Views: 5
ដោយៈ ភ្នំខៀវ / បាត់ដំបងៈ អំឡុងថ្ងៃបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ ភ្ញៀវទេសចរជាតិ អន្តរជាតិ ចូលលេងកម្សាន្ត ក្នុងខេត្តបាត់ដំបង ជាង ១៤ ម៉ឺននាក់។ នេះបើតាមលោក អ៊ុច អ៊ុភីនីសារ៉ា ប្រធានមន្ទីរទេសចរណ៍ ខេត្តបាត់ដំបង បានបញ្ជាក់ឲ្យដឹង នៅថ្ងៃទី ២៦ ខែកញ្ញានេះ។
លោក អ៊ុច អ៊ុភីនីសារ៉ា បានបញ្ជាក់ថាៈ អំឡុងថ្ងៃបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ ត្រឹមរយៈពេល ២ថៃ្ង នៅថ្ងៃទី ២៤ -២៥ ខែកញ្ញា ឆ្នាំ២០២២ នេះ តំបន់ទេសចរណ៍ ខេត្តបាត់ដំបង មានភ្ញៀវទេសចរក្នុង និងក្រៅខេត្ត ចូលលេងលំហែអារម្មណ៍ យ៉ាងច្រើនកុះករ ក្នុងនោះ នៅថ្ងៃទី២៤ មានចំនួន ៨១.៨៦៩ នាក់ និងនៅថ្ងៃទី២៥ ខែកញ្ញា មានចំនួន ៦៣.៧៩៨ នាក់។
ប្រធានមន្ទីរទេសចរណ៍រូបនេះ បានបន្តថាៈ ក្នុងចំណោមភ្ញៀវទេសចរ ដែលកើនឡើងនេះ សរុបរយៈពេល ២ថ្ងៃ ក្នុងឆ្នាំ២០២២ មានចំនួន ១៤៥.៦៦៧ នាក់ ធៀបនឹងឆ្នាំ ២០២១ ត្រឹមតែចំនួន ២៧.១៥៨ នាក់ប៉ុណ្ណោះ ខណៈប្រទេសឋិតក្នុងស្ថានភាព ជួបវិបត្តិនូវជំងឺកូវីដ-១៩។
រមណីយដ្ឋាន និងគោលដៅទេសចរណ៍សំខាន់ៗ ជាតំបន់លំហែកាយ ក្នុងភូមិសាស្ត្រ ខេត្តបាត់ដំបង មានជាច្រើនកន្លែង រួមមាន រមណីយដ្ឋានប្រាសាទបាណន់, រមណីយដ្ឋាន ភ្នំសំពៅ, ទស្សនាហ្វូងសត្វប្រចៀវល្អាងភ្នំភ្នំពៅ, រមណីយដ្ឋាន ប្រាសាទឯកភ្នំ, អាងទឹកកំពីងពួយ, រមណីយដ្ឋានស្ទឹងថ្មដា ចំការទុរេន, រមណីយដ្ឋានទឹកធ្លាក់ ៥៣ ក្នុងស្រុកភ្នំព្រឹក, រមណីយដ្ឋាននគរជុំភ្នំព្រឹក, ភ្នំកំពូល, រមណីយដ្ឋានចំការទុរេនអូរតង, ស្ទឹងថ្វាក, វត្តនាងរំសាយសក់, វត្តភ្នំជីហង្ស, រមណីយដ្ឋានវត្តភ្នំចំបាំង, និងសហគមន៍អេកូទេសចរណ៍ ទឹកធ្លាក់អូរជាំ ល្អាងភ្នំប្រាំពីរ ជាដើម៕/V