Views: 2
ដោយ៖ រ៉ាម៉ន / ភ្នំពេញ៖ ស្របពេលដែលប្រជាពលរដ្ឋ នៅទូទាំងប្រទេស កំពុងដំណើរការចូលរួមពិធីបុណ្យកាន់បិណ្ឌ ប្រកបដោយកំលាំងសទ្ធាជ្រះថ្លា នៅថ្ងៃសុក្រ ទី២៣ ខែកញ្ញា ឆ្នាំ២០២២ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកស្រី ជា ស៊ីណា ឃួង ស្រេង ព្រមទាំងបុត្រ និងក្រុមគ្រួសារ អាជ្ញាធរដែនដី មន្ត្រីរាជការ កងកំលាំងប្រដាប់អាវុធ ក្រោមឱវាទរដ្ឋបាលរាជធានីភ្នំពេញ បានអញ្ជើញចូលរួមពិធី បុណ្យកាន់បិណ្ឌវេនទី១៤ នៅវត្តនិគ្រោធវ័ន គល់ទទឹង ក្នុងសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ដោយទឹកចិត្តរីករាយជ្រះថ្លាក្រៃលែង ក្នុងព្រះពុទ្ធសាសនា។
កម្មវិធីបុណ្យ បានប្រព្រឹត្តទៅតាមប្រពៃណី ទំនៀមទំលាប់ព្រះពុទ្ធសាសនា ដើម្បីឧទ្ទិសកុសលផលបុណ្យ ជូនដល់បុព្វការីជន មានមាតា បិតា ជីដូនជីតា ញាតិការទាំង ៧សន្ដាន ដែលបានបាក់បែកចែកឋាន ទៅកាន់លោកខាងមុខ សុំបានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។ ជាមួយគ្នានេះ ក៏បានបង្ហាញឲ្យឃើញ ពីមនោសញ្ចេតនាគោរពប្រតិបត្តិព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ឱ្យថ្កុំថ្កើងរុងរឿង និងជាការជួបជុំរិតចំណងសាមគ្គីភាព ក្នុងមហាគ្រួសារខ្មែរ ក្នុងការធ្វើបុណ្យធ្វើទាន បញ្ជូនកុសលដល់អ្នកដែលបានលាចាកលោក ទៅកាន់លោកខាងមុខ ហើយនោះផង។
ព្រះធានុរ័ក្ខ គូ សុភាព ព្រះរាជាគណៈ ថ្នាក់កិត្តិយស ព្រះធម្មធរគណ រាជធានីភ្នំពេញ និងជាព្រះគ្រូសូត្យស្តាំវត្តនិគ្រោធវ័ន (គល់ទទឹង) បានសំដែងព្រះធម៌ទេសនា ដោយបានលើកយករឿងមគ្គមានព្វ រួមនឹងសហការីរបស់ខ្លួន ចំនួន៣២នាក់ផ្សេងទៀត បានចំណាយកំលាំងកាយចិត្ត កសាងសមិទ្ធផល សំរាប់ជាប្រយោជន៍សាធារណៈ ជាប្រយោជន៍សាសនា ដែលចុងក្រោយដោយសារអំណាចផល្លានិសង្ឃ ដែលខ្លួនបានកសាង មគ្គមានព្វ ក៏បានកើតទៅជាទេវតា។
