ក្រុមអង្គការសង្គមស៊ីវិល បន្ដជំរុញមហាជនចូលរួមសង្រ្គោះតំបន់ព្រៃមេត្តាធម្មជាតិ ដែលកំពុងរងការឈូសឆាយស្ទើរតែទាំងស្រុង។ ការជំរុញនេះ ធ្វើឡើងបន្ទាប់ពីរដ្ឋាភិបាលសម្រេចបញ្ឈប់ការឈូសឆាយព្រៃភ្នំតាម៉ៅទាំងអស់ ដើម្បីរក្សាដីព្រៃធម្មជាតិមួយនេះ ដោយសារមានការប្រតិកម្មយ៉ាងខ្លាំងពីមហាជន។
ប្រធានកម្មវិធីផ្នែកស្រាវជ្រាវ និងតស៊ូមតិ នៃសមាគមបណ្តាញយុវជនកម្ពុជា លោក ហេង គឹមហុង បង្ហាញការសោកស្ដាយយ៉ាងខ្លាំងចំពោះព្រៃមេត្តាធម្មជាតិ ដែលកំពុងរងការឈូសឆាយអស់ស្ទើរតែទាំងស្រុង ដោយក្រុមទាហានដែលនៅទីនោះ។ មួយវិញទៀត លោកថា សត្វព្រៃដែលនៅសល់តិចតួចនឹងបាត់បង់ទាំងអស់ ប្រសិនបើគ្មានការជួយសង្គ្រោះទាន់ពេលវេលាទេនោះ។
ពាក់ព័ន្ធរឿងនេះ អភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង មានប្រសាសន៍ថា ភ្លាមៗនេះ លោកមិនអាចសម្រេចថា ដោះស្រាយយ៉ាងណានៅឡើយទេ។ លោកថា ក្រោយចុះពិនិត្យផ្ទាល់ លោកនឹងជួបប្រជុំជាមួយអាជ្ញាធរពាក់ព័ន្ធដើម្បីកំណត់ទីតាំងដីសហគមន៍ឱ្យបានច្បាស់លាស់ និងសិក្សាពីទំហំនៃផលប៉ះពាល់សិន។
យ៉ាងណា លោក ហេង គឹមហុង រំពឹងថា ការចូលរួមពីអភិបាលខេត្ត និងសកម្មភាពជំរុញពីមហាជននឹងធ្វើឱ្យមានដំណោះស្រាយយ៉ាងមានប្រសិទ្ធភាព។ ប៉ុន្ដែយ៉ាងណា លោក ក៏នៅតែបន្ដជំរុញឱ្យមហាជនយកចិត្តទុកដាក់ចំពោះព្រៃមេត្តាធម្មជាតិ រហូតដល់មានដំណោះស្រាយជាលិខិតផ្លូវការលេចជារូបរាងឡើង ទើបបញ្ឈប់ការតស៊ូមតិចំពោះបញ្ហានេះ។
លោក ហេង គឹមហុង ថា៖ «ពួកយើងនៅតែបន្ដជំរុញឱ្យមានការលើកឡើងពីបញ្ហាទាំងអស់ហ្នឹង ជាពិសេសរហូតដល់មានឯកសារជាផ្លូវការច្បាស់លាស់ មិនមែនគ្រាន់តែជាការសន្មត់ ឬជាការលើកឡើងដោយសម្ដីចឹង»។
ទន្ទឹមនេះ លោកថា លោកកំពុងតែប្រមូលកូនឈើ និងសហការជាមួយសង្គមស៊ីវិលផ្សេងទៀត ទៅធ្វើពិធីដាំកូនឈើនៅទីនោះឡើងវិញ និងទាមទារឱ្យបញ្ឈប់ការឈូសឆាយតំបន់នេះ ហើយអ្នកកាប់បំផ្លាញព្រៃត្រូវតែចូលរួមដាំដើមឈើជាការទទួលខុសត្រូវ។
បន្ថែមពីនេះ លោកជំរុញឱ្យប្រជាពលរដ្ឋចូលរួមឈ្វេងយល់ពីព្រៃមេត្តាធម្មជាតិ ដែលកំពុងរងការឈូសឆាយនេះ ហើយឱ្យមានការចូលរួមការពារពីសាធារណជនដូចករណីភ្នំតាម៉ៅ និងនាំគ្នាថែរក្សាធនធានធម្មជាតិនេះទុកសម្រាប់ក្មេងជំនាន់ក្រោយ កុំឱ្យបុគ្គលណាមួយយកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន។
