Views: 7
ដោយៈ ភ្នំសន្ទុក / កំពង់ធំ៖ រដ្ឋបាលខេត្តកំពង់ធំ បានជំរុញដល់អាជ្ញាធរមូលដ្ឋាន ត្រូវបង្កើនការយកចិត្តទុកដាក់ និងលើកកម្ពស់ស្មារតីប្រុងប្រយ័ត្ន លើបញ្ហាទឹកជំនន់ ការត្រៀមលក្ខណៈជួយសង្គ្រោះបឋម និងទីទួលសុវត្ថិភាព ។ អាជ្ញាធរមូលដ្ឋាន ត្រូវតែសិក្សាពីកន្លែងទីទួលសុវត្ថិភាព ត្រៀមពេលទឹកជំនន់ ខាងមុខនេះ ដើម្បីជួយសង្គ្រោះ ប្រជាពលរដ្ឋឲ្យរួចផុតពីគ្រោះទឹកជំនន់ ។
លោក ព្រឹម រដ្ឋា អភិបាលរងខេត្តកំពង់ធំ បានជំរុញបែបនេះ នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ ក្នុងពិធីអបអរសាទរ សមិទ្ធផលសហគមន៍សំខាន់ៗ និងបិទបញ្ចប់កម្មវិធី តំបន់ស្ទោង របស់អង្គការទស្សនពិភពលោក អន្តរជាតិ-កម្ពុជា។
ក្នុងឱកាសនោះ លោក អភិបាលរងខេត្តកំពង់ធំ រូបនេះ បានសំដែងនូវមោទនភាពណាស់ ដែលឃុំចំនួន៣ ដូចជា ឃុំទ្រា ឃុំបន្ទាយស្ទោង និងឃុំចំណាលើ ដែលមានការរីកចំរើនខ្លាំង លើ វិស័យអប់រំ សុខភាព និងអនាម័យទឹកស្អាត សន្តិសុខស្បៀង កិច្ចការការពារកុមារ ដែលក្នុងរយៈពេល ១៦ ឆ្នាំ ជាមួយនឹងអង្គការទស្សនពិភពលោក បានជួយឲ្យសហគមន៍ និងកុមារ នៅក្នុងស្រុកស្ទោង មានការផ្លាស់ប្ដូរ រីកចម្រើនទាំងរូបវន្ត ចំណេះដឹង ជំនាញ ជាពិសេសផ្លាស់ប្ដូរឥរិយាបថ នៃការរស់នៅរបស់កុមារងាយរងគ្រោះ និងសហគមន៍ លើភូមិគោលដៅ ទាំង ២៧។
ជាមួយគ្នានេះ លោកបានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ដល់រដ្ឋបាលស្រុកស្ទោង ដែលតែងតែយកវចិត្តទុកដាក់ ចូលរួមសហការយ៉ាងពេញទំហឹង ជាមួយអង្គការទស្សនៈ ពិភពលោក ដែលធ្វើឲ្យសហគមន៍ ក៏ដូចជាស្រុកស្ទោងទាំងមូល មានការរីកចម្រើន គួរជាទីមោទនៈ។
លោកអភិបាលរងខេត្ត ក៏បានបន្ថែមថា សមិទ្ធផលជាសក្ខីភាពខ្លះៗ ដូចយើងបានឃើញ ជាក់ស្តែង នៅតាមស្តង់តាំងពិព័រណ៍នីមួយៗ ដែលបានដាក់លក់នូវ ផលិតផលកសិកម្ម នានា ប្រកបដោយគុណភាព សុវត្ថិភាព គ្មានការប្រើប្រាស់ថ្មាំ ឬជីគីមីឡើយ។
ជាចុងបញ្ចប់ លោក ព្រឹម រដ្ឋា បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅដល់អង្គការ ទស្សនៈពិភពលោក-កម្ពុជា ដែលតែងតែយកចិត្តទុកដាក់ និងសហការយ៉ាងស្អិតរមួត ជាមួយរដ្ឋបាលស្រុកស្ទោង ក្នុងការប្រយុទ្ធប្រឆាំងនឹងមេរោគកូវីដ-១៩ ទទួលបានជោគជ័យ យ៉ាងត្រចះត្រចង់ ក៏ដូចជាអភិវឌ្ឍន៍មូលដ្ឋានស្រុកស្ទោងទាំងមូល មានការប្រែប្រួលច្រើន៕/V