យុវវ័យដែលឆាប់រៀបការទាំងនៅវ័យក្មេង ក្រោយបោះបង់ការសិក្សា ពួកគេជួបបញ្ហាជាច្រើនសម្រាប់ជីវិតរស់នៅប្រចាំថ្ងៃ ទាំងផ្នែកជីវភាព និងហិង្សាក្នុងគ្រួសារ ខណៈអង្គការភ្លែនអន្តរជាតិរកឃើញថា ការឆាប់ប្រឡូកក្នុងជីវិតគូទាំងនៅក្នុងភាពជាយុវវ័យនេះ ត្រូវប្រឈមមុខសម្រាប់អនាគតរបស់ពួកគេ។
នាយករងនៃអង្គការភ្លែនអន្ដរជាតិកម្ពុជា បង្ហាញរបាយការណ៍របស់ខ្លួនថា នៅក្នុងប្រទេសកម្ពុជាបច្ចុប្បន្ននេះ មានយុវវ័យប្រមាណ១០ភាគរយក្នុងចំណោមយុវជនសរុបនៅទូទាំងប្រទេស ពួកគេបានរៀបការទាំងនៅវ័យក្មេង។
អ្នកស្រី យឿន លីកា រស់នៅឃុំពត់សរ ស្រុកបាទី ខេត្ដតាកែវ និយាយថា អ្នកស្រីឈប់រៀនត្រឹមថ្នាក់ទី៧ ក្រោយសម្រេចចិត្តបោះបង់ការសិក្សា ក៏ត្រូវរៀបអាពាហ៍ពិពាហ៍តែម្តង។ ស្ថិតក្នុងវ័យ២៤ឆ្នាំ ដោយមានកូនប្រុសម្នាក់ក្នុងបន្ទុក ហើយជាកម្មការិនីរោងចក្រ អ្នកស្រីឱ្យដឹងថា ការដើរចេញពីការសិក្សា និងរៀបការលឿនពេកបែបនេះ ធ្វើឱ្យអ្នកស្រីត្រូវជួបបញ្ហាសព្វគ្រប់ ជាពិសេសផ្នែកជីវភាព។
អ្នកស្រីបន្តថា៖ «អ្វីដែលពិបាកសម្រាប់ខ្ញុំ គឺកត្ដាជីវភាពហ្នឹងតែម្ដង ក្រៅពីហ្នឹងដូចជាមិនសូវអីទេ»។
ស្រដៀងគ្នានេះដែរ អ្នកស្រី ឆេង ស្រីលក្ខណ៍ ឱ្យដឹងថា ដោយសារកត្តាជីវភាព អ្នកស្រីត្រូវបង្ខំចិត្តបោះបង់ការសិក្សាក្រោយប្រឡប់ជាប់ឌីប្លូមរួច។ ស្ថិតក្នុងវ័យ២៧ឆ្នាំ ដែលមានស្រុកកំណើតនៅឃុំបឹងខ្យាង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល លើកឡើងថា ក្រោយពីចាប់ដៃគ្នាជាប្ដីប្រពន្ធទាំងវ័យប្រហាក់ប្រហែលគ្នា ហើយមានកូន២នាក់នៅក្នុងបន្ទុក គ្រួសារអ្នកស្រីឧស្សាហ៍ជួបរឿងរកាំរកូស និងមានពេលខ្លះក៏កើតទៅជាអំពើហិង្សាក្នុងគ្រួសារថែមទៀតផង ប៉ុន្តែការកើតអំពើប្រទូសរ៉ាយនេះមិនជាបញ្ហាធ្ងន់ធ្ងរប៉ុន្មានទេ។
អ្នកស្រីបន្តថា៖ «រាល់ថ្ងៃ គ្មានអ្វីក្រៅរឿងលុយទេបង! ហើយពេលខ្លះក៏ឈ្លោះគ្នាតិចតួចដែរ។ រៀបការទាំងវ័យក្មេង ពិបាក មិនសូវជាយល់ចិត្ដគ្នា នេះជាបញ្ហាពិបាកសម្រាប់ខ្ញុំរាល់ថ្ងៃ»។
កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣ សមាគមការពារសិទ្ធិមនុស្ស អាដហុក បានបង្កើតគម្រោងមួយ ដែលគម្រោងនោះគឺគាំពារដើម្បីឱ្យឪពុកម្ដាយ យុវជន សហគមន៍ និងជនជាតិដើមភាគតិច យល់ដឹងពីផលប៉ះពាល់នៃការរៀបការវ័យក្មេង។ ផលប្រយោជន៍នៃគម្រោងនេះ សមាគមអាដហុក លើកឡើងថា គឺជំរុញឱ្យមានការផ្លាស់ប្ដូរអាកប្បកិរិយាក្នុងការបង្ខំឱ្យកូនរៀបការទាំងវ័យក្មេង ជាពិសេសយល់ដឹងពីច្បាប់អាពាហ៍ពិពាហ៍។
មិនខុសគ្នាទេ អ្នកស្រី ម៉ាក់ ស្រីលីន ដែលទើបចែកផ្លូវគ្នាជាមួយនឹងស្វាមី ដោយបន្សល់ទុកកូនស្រីម្នាក់អាយុ១ឆ្នាំកន្លះ រំពឹងទុកថា ក្រោយរៀបអាពាហ៍ពិពាហ៍រួច អាចកសាងសុភមង្គលគ្រួសារបានល្អដូចទេ ប៉ុន្តែលទ្ធផលមិនដូចការគិតទុកឡើយ។ ស្ថិតក្នុងវ័យប្រមាណ១៩ឆ្នាំ អ្នកស្រីអះអាងថា ការដែលឆាប់ប្រឡូកក្នុងជីវិតមានគូ ហើយបោះបង់ការសិក្សាទាំងវ័យកំពុងតែរៀនសូត្របែបនេះ វាពិតជាបង្កើតការឈឺចាប់ និងមានវិប្បដិសារី។
បើតាមអ្នកស្រី ម៉ាក់ ស្រីលីន យុវជនដែលកំពុងស្ថិតនៅក្នុងវ័យកំពុងសិក្សា មិនត្រូវជ្រួលជ្រើម និងចង់ដឹងចង់ឮចំពោះស្នេហា ជាថ្នូរនឹងការឈប់រៀនសូត្រនោះឡើយ។
អ្នកស្រីបន្តថា៖ «ខ្ញុំមានការសោកស្ដាយ ដែលខ្ញុំសម្រេចចិត្ដបោះបង់ការសិក្សាចោល ទាំងខ្លួននៅក្មេង និងសម្រេចរៀបការបែបនេះ»។
លោក យី គឹមថាន នាយករងនៃអង្គការភ្លែនអន្ដរជាតិកម្ពុជា លើកឡើងថា យុវជនដែលបោះបង់ការសិក្សា ហើយសម្រេចចិត្តរៀបការទាំងវ័យក្មេងមានជាង១០ភាគរយ ឬប្រមាណជាង១ម៉ឺននាក់ ក្នុងចំណោមយុវជនសរុបនៅទូទាំងប្រទេស។ លោកបន្តថា ខេត្ដចំនួន៣ ដែលមានអត្រារៀបការទាំងវ័យក្មេងខ្ពស់ជាងគេគឺ ខេត្ដរតនគិរី ស្ទឹងត្រែង និងខេត្ដសៀមរាប។ លោក យី គឹមថាន ចាត់ទុកការរៀបការទាំងវ័យក្មេងនេះថា វាបានបង្កទៅបញ្ហាជាច្រើនចំពោះអនាគតរបស់ពួកគេ ជាពិសេសងាយនឹងបង្កជាអំពើហិង្សាក្នុងគ្រួសារ ព្រោះតែខ្វះចំណេះដឹង។
