Views: 4
ប្រែសម្រួលៈបំណង(ដេល្លីម៉េល)៖ ប្រធានាធិបតីរុស្ស៊ីលោកវ្ល៉ាឌីមៀ ពូទីន កាលពីថ្ងៃពុធបានទទួលស្គាល់ថាកងទ័ពរបស់លោកអាចប្រយុទ្ធនៅអ៊ុយក្រែនសំរាប់រយៈយូរមួយ តែសំរាប់ពេលឥឡូវនឹងមិនមានការកេណ្ឌទ័ពជាលើកទីពីរទេ។
ពូទីនកម្រនិយាយអ្វីទាក់ទងនឹងសង្គ្រាមចំណាស់ជាងប្រាំបួនខែមកនេះណាស់ តែក្នុងជំនួបមួយជាមួយអ្នកគាំទ្រលោកកាលពីថ្ងៃពុធ លោកបាននិយាយថា«ការងារនេះអាចជាដំណើរការវែងឆ្ងាយមួយ»។
សូមបញ្ជាក់ថារុស្ស៊ីត្រូវបានបង្ខំអោយដកទ័ពជាបន្តបន្ទាប់ក្រោមការវាយបកពីកងកម្លាំងអ៊ុយក្រែនដែលជំរុញកម្លាំងដោយសព្វាវុធលោកខាងលិច នៅភាគខាងកើតនិងខាងត្បូងប្រទេសចាប់តាំងពីខែកក្កដា។រុស្ស៊ីបានបើក«ប្រតិបត្តិការយោធាពិសេស»ចូលប្រទេសក្បែរខាងអ៊ុយក្រែនកាលពីខែកុម្ភៈ ដោយសំអាងថាអ៊ុយក្រែនកាន់តែមានទំនាក់ទំនងជ្រៅឡើងជាមួយលោកខាងលិចដែលវាគំរាមសន្តិសុខដល់ខ្លួនតែរដ្ឋាភិបាលទីក្រុងគៀវនិងសម្ពន្ធមិត្តនិយាយថា ប្រតិបត្តិការយោធារុស្ស៊ីមានន័យស្មើនឹងការវាយដណ្តើមកាន់កាប់ទឹកដីដូចពួកចក្រពត្តិ។
ក្នុងសម្តីចាក់ផ្សាយក្នុងទូរទស្សន៍ លោកពូទីនបាននិយាយថាហានិភ័យនៃការផ្ទុះសង្គ្រាមនុយគ្លេអ៊ែរមួយកំពុងកើនឡើង តែថារុស្ស៊ីនឹងមិនគំរាមប្រើសព្វាវុធដូច្នេះដោយមិនប្រុងប្រយ័ត្នទេ។
លោកថា«យើងមិនបានឆ្គួតទេ យើងដឹងអ្វីជាសព្វាវុធនុយក្លេអ៊ែរ។យើងមានមធ្យោបាយទាំងនេះជឿនលឿននិងទំនើបជាប្រទេសមាននុយក្លេអ៊ែរណាទាំងអស់ក្នុងលោក…តែយើងមិនបានចាប់គ្រវីគំរាមប្រើសព្វាវុធនេះនៅជុំវិញពិភពលោកទេ»។
ទាហានប្រមាណ១៥០.០០០ក្នុងចំណោមទាហានបំរុងរុស្ស៊ី៣០០.០០០នាក់ត្រូវបានកោះអោយចូលបំរើសេវាទ័ពជាក់ស្តែងកាលពីខែកញ្ញានិងត្រូវបានបញ្ជូនទៅកាន់អ៊ុយក្រែនកាលពីខែតុលា ក្នុងនោះ៧៧.០០០នាក់នៅក្នុងកងឯកភាពប្រយុទ្ធខណៈ១៥០.០០០នាក់ទៀតកំពុងហ្វឹកហាត់នៅជំរំ។«ក្រោមកាលៈទេសៈនេះ ការនិយាយអំពីការកេណ្ឌទាហានបន្ថែម គ្មានន័យទេ» នេះបើតាមលោកពូទីន។
ទោះជាការដកថយបន្តបន្ទាប់នាមួយរយៈពេលចុងក្រោយនេះរួមមានការដកទ័ពចេញពីទីក្រុងឃើសុន ក៏លោកពូទីន បាននិយាយថាលោកមិនមានការស្តាយក្រោយទេអំពីការធ្វើសង្គ្រាមដ៏ហិនហោចខ្លាំងបំផុតមួយនៅអឺរ៉ុបចាប់តាំងពីសង្គ្រាមលោកលើកទីពីរមក។លោកបាននិយាយថា រុស្ស៊ីបានសំរេច«លទ្ធផលធំដុំ»ជាមួយនឹងការវាយកាន់កាប់និងកាត់យក«ទឹកដីថ្មី» ដោយលោកចង់សំដៅទៅរកការប្រកាសដាក់តំបន់មួយចំនួននៅអ៊ុយក្រែនខាងកើតនិងខាងត្បូងជាឧបសម្ពន្ធរុស្ស៊ីកាលពីខែកញ្ញា។
ទីភ្នាក់ងារសារព័ត៌មានអាំងទែរហ្វាក់របស់រុស្ស៊ី ដែលស្រង់សម្តីមន្ត្រីអគ្គិសនីអ៊ុយក្រែនម្នាក់បាននិយាយកាលពីថ្ងៃពុធថា កងកម្លាំងរុស្ស៊ីបានបាញ់រ៉ក្កែតនិងកាំភ្លើងធំជាង១.០០០គ្រាប់ដាក់ទីតាំងចែកចាយនិងផ្គត់ផ្គង់អគ្គិសនីអ៊ុយក្រែន ដោយបង្កការខូចខាតធំធេង។ការវាយប្រហារតាមផ្លូវអាកាសលើកទីប្រាំបីរបស់រុស្ស៊ីលើហេដ្ឋារចនាសម្ពន្ធថាមពលអ៊ុយក្រែន បង្កការខូចខាតធ្ងន់ធ្ងរនិងនាំដល់ការប្រកាសស្ថានភាពគ្រាអាសន្នថាមពលហើយនឹងដាច់ភ្លើងទូទាំងអ៊ុយក្រែន រួមមានរដ្ឋធានីគៀវ។
អភិបាលទីក្រុងគៀវលោក វីតាលី គ្លីតស្កូ បានព្រមានអំពីគ្រោះមហន្តរាយដោយសារអត់ភ្លើង អត់ទឹកឬកំដៅនៅរដូវរងារនេះ បើសិនជារុស្ស៊ីបន្តវាយប្រហារលើហេដ្ឋារចនាសម្ពន្ធថាមពល។លោកថា ឥឡូវមិនចាំបាច់ជម្លៀសប្រជាជនទេ តែគួរត្រៀម៕
ពូទីនបង្ហាញមុខក្នុងទូរទស្សន៍ជាតិនៅពេលតែប៉ុន្មានថ្ងៃបន្ទាប់ពីលោកទៅទស្សនាស្ពានមួយដែលភ្ជាប់រុស្ស៊ីទៅកាន់ឧបទ្វីបគ្រីម៉េ ក្រោយវារងការវាយប្រហារដោយគ្រាប់បែកខូចមួយកំណាត់។ក្រោយជួសជុលលោកពូទីន បានបញ្ជាអោយបើកដំណើរការស្ពានដ៏សំខាន់នេះឡើងវិញ