Views: 11
ដោយ៖ រ៉ាម៉ន / ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានថ្លែងថាៈ ប្រទេសជិតខាងល្អ គឺយើងអាចជួយគ្នា បានទាន់ពេលវេលា ពេលមានទុក្ខលំបាកកើតឡើង ។ លោកបានថ្លែងបែបនេះ នារសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ នៅពេលជួបពិភាក្សា ការងារ ជាមួយលោក ផាម តាតថាង សមាជិកនៃគណៈកម្មាធិការកណ្តាល និងជា អនុប្រធានអចិន្ត្រៃយ៍ នៃគណៈចលនាមហាជន មជ្ឈិមបក្សកុម្មុយនិស្តវៀតណាម។
លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានី និងលោក កើត ឆែ , លោក នួន ផារ័ត្ន អភិបាលរងរាជធានី ក៏បានចូលរួមនៅក្នុងជំនួបពិភាក្សាការងារនោះ នៅសាលារាជធានីភ្នំពេញដែរ ។
លោក ឃួង ស្រេង បានមានប្រសាសន៍ថាៈ លោកពិតជាអរគុណយ៉ាងជ្រាវជ្រៅបំផុតចំពោះ កងទ័ពវៀតណាម ដែលបានលះបង់សាច់ស្រស់ ឈាមស្រស់ ដើម្បីរំដោះប្រទេស និងប្រជាជនកម្ពុជា ចេញពីរបបប៉ុល ពត ។ ប្រទេសជិតខាងយើង ល្អនឹងគ្នា យើងអាចជួយគ្នា បានទាន់ពេលវេលា ពេលមានទុក្ខលំបាកកើតឡើង ជាក់ស្តែង ដូចការរំដោះប្រជាពលរដ្ឋ ចេញពីប៉ុល ពត នេះឯង។
លោក ឃួង ស្រេង បានបញ្ជាក់ថាៈ ផ្តើមចេញពីការរំដោះប្រទេស ចេញពីចំណុចសូន្យនេះ កម្ពុជាបានឈានទៅរកបាន សន្តិភាពពេញលេញ លើផ្ទៃប្រទេស ដែលនាំឱ្យកម្ពុជា មានឱកាស ក្នុងការអភិវឌ្ឍប្រទេស រីកចំរើន ដូចពេលបច្ចុប្បន្ននេះ។
ក្នុងឱកាសនោះ លោក ឃួង ស្រេង ក៏បានថ្លែងការកោតសរសើរ ចំពោះប្រតិភូវៀតណាម ដឹកនាំដោយលោក ផាម តាត ថាង សមាជិកនៃគណៈកម្មាធិការកណ្តាល និងជា អនុប្រធានអចិន្ត្រៃយ៍ នៃគណៈចលនាមហាជន មជ្ឈិមបក្សកុម្មុយនិស្តវៀតណាម ដែលបានពង្រឹងទំនាក់ទំនងមិត្តភាព សហប្រតិបត្តិការ នៃប្រទេសទាំង២ កម្ពុុជា វៀតណាម បានយ៉ាងល្អ និងបានគាំទ្រ ការអភិវឌ្ឍប្រទេសកម្ពុជា ពិសេសការអភិវឌ្ឍ រាជធានីភ្នំពេញ។
លោក អភិបាលរាជធានីភ្នំពេញ បានបន្តទៀតថាៈ ផ្តើមចេញពីផ្លែផ្កានៃការពង្រឹង ទំនាក់ទំនង មិត្តភាព សហប្រតិបត្តិការ នៃប្រទេសទាំង២ កម្ពុុជា វៀតណាមនេះ កម្ពុជា បានរក្សាប្រពៃណី ទំនៀមទំលាប់ល្អៗទាំងនេះ បន្តទៅឱ្យយុវជនកម្ពុជា ជំនាន់ក្រោយទៀត គឺរក្សាឱ្យបានយូរអង្វែង៕/V