Views: 1
ដោយៈ ភ្នំសន្ទុក / កំពង់ធំ៖ ដោយមានសំណូមពរ ពីអាណាព្យាបាលថា សិស្សានុសិស្ស ដែលរស់នៅដាច់ស្រយាល នៃសាលាបឋមសិក្សា អូរធំលិច ឃុំទីពោ និងសាលាបឋម សិក្សាប្រាសាទ ឃុំប្រាសាទ ស្រុកសន្ទុក ខេត្តកំពង់ធំ មានការខ្វះខាតសម្ភារៈសិក្សានោះ នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣ លោក ឡង គីសឹង អភិបាលស្រុកសន្ទុក និងសហការី បាននាំយកនូវសម្ភារៈសិក្សា និងថវិកាមួយចំនួន ចែកជូនដល់ក្មួយៗ សិស្សានុសិស្ស ចំនួន ១២០ នាក់ ទុកសម្រាប់ប្រើប្រាស់ ក្នុងឆ្នាំសិក្សា ២០២២ -២០២៣នេះ ។
ការចូលរួមជាមួយវិស័យអប់រំ នៅមូលដ្ឋាន លោកអភិបាលស្រុកសន្ទុក តែងតែយកចិត្តទុក ដាក់ជានិច្ច ក្នុងការគាំទ្រលើកទឹកចិត្ត ដល់សិស្សានុសិស្ស ដែលខ្វះមធ្យោបាយធ្វើដំណើរ បានផ្តល់ជូនកង់ សម្រាប់សិស្សក្រីក្រផងដែរ។
លោកអភិបាលស្រុកសន្ទុក បានបន្តទៀតថាៈ ឪពុកម្ដាយគ្រប់រូប ត្រូវតែជំរុញកូនមកសិក្សា ឲ្យបានទៀងទាត់ ដើម្បីទទួលបានចំណេះដឹង ជំនាញ យកមកបម្រើការងារក្នុងគ្រួសារ និងសង្គមជាតិ ឲ្យមានការរីកចម្រើន។
ជាចុងក្រោយ លោកអភិបាលស្រុកសន្ទុក បានលើកទឹកចិត្តដល់ក្មួយៗសិស្សានុសិស្ស ឱ្យខិតខំរៀនសូត្រ ដើម្បីក្លាយជាពលរដ្ឋល្អ ក្នុងសង្គម ចូលរួមគោរពច្បាប់ចរាចរណ៍ ផ្លូវគោក ចៀសឲ្យឆ្ងាយពីគ្រឿងញៀន ព្រោះគ្រឿងញៀន បំផ្លាញខ្លួនឯង គ្រួសារ និងសង្គមជាតិទាំងមូល៕ V / N