ក្នុងន័យនេះដែរ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ដែរថាៈ កម្ពុជាមានភ័ព្វសំណាង ដោយសារយើងមានថ្នាក់ដឹកនាំ ប្រកបដោយគតិបណ្ឌិត និងជាស្ថាបនិកសន្តិភាព ដែលបានដឹកនាំប្រទេសជាតិ ឱ្យទទួលបានសុខសន្តិភាព ទាំងស្រុងពេញផ្ទៃប្រទេស ក្រោយពីបានរំដោះជីវិតប្រជាជន ចេញផុតពីការកាប់សម្លាប់ របស់របបប្រល័យពូជសាសន៍ ប៉ុល ពត សម្តេចនៅបានគិតគូរដល់សុខមាលភាព ប្រជាពលរដ្ឋ ដោយដាក់ចេញវិធានការដ៏មានប្រសិទ្ធភាព ក្នុងការទប់ស្កាត់ការរីករាល ដាលជំងឺកូវីដ.១៩ ធ្វើឱ្យកម្ពុជា អាចបើកប្រទេសឡើងវិញ ធ្វើអោយសេដ្ឋកិច្ច សង្គមនិងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ បានវិលទៅរកស្ថានភាពល្អប្រសើរ ឡើងវិញ។នេះហើយជាបុណ្យកុសលធំធេងណាស់ដែលសម្តេចតេជោបានធ្វើ សំរាប់ជាតិ សាសនា និងព្រះមហាក្សត្រ។
ជាមួយគ្នានេះដែរ លោកអភិបាល និង លោកស្រី ព្រមទាំងពុទ្ធបរិស័ទជិតឆ្ងាយ ក៏បានចូលរូមបូជាប្រទីប និងបង្ហោះគោម ក្នុងន័យថ្វាយចំពោះព្រះរតនត្រៃ និងផ្សព្វផ្សាយ មេត្តាចិត្តឧទ្ទិសបុណ្យកុសលដល់ញាតិញោម ដើម្បីឲ្យមានចិត្តជ្រះថ្លា ស្ងប់កើតមានមេត្តាធម៌ លប់បំបាត់អំពើក្រោធក្នុងចិត្ត និងធ្វើឲ្យអ្នកផង បានរីករាយ សប្បាយចិត្ត ជាមួយយើងដែរ ព្រមទាំងបង្កើតបាននូវពន្លឺដ៏ភ្លឺត្រចះត្រចង់ក្នុងចិត្ត ដូចប្រទីប និងការបង្ហោះគោម ដែលពេញដោយពន្លឺភ្លឺរទាល នាពេលរាត្រី។
ពិធីរាប់បាត្រ ត្រូវបានរៀបចំឡើង នៅថ្ងៃទី២៤ កញ្ញា រួចវេចង្ហាន់ប្រគេនព្រះសង្ឃ បាយបត្តបូរថ្វាយព្រះសម្មាសម្ពុទ្ធ និងព្រះសង្ឃ។ ទេយ្យទានដែលរដ្ឋបាលរាជធានី ភ្នំពេញ នាំយកមកវេរ ប្រគេនព្រះសង្ឃ រួមមាន សាដក ២២, អង្ករ១០០គីឡូក្រាម, មី៣០កេស, ទឹកក្រូច៣០កេស, ទឹកសុទ្ធ១០០កេស, ស្ករស១០០គីឡូក្រាម, ត្រីខកំប៉ុង ១កេស, ទឹកដោះ គោខាប់១កេស, ផ្លែឈើ២កន្ត្រក, តាជី យាយជី១៣៥អង្គ/នាក់ ក្នុងម្នាក់ៗក្រណាត់ស១ដុំ, ប្រាក់២ម៉ឺនរៀល, បច្ច័យប្រគេនព្រះសង្ឃ ២០៤ អង្គ ក្នុងមួយអង្គ ៥ម៉ឺនរៀល, ព្រមទាំងមន្ត្រីសង្ឃ, សិស្ស និស្សិត ២៦នាក់ ក្នុងម្នាក់ ២ម៉ឺនរៀល។ ចំពោះបច្ច័យដែលទទួលបានពីសទ្ធាជ្រះថ្លារបស់ពុទ្ធបរិស័ទ ចាប់មគ្គផល សរុបមានចំនួន ៣៨.៦៤០.០០០ រៀល ដើម្បីតំកល់ទុកក្នុងព្រះពុទ្ធសាសនា តរៀងទៅ៕/V