លោកបន្តថា៖ «សម្រាប់យើង អង្គការភ្លែនអន្ដរជាតិកម្ពុជា យើងទទូច និងតែងតែអំពាវនាវ ជាពិសេសលើកទឹកចិត្ដឱ្យយុវជនគួរតែសិក្សាឱ្យបានច្រើន យ៉ាងហោចណាស់បានចប់ត្រឹមវិទ្យាល័យអីដែរ។ ហើយមិនគួរបោះបង់ការសិក្សាទាំងវ័យក្មេងទេ វាមានហានិភ័យច្រើន»។
វីអូឌី បានព្យាយាមស្នើសុំការបញ្ជាក់ពីលោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា ដែរ ប៉ុន្ដែលោកមិនបានផ្ដល់ការអត្ថាធិប្បាយណាមួយទាក់ទិនយុវជនសម្រេចចិត្តបោះបង់ការសិក្សានេះទេ។
ដោយឡែក ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ លោកស្រី អ៊ុក ឆាយ៉ាវី មានប្រសាសន៍ថា យុវជនភាគច្រើនបានបោះបង់ការសិក្សាទាំងវ័យក្មេង និងមិនទាន់មានការងារច្បាស់លាស់ រួចចាប់ផ្ដើមបង្កើតគ្រួសារឡើងទាំងខ្លួនគ្មានអ្វី។ ប្រភពបន្តថា ការពឹងផ្អែកកេរពីឪពុកម្ដាយ វាជាមធ្យោបាយល្អ ប៉ុន្តែប្រសិនបើការចាយវាយដោយគ្មានចំណេះដឹង ឬយកធនធានទាំងនោះទៅប្រើប្រាស់ក្នុងទិសដៅខុស ក៏គ្មានតម្លៃអ្វីដែរ។
បើតាមប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យរូបនេះ ជាជម្រើសល្អសម្រាប់អនាគត យុវវ័យមិនគួរបោះបង់ការសិក្សាទាំងស្ថិតក្នុងភាពជាយុវវ័យបែបនេះទេ។ មិនតែប៉ុណ្ណោះ ការឆាប់ប្រឡូកខ្លាំងពេកក្នុងជីវិតគូ ទាំងមិនទាន់បានត្រៀមខ្លួនរួចរាល់ វាកាន់តែធ្វើឱ្យអនាគតរបស់យុវជនត្រូវជួបឧបសគ្គជាងនេះបន្ថែមទៀត។
លោកស្រីបន្តថា៖ «ពួកគាត់អត់អាចគ្រប់គ្រងគ្រួសារបាន នេះជាហានិភ័យរបស់ពួកគាត់។ បើមានទ្រព្យសម្បត្ដិពីឪពុកម្ដាយ ក៏គាត់មិនអាចថែរក្សាបានដែរ។ ចំពោះខ្ញុំ យុវជនគួរតែផ្ដោតសំខាន់ឱ្យមានការងារធ្វើ ចាំយើងរកគ្រួសារ ព្រោះការបង្កើតគ្រួសារ វាជាការទទួលខុសត្រូវខ្ពស់ណាស់ មិនមែនចេះតែតាមចិត្តទេ»។
អង្គការ UNICEF បានចេញរបាយការណ៍របស់ខ្លួន ដោយផ្អែកលើទិន្នន័យដែលចេញដោយក្រសួងអប់រំ យុវជន និងកីឡា បង្ហាញថា សម្រាប់ឆ្នាំសិក្សា២០១៥-២០១៦ ចំនួនសិស្សដែលបោះបង់ចោលការសិក្សានៅកម្រិតអនុវិទ្យាល័យមានចំនួន១៧ភាគរយ និងសិស្សវិទ្យាល័យមានចំនួន១៩ភាគរយ ក្នុងចំណោមសិស្សសរុបនៅទូទាំងប្រទេស៕
រាយការណ៍ដោយលោក ជា រ៉ាយុទ្ធ