សង្គមស៊ីវិលដែលធ្វើការពាក់ព័ន្ធសេរីភាពសារព័ត៌មាន និងសិទ្ធិមនុស្ស ចាត់ទុកការឃាត់ខ្លួនអ្នកសារព័ត៌មានវីអូឌីដែលចុះថតរូបនៅបរិវេណភ្នំតាម៉ៅថានាំឱ្យមានចំណោទសួរថាតើ«មានអ្វីលាក់លៀម»នៅទីនោះ? ខណៈការថតរូបជាសាធារណៈគឺជាសេរីភាពរបស់ពលរដ្ឋនិងអ្នកសារព័ត៌មាន ដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញកម្ពុជាមាត្រា ៤១។
ការបង្ហាញចម្ងល់នេះធ្វើឡើងបន្ទាប់ពីអ្នកសារព័ត៌មានវីអូឌី៥នាក់និងក្រុមយុវជនខ្មែរថាវរៈ៤នាក់ត្រូវបានអាជ្ញាធរខេត្តតាកែវឃាត់ខ្លួនពេលចុះថតរូបនៅបរិវេណភ្នំតាម៉ៅនៅថ្ងៃទី ១៦ ខែសីហានេះ។
នាយិកាប្រតិបត្តិនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោកស្រី ចក់ សុភាព លើកឡើងថា ជាទូទៅនៅតំបន់សាធារណៈមិនគួរមានការហាមឃាត់ថតរូបឡើយ។ ក្រៅពីនោះ អ្នកស្រីថា រដ្ឋាភិបាលបានសម្រេចលុបចោលគម្រោងឱ្យក្រុមហ៊ុនឯកជនឈូសឆាយអភិវឌ្ឍនៅតំបន់ភ្នំតាម៉ៅហើយ ដូច្នេះមិនគួរមានការរំខានដល់កិច្ចការអ្នកសារព័ត៌មានថែមទៀត។
មន្ត្រីសិទ្ធិមនុស្សរូបនេះថា អ្នកសារព័ត៌មានជាជនដែលត្រូវផ្តល់បរិយាកាសអំណោយផលឱ្យពួកគេបានបំពេញភារកិច្ច តាមវិជ្ជាជីវៈរាយការណ៍ និងសិទ្ធិរបស់ខ្លួនតាមច្បាប់។ បើមានការហាមឃាត់ រាំងខ្ទប់ដល់សូម្បីតែការចុះថតរូបនៅតំបន់អភិរក្សរបស់អ្នកសារព័ត៌មាននោះនឹងនាំឱ្យមានចម្ងល់ថាតើនៅតំបន់នោះមានអ្វីលាក់លៀម។
អ្នកស្រីថា៖ «ជាតំបន់សាធារណៈវាអត់មានអីត្រូវមកហាមឃាត់! ហើយពួកគាត់មិនគួរត្រូវគេឃាត់ខ្លួនហើយសាកសួរនោះទេព្រោះតំបន់ហ្នឹងគឺត្រូវបានលុបចេញអំពីការសម្រេចក្នុងការប្រគល់ទៅឱ្យក្រុមហ៊ុនឯកជនហើយបានន័យថានៅរក្សាជាដីព្រៃសាធារណៈរបស់រដ្ឋអីហ្នឹង […] ហើយបើសិនជាអ្នកសារព័ត៌មានមិនអាចធ្វើការរាយការណ៍ ឬក៏ធ្វើអីហ្នឹងចឹងវានាំឱ្យមានចំណោទជុំវិញថាតើនៅតំបន់ហ្នឹងមានអីលាក់លៀមទៅវិញ? ចឹងនេះជាបញ្ហាចោទដែលពាក់ព័ន្ធទាំងសិទ្ធិសេរីភាពសារព័ត៌មានផង ហើយនិងចំណោទជុំវិញតំបន់អភិរក្សហ្នឹងផងដែរ»។
នាយកប្រតិបត្តិសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (CamboJa) លោក ណុប វី ចាត់ទុកការដែល
ការឃាត់ខ្លួននេះ ថាបានរំលោភបំពានដល់មូលដ្ឋានគ្រឹះនៃច្បាប់រដ្ឋធម្មនុញ្ញ និងច្បាប់អន្តរជាតិផ្សេងៗដូចជាកតិកាសញ្ញាស្តីពីសិទ្ធិពលរដ្ឋ សិទ្ធិនយោបាយ ដែលគេបានដាក់តម្កល់នូវសេរីភាពជាមូលដ្ឋានរបស់ពលរដ្ឋ គឺជារឿងសំខាន់។
លោកថា ការថតរូបជាសាធារណៈគឺជាសេរីភាពរបស់ពលរដ្ឋនិងអ្នកសារព័ត៌មាន ដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញកម្ពុជាមាត្រា ៤១។
