Views: 2
ប្រែសម្រួល : កញ្ញាដាលីស (បាល់ទាត់) ៖ យប់នេះគឺជាការកាត់សេចក្តីវគ្គចែកពូលវើលខាប់ ដែលក្នុងនោះអេក្វាឌ័រនិងហូឡង់រំពឹងឈ្នះខ្ពស់ជាងគេដើម្បីឡើងទៅវគ្គបន្ទាប់ក្នុងពូល Aចំណែកអ៊ីរ៉ង់រំពឹងទម្លាក់សហរដ្ឋអាម៉េរិកប្រសិនបើឈ្នះ ឬស្មើ លុះត្រាអង់គ្លេសឈ្នះវែលក្នុងពូល B។
– អេក្វាឌ័រ vs សេណេហ្គាល់ (ពូល A)
* សេណេហ្គាល់មិនដែលឈ្នះក្រុមអាម៉េរិកខាងត្បូងទេនៅវើលខាប់។
* ពួកគេបានឈ្នះការប្រកួតតែ២ដងគត់ក្នុងការប្រកួតវើលខាប់។
* អេក្វាឌ័រឱ្យគេស៊ុតចំគោលដៅតែ១ជើងគត់ក្នុងការប្រកួតបើកឆាក២លើករបស់ពួកគេ។
* Enner Valencia បានស៊ុតបញ្ចូលទី ៦ គ្រាប់ចុងក្រោយឱ្យអេក្វាឌ័រនៅវើលខាប់។
ជាមួយនឹងជ័យជម្នះ ៣-១ របស់ពួកគេលើកាតា សេណេហ្គាល់បានរក្សាក្តីសង្ឃឹមរបស់ពួកគេក្នុងការឡើងទៅវគ្គ ១៦ ក្រុមចុងក្រោយ។ វាជាការប្រកួតដ៏លំបាកសម្រាប់ពួកគេ បន្ទាប់ពីបាត់បង់កីឡាករ Sadio Mane ដោយសាររបួស ប៉ុន្តែការទទួលជ័យជម្នះលើក្រុមម្ចាស់ផ្ទះកាតាបានធ្វើឱ្យពួកគេត្រូវអ៊ុតមើលជោគវាសនារបស់ពួកគេពេលលេងទល់នឹងអេក្វាឌ័រ។
ក្រុមមកពីអាម៉េរិកខាងត្បូងនេះមាន៤ពិន្ទុពីការប្រកួត២លើកដំបូងរបស់ពួកគេ ហើយពួកគេស្ថិតក្នុងតំណែងល្អដើម្បីកក់កៅអីនៅជុំបន្ទាប់។ ពួកគេប៊ិះតែខិតទៅជិតវគ្គបន្ទាប់រួចទៅហើយ បន្ទាប់ពីលេងគ្របសង្កត់លើហូឡង់នៅប្រកួតទី២។ ពួកគេចុងក្រោយបានត្រឹមស្មើ ១-១ ប៉ុន្តែលទ្ធផលនេះនឹងផ្តល់នូវការលើកទឹកចិត្តច្រើននៅប្រកួតទីបី។
ម្ចាស់ជើងឯកអាហ្វ្រិកមិនគ្រាន់តែគ្មានកីឡាករល្អបំផុតរបស់ពួកគេប៉ុណ្ណោះទេ ប៉ុន្តែពួកគេថែមទាំងកំពុងប្រឈមមុខនឹងស្ថានការណ៍ស្ទើរមិនធ្លាប់មានក្នុងនាមជាប្រទេសមួយផងដែរ។ ពួកគេបានឆ្លងផុតវគ្គចែកពូលនៃវើលខាប់តែម្តងប៉ុណ្ណោះ ខណៈពួកគេមិនដែលឈ្នះក្រុមមកពីអាម៉េរិកខាងត្បូងក្នុងវើលខាប់នោះឡើយ។ ពីរប្រកួតចុងក្រោយរបស់សេណេហ្គាល់ជាមួយក្រុមមកពីអាម៉េរិកខាងត្បូងគឺ ៣-៣ ជាមួយអ៊ុយរូហ្គាយក្នុងឆ្នាំ ២០០២ និងចាញ់កូឡុំប៊ី ១-០ ក្នុងឆ្នាំ ២០១៨។
