Views: 1
ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ រោងចក្រនៅភាគនិរតីប្រទេសចិនមួយចំនួនធំបានបិទទ្វារ ហើយទីក្រុងមួយបានដាក់ចេញឡើងវិញនូវការបិទចរន្តអគ្គិសនីជាប្រចាំបន្ទាប់ពីអាងស្តុកទឹកដើម្បីបង្កើតវារីអគ្គិសនីបានថយចុះខ្លាំង នៅក្នុងគ្រោះរាំងស្ងួតកាន់តែអាក្រក់ទៅៗ។
រោងចក្រនៅក្នុងខេត្តស៊ីឈាន់ រួមទាំងរោងចក្រផលិតបន្ទះស្រូបពន្លឺព្រះអាទិត្យនិងស៊ីម៉ងត៍ បានបិទឬកាត់បន្ថយការផលិតបន្ទាប់ពីរោងចក្រទាំងនោះត្រូវបានបញ្ជាឱ្យកាត់បន្ថយការប្រើប្រាស់ថាមពលអគ្គិសនីរហូតដល់ប្រាំថ្ងៃ នេះបើយោងតាមសេចក្តីរាយការណ៍ព័ត៌មានកាលពីថ្ងៃពុធទី១៧សីហា។
រឿងនេះកើតឡើងបន្ទាប់ពីកម្រិតទឹកនៅអាងស្តុកទឹកបានធ្លាក់ចុះខ្លាំង ហើយតម្រូវការថាមពលសម្រាប់ម៉ាស៊ីនត្រជាក់កើនឡើងក្នុងពេលមានអាកាសធាតុក្តៅខ្លាំង។
សេចក្តីបង្គាប់មួយរបស់រដ្ឋបាលខេត្តចុះកាលពីថ្ងៃអង្គារបានលើកឡើងថា “ទុកថាមពលឱ្យប្រជាជនប្រើ”។
យោងតាមនាយកដ្ឋានសេដ្ឋកិច្ចនិងបច្ចេកវិជ្ជាព័ត៌មានខេត្តស៊ីឈាន់បានឱ្យដឹងថា នៅក្នុងខេត្តស៊ីឈាន់ ដែលមានប្រជាជន ៩៤ លាននាក់កម្រិតទឹកនៅអាងស្តុកទឹកវារីអគ្គិសនីបានធ្លាក់ចុះពាក់កណ្តាលក្នុងខែនេះ។
ក្រុមហ៊ុនថាមពលនៅទីក្រុងតាចូវ (Dazhou)ក្នុងខេត្តស៊ីឈាន់ដែលមានប្រជាជនចំនួន ៣,៤ លាននាក់ បានកាត់ផ្តាច់ចរន្តអគ្គិសនីរយៈពេលពីរម៉ោងកន្លះក្នុងសប្តាហ៍នេះហើយបានពង្រីកការផ្តាច់ភ្លើងនៅថ្ងៃពុធនេះរហូតដល់បីម៉ោង នេះបើយោងតាមការចុះផ្សាយរបស់កាសែត Shanghai News ។
កាសែត Securities Times បាននិយាយថា អគារការិយាល័យនៅទីក្រុងចេងទូ ដែលជាទីរួមខេត្ត ត្រូវបានប្រាប់ឱ្យបិទម៉ាស៊ីនត្រជាក់ចោលឱ្យអស់។
ការបិទទ្វាររោងចក្រនេះកំពុងបន្ថែមបញ្ហាប្រឈមសម្រាប់បក្សកុម្មុយនីស្តកំពុងកាន់អំណាច ខណៈលោក ស៊ី ជីនភីង ដែលជាមេដឹកនាំមានឥទ្ធិពលបំផុតរបស់ប្រទេសក្នុងរយៈពេលជាច្រើនទសវត្សរ៍ កំពុងត្រៀមបំបែកប្រពៃណី និង ផ្តល់រង្វាន់ដល់ខ្លួនគាត់នូវអាណត្តិប្រាំឆ្នាំលើកទីបីក្នុងនាមជាមេដឹកនាំនៅឯកិច្ចប្រជុំមួយក្នុងខែតុលាឬខែវិច្ឆិកាខាងមុខ។
កំណើនទិន្នផលរោងចក្រនិងការលក់រាយបានធ្លាក់ចុះក្នុងខែកក្កដា ដោយទាញថយក្រោយនូវការងើបឡើងវិញនៃសេដ្ឋកិច្ចរបស់ចិនបន្ទាប់ពីទីក្រុងសៀងហៃនិងមជ្ឈមណ្ឌលឧស្សាហកម្មផ្សេងទៀតត្រូវបានបិទចាប់ពីចុងខែមីនា ដើម្បីប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃកូវីដ១៩។
សេដ្ឋកិច្ចបានកើនឡើងត្រឹមតែ ២,៥ ភាគរយបើប្រៀបធៀបទៅនឹងឆ្នាំមុននៅក្នុងឆមាសទីមួយនៃឆ្នាំ ២០២២ ដែលតិចជាងពាក់កណ្តាលនៃគោលដៅប្រចាំឆ្នាំផ្លូវការ ៥,៥ ភាគរយ៕
ប្រជាជនកំពុងត្រាំទឹកឱ្យត្រជាក់ខ្លួនក្នុងទន្លេយ៉ាងសេ ខណៈសីតុណ្ហភាពកើនឡើង