មន្ត្រីជាន់ខ្ពស់នៃសមាគមបណ្តាញយុវជនកម្ពុជារូបនេះ លើកឡើងថា៖ «ខ្ញុំសំណូមពរឱ្យប្រជាពលរដ្ឋទាំងអស់ មេត្តាឈ្វេងយល់ពីព្រៃមេត្តាធម្មជាតិ ហើយចូលរួមការពារព្រៃមេត្តាធម្មជាតិ ដូចការពារព្រៃភ្នំតាម៉ៅ និងព្រៃផ្សេងទៀត ពីព្រោះអីគឺ ជាធនធានរបស់យើងទាំងអស់គ្នាដែលត្រូវចូលរួមការពារដើម្បីមនុស្សជំនាន់ក្រោយ»។
ចំណែកឯ សកម្មជនចលនាមាតាធម្មជាតិ កញ្ញា ឡុង គន្ធា ក៏បានបង្ហាញការសោកចំពោះសកម្មភាពឈូសឆាយព្រៃ និងការប៉ះពាល់សត្វព្រៃ នៅតំបន់ព្រៃមេត្តាធម្មជាតិនេះ។ មួយវិញទៀត តំបន់ព្រៃមេត្ដាធម្មជាតិនេះ ក៏ជាជម្រកសត្វព្រៃមួយកន្លែងដែលមានព្រះសង្ឃនិងសហគមន៍មូលដ្ឋានអភិរក្សជាយូរមកហើយ។
បើទោះជាមិនទាន់បង្ហាញពីសកម្មភាពជាក់លាក់ណាមួយក្នុងការសង្គ្រោះព្រៃមេត្តាធម្មជាតិនេះក៏ដោយ ប៉ុន្ដែ កញ្ញា លើកឡើងថា ដំណោះស្រាយក្នុងករណីនេះ ត្រូវមានការចូលរួមពីមហាជនយ៉ាងសកម្ម ដូចករណីការឈូសឆាយព្រៃនៅតំបន់ភ្នំតាម៉ៅដែរ។
សកម្មជនបរិស្ថានរូបនេះ ថា៖ «យើងគួរតែចាប់ផ្ដើមចូលរួមនៅក្នុងការការពារ ចូលរួមក្នុងការសង្គ្រោះមេត្ដាធម្មជាតិ ឱ្យដូចសង្គ្រោះភ្នំតាម៉ៅ ព្រោះរឿងធនធានធម្មជាតិ រឿងបរិស្ថាន ជារឿងរបស់យើងទាំងអស់ មិនមែនជារឿងតែសហគមន៍មូលដ្ឋាននោះទេ»។
ករណីនេះដែរ កញ្ញា ក៏ស្នើរដល់រដ្ឋាភិបាល ពិចារណាបញ្ឈប់ការឈូសឆាយព្រៃនេះ ហើយប្ដូរមកជារួមគ្នាក្នុងការថែរក្សាព្រៃមេត្ដាធម្មជាតិទាំងអស់គ្នាវិញ។
លោក ហ៊ុន វណ្ណៈ សមាជិកក្រុមខ្មែរថាវរៈ ឱ្យដឹងថា ក្រុមរបស់លោកកំពុងតែចាំមើលចំណាត់ការរបស់អភិបាលខេត្តសិន មុននឹងចាប់ផ្ដើមធ្វើការតស៊ូមតិចំពោះបញ្ហានេះ។ យ៉ាងណាក៏ដោយ លោកថា បញ្ហានេះ ត្រូវមានការផ្សព្វផ្សាយអំពីការឈូសឆាយដែលប៉ះពាល់ព្រៃឈើយ៉ាងធ្ងន់ធ្ងរនៅតំបន់នេះឱ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋបានដឹង។
សមាជិកក្រុមខ្មែរថាវរៈ រូបនេះបន្ដថា ការជួយព្រៃសហគមន៍នេះ លុះត្រាតែប្រជាសហគមន៍ខ្លួនឯងផ្ទាល់ត្រូវតែរឹងមាំ ដែលអាចជួយខ្លួនឯងបានជាមុនសិន។ ក្នុងន័យនេះ លោកថា ការជួយសង្រ្គោះព្រៃមេត្តាធម្មជាតិនេះ ត្រូវការអ្នកនៅទីនោះផ្ទាល់មានឆន្ទៈពិតប្រាកដ គិតពីប្រយោជន៍សហគមន៍រួម។