សេណេហ្គាល់ក៏មិនសូវលេងបាល់គ្របសង្កត់លើគូប្រកួតនៅវើលខាប់នោះដែរ។ លេងទល់នឹងកាតា ក្រុមតោកំណាចអាហ្វ្រិករីករាយនឹងការគ្របសង្កត់លើគូប្រជែងរបស់ពួកគេសម្រាប់តែលើកទីពីរមិនធ្លាប់មាននៅក្នុងការប្រកួតវើលខាប់ប៉ុណ្ណោះ (៥៤,៧%) ។ ពួកគេក៏បានប៉ះសេបាល់ចំនួន ៤៣២ ដងនៅក្នុងការប្រកួតទីពីររបស់ពួកគេផងដែរ គឺ ១២៥ ដងច្រើនជាងពួកគេប៉ះសេនៅក្នុងការប្រកួតផ្សេងទៀតនៅវើលខាប់។
ពិតណាស់ ពួកគេបានលេងប៉ះក្រុមម្ចាស់ផ្ទះខ្សោយបំផុតក្នុងប្រវត្តិសាស្ត្រវើលខាប់។ ការប៉ះគ្នាជាមួយអេក្វាឌ័រនឹងក្លាយជាការសាកល្បងខុសប្លែកពីមុនទាំងស្រុង។
អេក្វាឌ័របានប្រឈមមុខនឹងការស៊ុតត្រឹមតែ ៧ ជើងប៉ុណ្ណោះក្នុងការប្រកួតវគ្គចែកពូលវើលខាប់ចំនួន២លើករបស់ពួកគេមកទល់ពេលនេះ ដោយការស៊ុត១ជើងដំបូងរបស់កីឡាករ Cody Gakpo នៅក្នុងការប្រកួតទីពីររបស់ពួកគេគឺជាការស៊ុតចំគោលដៅ១ជើងគត់មកលើពួកគេ ហើយក៏ជាការស៊ុតចូលទីផងដែរ។ អេក្វាឌ័រគឺជាក្រុមដែលមានការរៀបចំយ៉ាងច្បាស់លាស់ ដែលកម្រឱ្យគូប្រជែងស៊ុតចំគោលដៅងាយៗនោះឡើយ។
ពួកគេមានតំបន់ការពារដ៏រឹងមាំ ហើយមានកំពូលខ្សែប្រយុទ្ធដ៏អស្ចារ្យរបស់ពួកគេផងដែរ។ កីឡាករ Enner Valencia បានស៊ុតបញ្ចូលទី ៦ គ្រាប់ចុងក្រោយសម្រាប់អេក្វាឌ័រក្នុងការប្រកួតវើលខាប់។ ថ្ងៃនេះរំពឹងរូបគេនឹងស៊ុតបញ្ចូលទីរបស់សេណេហ្គាល់។
លទ្ធផលទស្សនទាយ អេក្វាឌ័រឈ្នះ ១-០។
– ហូឡង់ vs កាតា (ពូល A)
* ហូឡង់បានស៊ុតចូល ១១ គ្រាប់ក្នុងវើលខាប់៤លើកជាមួយក្រុមអាស៊ី។
* កាតាបានរបូតគ្រាប់ច្រើនជាងគេរួចមកហើយក្នុងនាមម្ចាស់ផ្ទះ។
* កីឡាករ Gakpo រកបាន ៤ គ្រាប់ក្នុង ៥ ប្រកួតចុងក្រោយរបស់គេសម្រាប់ហូឡង់។
* ហូឡង់ស៊ុតចូល ៣៣ គ្រាប់ក្នុងការប្រកួតជម្រុះវើលខាប់ ១០ ប្រកួតរបស់ពួកគេ។
ហូឡង់លេងមិនសូវចាប់អារម្មណ៍ទេក្នុងជំនួបរបស់ពួកគេជាមួយអេក្វាឌ័រ ដោយទម្លាក់មកបិទអស់ភ្លាមៗបន្ទាប់ពីនាំមុខមុន ១-០។ ពួកគេមិនអាចរំខានដល់មុខទីរបស់ក្រុមអាម៉េរិកខាងត្បូងបានច្រើនទេ បន្ទាប់ពីការស៊ុតបញ្ចូលទីរបស់កីឡាករ Cody Gakpo ហើយនៅទីបំផុតបានបញ្ចប់ក្នុងលទ្ធផលស្មើ ១-១។
