ទីភ្នាក់ងារសារព័ត៌មាន Reuters ដោយដកស្រង់ពីប្រភពមន្ទីរបញ្ចកោណ ( Pentagon ) បានផ្សព្វផ្សាយនៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២នេះឲ្យដឹងថា កាលពីថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២២កន្លងទៅ សហរដ្ឋអាមេរិក ជប៉ុន និងប្រទេសកូរ៉េខាងត្បូង បានធ្វើសមយុទ្ធយោធាការពារមីស៊ីល និងបាញ់ផ្លោងមីស៊ីល រួមគ្នា រយៈពេលមួយសប្តាហ៍ មានឈ្មោះថា នាគប៉ាស៊ីហ្វិក ( The Pacific Dragon ) ដោយផ្តោតការយកចិត្តទុកដាក់លើសភាពការណ៍បច្ចុប្បន្ន ជាមួយកូរ៉េខាងជើង និងប្រទេសចិន ។
សេចក្តីថ្លែងការណ៍របស់មន្ទីរបញ្ចកោណ បានបញ្ជាក់ឲ្យដឹងថា ការធ្វើសមយុទ្ធយោធារួមគ្នារបស់ប្រទេសទាំងបី ដែលចាប់ផ្តើមកាលពីថ្ងៃទី០៨ ខែសីហា ដល់ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២២ នៅឆ្នេរ នៃរដ្ឋហាវ៉ៃ ( Hawaii ) សហរដ្ឋអាមេរិក នេះ គឺដើម្បីបញ្ជាក់អំពីការប្តេជ្ញាចិត្តរបស់ប្រទេសទាំងបី ក្នុងការឆ្លើយបតចំពោះបញ្ហាប្រឈមជាមួយកូរ៉េខាងជើង ការការពារសន្តិសុខរួមគ្នា និងការពង្រឹងសណ្តាប់ធ្នាប់អន្តរជាតិ ផ្អែកលើច្បាប់ជាមូលដ្ឋាន ។ លើសពីនេះ យោធា នៃប្រទេសទាំងបី បានចែករំលែកព័ត៌មានភ្ជាប់នឹងទិន្នន័យយុទ្ធសាស្ត្ររួមគ្នាទៅវិញទៅមក ស្របតាមកិច្ចព្រមព្រៀងត្រីភាគី ផងដែរ ។
សភាពការណ៍បច្ចុប្បន្ន គឺប្រទេសចិន បានធ្វើសមយុទ្ធយោធាច្រើនលើកច្រើនសា នៅក្បែរ និងហ៊ុំព័ទ្ធដែនកោះតៃវ៉ាន់ ខណៈកូរ៉េខាងជើង តែងតែធ្វើតេស្តសាកល្បងអាវុធមីស៊ីលរបស់ខ្លួនម្តងហើយម្តងទៀត បង្កការគំរាមកំហែងនៅក្នុងតំបន់ ។
គួរបញ្ជាក់ជូនថា ក្រៅពីអាវុធមីស៊ីលវាយលុក ដ៏ច្រើនប្រភេទ រួមទាំងមីស៊ីលផ្លោងបាញ់ឆ្លងទ្វីប ( ICBM ) ផងរបស់សហរដ្ឋអាមេរិក គឺនៅប្រទេសជប៉ុន និងប្រទេសកូរ៉េខាងត្បូង បានដាក់ពង្រាយប្រព័ន្ធខែលការពារមីស៊ីល ច្រើនប្រភេទរួចហើយដែរ ដូចជា មីស៊ីល Patriot មីស៊ីល THAAD មីស៊ីល SM-3 និងមីស៊ីល SM-6 ( Standard Missile-6 ) ជាផ្នែកនៃប្រព័ន្ធមីស៊ីលធុន Aegis ដ៏មានឥទ្ធិពល ៕