Views: 10
ដោយៈ កាំពី / ក្រចេះ ៖ នៅរសៀលថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២ នេះ កម្លាំងនគរបាល ព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការដ្ឋានគរបាលខេត្តក្រចេះ បានបញ្ជូនជនសង្ស័យចំនួន បីនាក់ ទៅសាលាដំបូងខេត្តក្រចេះ ពាក់ព័ន្ធអំពើឃាតកម្ម កាប់សម្លាប់មនុស្ស រហូតដល់ស្លាប់ ដែលប្រព្រិត្តកាលពីដើមខែមិថុនា កន្លងទៅ ដោយសារតែទំនាស់រឿងជិះម៉ូតូវ៉ាគ្នា។
យោងតាមរបាយការណ៍ នគរបាល បានបញ្ជាក់ឲ្យដឹងថាៈ នៅថ្ងៃទី៣ និងថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២ កម្លាំងជំនាញព្រហ្មទណ្ឌស្រុកស្នួល បានស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យ ចំនួនbIនាក់ រួមមានៈ ១.ឈ្មោះ ស្រី កទៀត អាយុ២១ឆ្នាំ រស់នៅភូមិស្រែនន ស្រុកចិត្របុរី ខេត្តក្រចេះ ។ ២.ឈ្មោះ ឡុង ឧត្តម (ហៅដំ) អាយុ២៣ឆ្នាំ រស់នៅភូមិថ្នល់ ឃុំស្វាយជ្រះ ស្រុកស្នួល ខេត្តក្រចេះ ។ ទី៣. ឈ្មោះ សំ រិទ្ឋី (ហៅ ធីក្រញាញ់) អាយុ៣៩ឆ្នាំ ។ ពួកគេទាំងបីនាក់ មានទីលំនៅផ្សេងគ្នា ក្នុងខេត្តក្រចេះ។
តាមរបាយការណ៍ បានបញ្ជាក់ទៀតថាៈ ជនសង្ស័យទាំង បីនាក់ ក្នុងចំណោមបក្ខពួក ៥ នាក់ ជាប់ពាក់ព័ន្ធករណីឃាតកម្ម កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២២ នៅចំណុចភ្នំព្រិច ភូមិស្រែរនាម ឃុំឃ្សឹម ស្រុកស្នួល ខេត្តក្រចេះ ដោយអ្នកទាំងប្រាំនាក់ ខឹងនឹងជនរងគ្រោះ ជិះម៉ូតូវ៉ាពួកគេ ហើយពួកគេ បានស្រែកឲ្យជនរងគ្រោះ ឈប់ម៉ូតូ តែជនរងគ្រោះ មិនព្រមឈប់ ពួកគេទាំង ប្រាំនាក់ បានជិះម៉ូតូដេញកាប់ជនរងគ្រោះ បណ្ដាលឲ្យស្លាប់ មួយនាក់ និង ពីរនាក់ទៀត រត់រួច។ នៅពេលនោះ កម្លាំងនគរបាល បានតាមស្រាវជ្រាវ ទើបចាប់បាន ចំនួនបីនាក់ ដោយឡែក បក្ខពួកពីរនាក់ទៀត រត់គេចខ្លួនបាត់ នគរបាលកំពុងតែបន្តស្វែងរកចាប់ខ្លួន។
ក្រោយពីឃាត់ខ្លួនជនសង្ស័យ ទាំងបីនាក់ តាមចម្លើយសារភាពជន ទាំងបីនាក់នេះ បានឆ្លើយថា កាលពីយប់ថ្ងៃទី៤ ខែមិថុនា កន្លងទៅ នៅចំណុចភ្នំព្រិច ភូមិស្រែរនាម ឃុំឃ្សឹម ស្រុកស្នួល ពួកគេពិតជាបានធ្វើសកម្មភាព កាប់សម្លាប់ជនរងគ្រោះ ឈ្មោះ ឌាន ដា ភេទប្រុស អាយុ២១ឆ្នាំ បណ្តាលឱ្យស្លាប់ប្រាកដមែន ដោយទំនាស់រឿងជិះម៉ូតូវ៉ាគ្នា។
សូមបញ្ជាក់ផងដែរថា នៅរសៀលថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២ នេះ កម្លាំងនគរបាល ព្រហ្មទណ្ឌកម្រិតធ្ងន់ បានបញ្ជូនជនដៃដល់ ចំនួនបីនាក់នេះ ទៅកាន់សាលាដំបូង ខេត្តក្រចេះ ដើម្បីចាត់ការ តាមនីតិវិធីបន្ត៕/V