ខណៈហូឡង់ចូលមកក្នុងការប្រកួតនេះក្នុងនាមជាក្រុមខ្លាំងជាង ចំណុចសំខាន់គឺថា១ពិន្ទុដែលទទួលបាននោះគឺសមនឹងពួកគេជាងអេក្វាឌ័រ។ ហូឡង់មានបួនពិន្ទុរួចហើយ ហើយគ្រាន់តែត្រូវការស្មើជាមួយកាតានឹងកក់កៅអីរបស់ពួកគេក្នុងវគ្គ ១៦ ក្រុមចុងក្រោយ។ សូម្បីតែការចាញ់បូកផ្សំនឹងការឈ្នះរបស់អេក្វាឌ័រក៏នឹងធ្វើឱ្យពួកគេឆ្លងវគ្គបន្ទាប់បានដែរ។
អេក្វាឌ័រត្រូវប្រឈមមុខស្លាប់រស់ជាមួយនឹងសេណេហ្គាល់ ដូច្នេះអ្វីៗបានដំណើរការរលូនល្អណាស់សម្រាប់ហូឡង់។ ទោះយ៉ាងណា ពួកគេច្បាស់ជាចង់ឈរលេខ១ក្នុងពូល ដូច្នេះពួកគេនឹងលេងអស់ពីសមត្ថភាពដើម្បីយកឈ្នះលើកាតា។
លទ្ធផលព្យាករណ៍ ហូឡង់ឈ្នះ ៤-០។
– អ៊ីរ៉ង់ vs សហរដ្ឋអាម៉េរិក (ពូល B)
* អ៊ីរ៉ង់ចាញ់តែ៣លើកគត់ក្នុងការប្រកួត២៣លើកចុងក្រោយរបស់ពួកគេ។
* សហរដ្ឋអាម៉េរិកមិនឈ្នះក្នុងការប្រកួត៥លើកចុងក្រោយ ក្នុងនោះស្មើ៤ដង។
* មានគ្រាប់បាល់តិចជាង៣គ្រាប់ក្នុង៨ប្រកួតនៃ១០ប្រកួតចុងក្រោយរបស់អ៊ីរ៉ង់។
សហរដ្ឋអាម៉េរិកបានបង្ហាញទម្រង់លេងយ៉ាងល្អដើម្បីទប់ស្មើអង់គ្លេសក្នុងពូល B ក្នុងជុំទីពីរនៃយុទ្ធនាការវើលខាប់របស់ពួកគេ ប៉ុន្តែឥឡូវពួកគេត្រូវការឈ្នះដាច់ខាតដើម្បីមានឱកាសឡើងទៅវគ្គបន្ត។
កូនក្រុមរបស់លោក Gregg Berhalter គឺល្អនៅតំបន់ការពារនិងបម្រើទល់នឹងក្រុមជម្រើសជាតិអង់គ្លេស ប៉ុន្តែជាថ្មីម្តងទៀត ការខ្វះគុណភាពប្រយុទ្ធបានធ្វើឱ្យពួកគេខាតបង់។ ពួកគេបានស៊ុតចំគោលដៅតែ២ជើងប៉ុណ្ណោះក្នុងការប្រកួតទាំងពីរលើករបស់ពួកគេមកទល់ពេលនេះ ហើយការជួបអ៊ីរ៉ង់ ដែលការពាររឹងមាំទៀតនោះ នឹងរឹតតែពិបាកក្នុងការស៊ុត។
បរាជ័យ ៦-២ របស់អ៊ីរ៉ង់ក្រោមថ្វីដៃអង់គ្លេសគឺពិតជាហួសចិត្តបន្តិច ប៉ុន្តែពួកគេបានឆ្លើយតបវិញយ៉ាងល្អឥតខ្ចោះទល់នឹងវែល ដោយលេងគ្របសង្កត់លើក្រុមនាគភ្លើង៩០នាទីពេញ មុនពេលស៊ុតចូល២គ្រាប់ចុងម៉ោង បន្ទាប់ពីអ្នកចាំទីវែល Wayne Hennessey ទទួលកាតក្រហម។
អ៊ីរ៉ង់បានស៊ុតចំគោលដៅ ២២ ជើងនៅក្នុងការប្រកួតនោះ ហើយបង្កការគំរាមកំហែងពេញមួយការប្រកួត។ ដោយដឹងថាបើចាញ់ពួកគេនឹងធ្លាក់ពីវើលខាប់ អ៊ីរ៉ងរំពឹងដាក់គីឡូធ្ងន់ពេញទីលាននៅថ្ងៃអង្គារនេះ ដែលវានឹងស័ក្តិសមឥតខ្ចោះទៅនឹងទម្រង់លេងកាចរបស់គ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់ Carlos Queiroz។