យ៉ាងណា លោកយល់ថាអាជ្ញាធរមូលដ្ឋានអាចនឹងមិនយល់ដឹងពីច្បាប់នេះ ទើបពួកគេទទួលតែបទបញ្ជា ហើយភ្លេចនូវការអនុវត្តច្បាប់ទៅវិញ។ លោកថា ជាទូទៅបទបញ្ជាមិនដែលធំជាងច្បាប់ ហើយបទបញ្ជាគឺមិនត្រូវដាក់ឱ្យមានការប្រាស់ចាកពីច្បាប់ដែរ។
លោកថា៖ «ការអនុវត្តមួយចំនួន ដូចជាការឃាត់ ហាមប្រាមមិនឱ្យអ្នកសារព័ត៌មានថតរូបហ្នឹង យើងមានដាក់ផ្លាកទេ?យើងមានដាក់ផ្លាកហាមប្រាមថាមិនឱ្យមានការថតទេ? បើសិនអត់បានដាក់ផ្លាកទេ អាហ្នឹងគឺអ្នកសារព័ត៌មានគាត់មានសិទ្ធិថតហើយ! គាត់មានសេរីភាពពេញលេញដែលមានគាំទ្រដោយច្បាប់រដ្ឋធម្មនុញ្ញ ដោយច្បាប់នៃរបបសារព័ត៌មាន ដោយច្បាប់អន្តរជាតិផ្សេងៗទៀត។ ហើយបើសិនជាមានដាក់ហាមប្រាមហ្នឹង ក៏គួរតែមើលទៀតថាតើការដាក់ហាមប្រាមហ្នឹង គឺវាសមស្របទៅតាមច្បាប់ទាំងអស់ហ្នឹងទេ»។
សមត្ថកិច្ចថ្នាក់លើ គួរតែពិនិត្យការបំពេញភារកិច្ចរបស់ថ្នាក់ក្រោមឱ្យបានល្អិតល្អន់ ដើម្បីធានាថាបុគ្គលគ្រប់រូប អនុវត្តស្របតាមច្បាប់ដែលមានជាធរមាន។
អ្នកសារព័ត៌មាន វីអូឌី ចំនួន ៥នាក់ ក្នុងនោះជាជនជាតិខ្មែរ៤នាក់និងបរទេសម្នាក់ត្រូវបានសមត្ថកិច្ចខេត្តតាកែវឃាត់ខ្លួនខណៈពួកគេចុះយកព័ត៌មាននិងថតរូបនៅក្នុងបរិវេណភ្នំតាម៉ៅស្របពេលលោកនាយករដ្ឋមន្ត្រីហ៊ុនសែនទើបតែចេញបញ្ជាឱ្យលុបចោលទាំងអស់ចំពោះសកម្មភាពដោះដូរនិងអភិវឌ្ឍតំបន់ភ្នំតាម៉ៅក្រោយមានប្រតិកម្មពីមហាជនយ៉ាងច្រើន។
ការឃាត់ខ្លួននេះធ្វើឡើងនៅព្រឹកថ្ងៃទី១៦ខែសីហានេះនិងត្រឹមជាង១សប្តាហ៍ប៉ុណ្ណោះក្រោយចំណាត់ការលោកនាយករដ្ឋមន្ត្រីលើករណីឈូសឆាយដីព្រៃភ្នំតាម៉ៅ។
នៅពេល វីអូឌី ទាក់ទងទៅកាន់អ្នកកាសែតវីអូឌីដើម្បីសួរនាំពីស្ថានភាពនៃការឃាត់ខ្លួនទូរស័ព្ទរបស់នាងត្រូវបានអាជ្ញាធរដែលឃាត់ខ្លួននោះបានលើកទូរស័ព្ទឆ្លើយតបជំនួស។នៅពេលសួរថាហេតុអ្វីបានជាចាប់ខ្លួនអ្នកសារព័ត៌មានវីអូឌីមន្រ្តីរូបនោះថាមិនមែនជាការចាប់ខ្លួននោះទេគ្រាន់តែជាការហៅសួរនាំដោយសារអ្នកសារព័ត៌មានវីអូឌីចូលថតរូបតំបន់អាជ្ញាធរហាមឃាត់។ទោះជាយ៉ាងណាមន្រ្តីរូបនោះបដិសេធមិនប្រាប់ឈ្មោះនិងតួនាទីរបស់គាត់នោះទេ។
មន្រ្តីមិនប្រាប់ឈ្មោះថ្លែងថា៖«នេះជាទូរសព្ទរបស់មីអូន [អ្នកសារព័ត៌មានវីអូឌី ] ទេតែទូរសព្ទនេះខ្ញុំកាន់! [វីអូឌីបារម្ភពីសុវត្ថិភាពក្រុមការងារថាយ៉ាងណាហើយ?] កុំភ័យ ងាប់ ១ សង ២០។ ក្រោមការដឹកនាំ បទបញ្ជា មិនឱ្យបងប្អូនណាថតផ្សព្វផ្សាយទេ។ [តើគាត់ខុសអីបានមានការឃាត់ខ្លួន?] មិនមានខុសអីទេគ្រាន់តែមានបំរាមហាមមិនឱ្យថតហើយគាត់ថតចឹង»។
