynh Quang Dat) អាយុ៥៦ឆ្នាំ បាននិយាយនៅសវនាការកាលពីថ្ងៃចន្ទថាគាត់លែងអាចព្យាបាលប្រពន្ធគាត់បានតទៅទៀតនិងដោយសារតែនាងសុំអង្វរអោយគាត់សម្លាប់នាងជាប្រចាំ លោកបានគិតអំពីការស្លាប់របស់ប្រពន្ធដោយស្រួលគ្មានការឈឺចាប់ មុនសម្លាប់ខ្លួនឯងតាមក្រោយ។
ប្រពន្ធរបស់ដាត ឈ្មោះង៉ុក បានឈឺងាប់មួយចំហៀងខ្លួនអស់១៥ឆ្នាំមកហើយ។
កាលពីថ្ងៃ៤វិច្ឆិកាឆ្នាំមុន ដាតបានឆក់សម្លាប់ប្រពន្ធនៅមន្ទីរពេទ្យមួយ។គាត់បានរុំខ្សែភ្លើងជុំវិញចង្កេះប្រពន្ធនិងឆក់នាង ហើយបានប៉ុនប៉ងធ្វើអោយឆក់ខ្លួនឯងទៀតជាច្រើនដងមុនសាច់ញាតិឃើញនិងចូលមកជួយផ្តាច់ចរន្តអគ្គិសនី។
ដាត បានប្រាប់តុលាការថា សុខភាពរបស់ប្រពន្ធកាន់តែចុះទ្រុឌទ្រោមខ្លាំងក្រោយឆ្លងកូវីដ១៩កាលពីឆ្នាំមុន ដោយធ្វើអោយនាងមិនអាចកំរើកដៃជើងកើតក្នុងពេលមិនអាចបង់ថ្លៃព្យាបាល ។ប្រឈមស្ថានភាពដូច្នេះ អ្នកទាំងពីរបានសំរេចចិត្តសម្លាប់ខ្លួន។
ដាតបាននិយាយថា «ខ្ញុំបានធ្វើអ្វីដែលប្រពន្ធខ្ញុំចង់បាន។តែពេលនៅក្នុងគុកជួយអោយខ្ញុំដឹងថាខ្ញុំបានធ្វើខុស។ខ្ញុំសង្ឃឹមថាតុលាការនឹងបន្ធូរបន្ថយទោស ផ្តល់ឳកាសអោយខ្ញុំកសាងជីវិតថ្មីនិងមើលថែឪពុកក្មេក»។
នៅតុលាការ កូនប្រុសរបស់ដាតបានបញ្ជាក់ប្រាប់សវនាការថា ឪពុកខ្លួនជាអ្នកមើលថែម្តាយអស់១៥ឆ្នាំបន្ទាប់ពីគាត់កើតជំងឺដាច់សរសៃឈាមងាប់មួយចំហៀងខ្លួន។នៅឆ្នាំ២០២១ពេលម្តាយរបស់ខ្លួនឆ្លងកូវីដ សុខភាពគាត់កាន់តែចុះដុនដាបខ្លាំង ដោយឪពុកបានខ្ចីលុយសាច់ញាតិអស់ជាង៤ពាន់ដុល្លារដើម្បីថ្លៃពេទ្យ។ស្ថានភាពរបស់ពួកគេពិបាកណាស់និង«ឪពុកម្តាយខ្ញុំអត់មានជំរើសណាផ្សេងទេ។ហេតុដូច្នេះហើយ ពួកគេសំរេចសម្លាប់ខ្លួន។ខ្ញុំសង្ឃឹមថាតុលាការនឹងសម្រាលទោស»។
តុលាការនិយាយថា ទោះជាស្ថានភាពគ្រួសារនេះលំបាកក៏វាជំរើសផ្សេងក្រៅពីអត្តឃាត ដោយដាតអាចលើកទឹកចិត្តប្រពន្ធ ជាជាងជ្រើសរើសបញ្ចប់ជីវិតនាង។ក្រោយពិចារណាគ្រប់កក្តា ដាតត្រូវបានកាត់ទោសអោយជាប់គុក៧ឆ្នាំ៕
វិញ ក្វាង ដាត ក្នុងសវនាការរបស់តុលាការប្រជាជនក្នុងហូជីមិញ កាលពីថ្ងៃ២៦កញ្ញា ឆ្នាំ២០២២