ឆ្លងកាត់១០ប្រកួតចុងក្រោយ អ៊ីរ៉ង់តែងឃើញគ្រាប់បាល់ក្រោម ២,៥ កន្លះ ដូច្នេះថ្ងៃនេះក៏ទំនងជាមានលទ្ធផលស្រដៀងគ្នាកើតឡើងដែរ។
លទ្ធផលព្យាករណ៍ គឺសូន្យស្មើ។
– វែល vs អង់គ្លេស (ពូល B)
* អង់គ្លេសបានឈ្នះ៣លើកចុងក្រោយលើវែល ដោយរក្សាបាន Clean Sheet ចំនួនពីរ។
* វែលបានចាញ់៥លើកពីការប្រកួត៧លើកចុងក្រោយរបស់ពួកគេ។
* Harry Kane បានស៊ុតបញ្ចូលទី ១៩ គ្រាប់សម្រាប់អង់គ្លេសចាប់តាំងពីដើមឆ្នាំ ២០២១។
បន្ទាប់ពីចាប់ផ្តើមវើលខាប់យ៉ាងល្អឥតខ្ចោះជាមួយជ័យជម្នះលើអ៊ីរ៉ង់ ៦-២ អង់គ្លេសបានធ្លាក់ចុះទម្រង់លេងភ្លាមៗទល់នឹងសហរដ្ឋអាម៉េរិក ប៉ុន្តែពួកគេនៅតែមានឱកាសដ៏អស្ចារ្យក្នុងការឡើងឈរលើកំពូលតារាងពូល B ពេលប៉ះក្រុមរួមប្រជាជាតិ វែល។
ក្រុមតោកំណាចត្រូវបានសហរដ្ឋអាម៉េរិកដាក់សម្ពាធយ៉ាងខ្លាំងនៅប្រកួតជុំទី២ ហើយការស្មើនោះគឺជាលទ្ធផលដ៏យុត្តិធម៌ហើយ ប៉ុន្តែពួកគេមើលទៅរឹងមាំនៅផ្នែកខាងក្រោម ហើយនឹងមានទំនុកចិត្តក្នុងការយកឈ្នះលើវែល។
ពួកគេអាចនឹងឈរនៅលើកំពូលតារាងនៃពូល B ប៉ុន្តែទាំងអ៊ីរ៉ង់និងសហរដ្ឋអាម៉េរិកសុទ្ធតែអាចវ៉ាជែងតំណែងលេខ១ពីពួកគេ ដូច្នេះកូនក្រុមរបស់លោក Gareth Southgate ត្រូវតែយកឈ្នះ ដើម្បីបញ្ចៀសការជួបជាមួយហូឡង់នៅជុំបន្ទាប់។
ក្រុមវែលរបស់លោក Rob Page ក្រោយស្មើជាមួយសហរដ្ឋអាម៉េរិក បែរជាមករងព្រនុងរបស់អ៊ីរ៉ង់ក្នុងទីក្រុង Al Rayyan ដែលធ្វើឱ្យក្តីសង្ឃឹមឆ្លងទៅវគ្គបន្ទាប់នៅសល់តែបន្តិចបន្តួចប៉ុណ្ណោះ។ ឥឡូវនេះពួកគេត្រូវឈ្នះដាច់ខាតលើអង់គ្លេស ហើយបន់ស្រន់ឱ្យអ៊ីរ៉ង់ស្មើអាម៉េរិកទើបមានសង្ឃឹម។
នៅប្រកួតទី២ វែលត្រូវអ៊ីរ៉ង់ស៊ុតទក់សាច់រហូតដល់២២ជើង ហើយពួកគេក៏កំពុងធ្លាក់ជើងផងដែរ ដោយ៧ប្រកួតចុងក្រោយបានត្រឹម ស្មើ២ និងចាញ់៥។ ផ្អែកលើចំណុចនេះ អង់គ្លេសច្បាស់ជាធ្វើបានល្អជាងវែល។ លទ្ធផលទស្សនទាយ អង់គ្លេសឈ្នះ ១-០៕
អ៊ីរ៉ង់អាចនឹងទម្លាក់អាម៉េរិកតាមរយៈការឈ្នះឬស្មើ តែអង់គ្លេសត្រូវឈ្នះឬស្មើវែលដែរ