ស្ត្រីអ្នកយកព័ត៌មានវីអូឌីមួយរូប បានប្រាប់តាមទូរសព្ទក្រោយពីអាជ្ញាធរហុចឱ្យនិយាយមកកាន់សហការីថាមូលហេតុនៃការចាប់ខ្លួនគឺដោយសារអាជ្ញាធរចោទពួកគាត់ថាបានថតរូបហើយពួកគេត្រូវបានបញ្ជូនទៅកាន់ទីបញ្ជាការដាំដើមឈើក្នុងបរិវេណភ្នំតាម៉ៅ។ ទោះជាយ៉ាងណា ក្រោយមកអ្នកសារព័ត៌មានទាំង៥នាក់ត្រូវបានបញ្ជូនខ្លួនទៅកាន់អធិការដ្ឋាននគរបាលស្រុកបាទី។
ក្រៅពីអ្នកសារព័ត៌មានវីអូឌី ចំនួន ៥នាក់នេះនៅមានក្រុមយុវជនខ្មែរថាវរៈចំនួន៤នាក់ក៏ត្រូវបានអាជ្ញាធរចាប់ខ្លួនបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកបាទីផងដែរ។យុវជនទាំង ៤នាក់នោះរួមមានលោកហ៊ុនវណ្ណៈកញ្ញាឈឿនដារ៉ាវីកញ្ញាឆែមស្រីគានិងលោកសុគន្ធតុលា។
កញ្ញា ឈឿន ដារ៉ាវី បានប្រាប់ វីអូឌី នៅមុននេះថា៖«ពួកខ្ញុំត្រូវគេចាប់ហើយមកនគរបាលស្រុកបាទី»។
ទោះជាយ៉ាងណា នៅមុនពេលចេញដំណើរទៅកាន់ភ្នំតាម៉ៅកាលពីព្រឹកមិញនេះកញ្ញាឈឿនដារ៉ាវីបានប្រាប់វីអូឌីថាក្រុមយុវជនខ្មែរថាវរៈនឹងធ្វើដំណើរទៅកាន់ភ្នំតាម៉ៅដើម្បីប្រមូលស្នាមមេដៃ និងគ្រោងដាក់ញត្តិទៅកាន់មន្ទីរកសិកម្មខេត្តតាកែវនៅវេលាម៉ោង២រសៀលថ្ងៃទី១៦ខែសីហានេះដើម្បីស្នើឱ្យប្រធានមន្ទីរកសិកម្មខេត្តតាកែវលោកញិបស្រ៊នបកស្រាយអំពីព័ត៌មានដែលថាមានសកម្មភាពខួងរណ្តៅជម្រៅជ្រៅបោះបង្គោលនៅជុំវិញតំបន់ភ្នំតាម៉ៅដោយមិនឱ្យប្រជាពលរដ្ឋចូលទៅដាំកូនឈើនិងមិនឱ្យអ្នកសារព័ត៌មានចូលទៅក្នុងបរិវេណនៃតំបន់នោះ។
ជាការកត់សម្គាល់ ការឃាត់ខ្លួនអ្នកសារព័ត៌មានវីអូឌីនិងក្រុមយុវជនខ្មែរថាវរៈនេះ ស្របពេលអ្នករាយការណ៍ពិសេសផ្នែកសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ លោក វិទិត មុនតាប៊ន (Vitit MUNTARBHORN) កំពុងធ្វើទស្សនកិច្ចការងារជាលើកដំបូងនៅក្នុងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២នេះ ដើម្បីជួបជាមួយប្រមុខរដ្ឋាភិបាលលោក ហ៊ុន សែន អ្នកពាក់ព័ន្ធ និងអង្គការសង្គមស៊ីវិល។
ក្នុងជំនួបជាមួយ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីព្រឹកមិញនេះ លោក ហ៊ុន សែនបាន ប្រាប់ទៅអ្នករាយការណ៍ពិសេសផ្នែកសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ ថាកម្ពុជាបានផ្ដល់ជាអាទិភាពលើសិទ្ធិរស់រានមានជីវិត និងសិទ្ធិទទួលបានព័ត៌មាន ខណៈរាល់ច្បាប់និងលិខិតបទដ្ឋានគតិយុត្តដែលបានអនុម័តទាំងអស់ គឺធ្វើឡើងដើម្បីការពារពលរដ្ឋ និងទប់ស្កាត់អំពើល្មើសច្បាប់ដែលបង្កអស្ថិរភាពសង្គម។ ទោះជាយ៉ាងណា សង្គមស៊ីវិលមើលឃើញថាកម្ពុជាមិនទាន់បានគោរពសិទ្ធិសេរីភាពពលរដ្ឋ និងអ្នកកាសែតពេញលេញនៅឡើយ៕