Views: 1
ប្រែសម្រួលៈបំណង(Xinhua)៖ យ៉ាងតិចជនប៉ាឡេស្ទីន២៤នាក់ត្រូវបានសម្លាប់និង២១៥នាក់ទៀតរងរបួសនៅពេលកងកម្លាំងអ៊ីស្រាអែលនិងពួកសកម្មប្រយុទ្ធក្នុងក្រុមអ៊ីស្លាមជីហាដប៉ាឡេស្ទីន(PIJ)បន្តបាញ់តគ្នាដល់ថ្ងៃទីពីរកាលពីយប់ថ្ងៃសៅរ៍។
អ្នកស្លាប់រួមមាន ក្មេងចំនួនប្រាំមួយនាក់ និងស្ត្រីពីរនាក់ នេះបើតាមក្រសួងសុខាភិបាលនៃតំបន់ហ្កាហ្សាបានប្រាប់សារព័ត៌មានចិនស៊ីនហួរកាលពីថ្ងៃសៅរ៍។
កងកម្លាំងអាកាសអ៊ីស្រាអែលកាលពីយប់ថ្ងៃសៅរ៍បានវាយប្រហារលើផ្ទះមួយនៅទីក្រុងរ៉ាហ្វា(Rafah)នៅហ្កាហ្សាស្ទ្រីបខាងត្បូងដោយគ្មានការព្រមានជាមុនដោយបានសម្លាប់ជនប៉ាឡេស្ទីនពីរនាក់និងរបួសជាង៣០នាក់។អ្នកនាំពាក្យយោធាអ៊ីស្រាអែលបានអះអាងថា ការវាយប្រហារនេះសំដៅលើ ខាឡេត ម៉ាន់សួរ(Khaled Mansour)មេបញ្ជាការក្រុមPIJខាងត្បូង។
ក្រុមPIJមិនបានបញ្ជាក់អំពីការស្លាប់របស់ម៉ាន់សួរទេ តែប្រកាសការស្លាប់របស់សមាជិកម្នាក់ទៀតក្នុងក្រុមរបស់ខ្លួន។
ក្នុងពេលជាមួយគ្នា មនុស្សយ៉ាងតិចប្រាំនាក់ រួមមានកូនក្មេងបួននាក់ ត្រូវបានសម្លាប់និង១៥នាក់ទៀតរងរបួសកាលពីយប់ថ្ងៃសៅរ៍ ដោយការផ្ទុះមួយនៅជំរំជនភៀសខ្លួនចាបាលីយ៉ា(Jabaliya)នៅហ្កាហ្សាខាងជើង។អ៊ីស្រាអែលបានបដិសេធថាខ្លួនមិនពាក់ព័ន្ធនឹងការផ្ទុះនេះទេ។
អ៊ីស្រាអែលវាយប្រហារលើតំបន់បិទខ្ទប់ហ្កាហ្សាដល់ថ្ងៃទីពីរ សម្លាប់មនុស្ស២៤នាក់និងរបួសជាង២០០នាក់
យោធាអ៊ីស្រាអែលកាលពីល្ងាចថ្ងៃសៅរ៍បាននិយាយថា ពួកសកម្មប្រយុទ្ធប៉ាឡេស្ទីនបានបាញ់រ៉ុក្កែតជិត៤៥០ដើម និង៣៥០ធ្លាក់ចូលក្នុងប្រទេសអ៊ីស្លាអែល តែភាគច្រើនបំផុតត្រូវស្ទាក់កំទេចចោលដោយប្រព័ន្ធកាំជ្រួចIron Domeនិងមនុស្សតែពីរនាក់ទេបាររងរបួសដោយអំបែងគ្រាប់។
ថ្ងៃអាទិត្យនេះអាចជាថ្ងៃដ៏សំខាន់នៃការរីករាលដាលជម្លោះនេះ ដោយសារជនជាតិជ្វីហ្វរាប់ពាន់នាក់ត្រូវចូលរួមក្នុងបុណ្យមួយនៅទីក្រុងហ្សេរុយសាឡឹម(Jerusalem) រួមទាំងក្រុមមេដឹកនាំនិងសមាជិកសភាអ៊ីស្រាអែលផងដែរ។
អេហ្ស៊ីប កាលពីថ្ងៃសៅរ៍បានបង្កើនកិច្ចខិតខំរារាំងកុំអោយជម្លោះកាន់តែអាក្រក់ឡើង ដោយព្យាយាមទាក់ទងទៅអ៊ីស្រាអែលនិងប៉ាឡេស្ទីន ព្រមទាំងអាម៉េរិកអោយទប់កុំអោយក្រុមហាម៉ាសចូលរួមប្រយុទ្ធ។
សូមបញ្ជាក់ថា អំពីហិង្សារវាងអ៊ីស្រាអែលនិងក្រុមប៉ាឡេស្ទីននៅហ្កាហ្សាពេលនេះចេញពីការចាប់ខ្លួន មេដឹកនាំអ៊ីស្លាមជីហាដជាន់ខ្ពស់ម្នាក់នៅក្នុងតំបន់វ៉េសប៊ែងដែលអ៊ីស្រាអែលកាន់កាប់ ក្នុងផ្នែកនៃប្រតិបត្តិការយោធាអ៊ីស្រាអែលមួយ។អ៊ីស្រាអែលបន្ទាប់មកបានបិទផ្លូវជុំវិញតំបន់ហ្កាហ្សា និងបញ្ជូនកម្លាំងបន្ថែមទៅកាន់តំបន់ព្រំដែននេះ ក្នុងពេលរំពឹងថានឹងមានការសងសឹក។នៅថ្ងៃសុក្រ ខ្លួនបានសម្លាប់មេបញ្ជាការក្រុមជីហាដអ៊ីស្លាមនេះនៅហ្កាហ្សាខាងជើង ក្នុងការវាយប្រហារលើផ្ទះមួយនៅទីក្រុងហ្កាហ្សាស៊ីធី៕