ទាក់ទិនទៅនឹងរកណីនេះ លោក ហ៊ុន វណ្ណៈ លើកឡើងថា តំបន់ភ្នំតាម៉ៅ មានទំហំផលប្រយោជន៍ធំធេង ប៉ុន្ដែនៅតែអាចស្វែងរកដំណោះស្រាយបាន ដោយសារការចូលរួមយ៉ាងសកម្មពីមហាជន ដូច្នេះ ព្រៃមេត្ដាធម្មជាតិក៏នៅតែអាចសង្គ្រោះបានដូចគ្នា បើសិនជាសាធារណជននៅតែបន្ដចូលរួមការពារ។
លោក ហ៊ុន វណ្ណៈ ថា ៖ «ភ្នំតាម៉ៅ ដែលមានទំហំជាងពីរពាន់ហិតា ទំហំនៃផលប្រយោជន៍ដែលអ្នកមានអំណាច គាត់អាចទាញយកបានហ្នឹង គឺមានតម្លៃធំធេងមែនទែន បើយើងគិតតម្លៃធនធានដែលគេយកហ្នឹង ហើយមកដល់ពេលនេះ មានដំណោះស្រាយដោយសារការចូលរួមពីប្រជាពលរដ្ឋ»។
ការលើកឡើងពីការសង្គ្រោះព្រៃមេត្តាធម្មជាតិនេះ ធ្វើឡើងក្រោយពីមានការប្រតិកម្មយ៉ាងខ្លាំងពីមហាជនយ៉ាងច្រើនចំពោះការឈូសឆាយព្រៃតំបន់ភ្នំតាម៉ៅ ហើយលោក នាយករដ្ឋមន្រ្ដី ហ៊ុន សែន បានសម្រេចលុបចោលគម្រោងអភិវឌ្ឍន៍ និងដោះដូរដីតំបន់ភ្នំតាម៉ៅទាំងអស់ ដើម្បីរក្សាដីព្រៃធម្មជាតិមួយនេះឱ្យនៅដដែល។ ជាមួយគ្នានេះ លោកក៏បានបញ្ជាទៅក្រុមហ៊ុន ដែលឈូសឆាយព្រៃភ្នំតាម៉ៅទាំងអស់ត្រូវដាំកូនឈើឡើងវិញ។
កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ រដ្ឋាភិបាលបានចេញអនុក្រឹត្យមួយ កាត់ដីទំហំជាង២៦០ហិកតា (២៦២,២៤ហិកតា) ពីដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ស្ថិតនៅភូមិសាស្ត្រ ភូមិពោធិ៍មាស ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដើម្បីបែងចែកទៅឱ្យគ្រួសារកងទ័ពនៃបញ្ជាការដ្ឋានរថក្រោះកងទ័ពជើងគោក និងពលរដ្ឋចំនួន៤១គ្រួសារ សម្រាប់ធ្វើលំនៅឋាន និងបង្កបង្កើនផល។
ក្រោយទទួលបានដីសម្បទានសង្គមកិច្ចនេះ ក្រុមទាហានបានដាក់គ្រឿងចក្រឈូសឆាយ និងប្រើកម្លាំងកម្មករឱ្យចូលទៅកាប់រុករានព្រៃឈើនៅតំបន់នោះ ប៉ុន្តែត្រូវបានអ្នកភូមិរាប់រយនាក់នៅឃុំត្រពាំងជោរ តវ៉ាប្រឆាំង ដោយពួកគេអះអាងថា ព្រៃឈើតំបន់នោះជាព្រៃសហគមន៍ឧត្ដមស្រែពស់ ឬព្រៃមេត្តាធម្មជាតិ ដែលពួកគេបានការពារជាង២០ឆ្នាំមកហើយ។
គេសង្កេតឃើញថា បន្ទាប់ពីរដ្ឋាភិបាលបានបញ្ឈប់ភ្លាមៗនូវសកម្មភាពឈូសឆាយព្រៃភ្នំតាម៉ៅនេះ ក្រុមអ្នកស្រលាញ់បរិស្ថាន និងពលរដ្ឋ បានបង្ហាញនូវការសាទរចំពោះការសម្រេចនេះ។ ទន្ទឹមនេះ ពួកគេក៏សម្ដែងនូវការសោកស្ដាយយ៉ាងខ្លាំងផងដែរ ចំពោះការបាត់បង់ព្រៃឈើជិត៦០០ហិកតា នៅភ្នំតាម៉ៅក្នុងរយៈពេលដ៏ខ្លីនេះ៕