Views: 11
ប្រែសម្រួលៈបំណង(ស្ត្រេតថែមស៍)៖ ចំណាត់ការរបស់ប្រធានាធិបតីរុស្ស៊ីលោកវ្ល៉ាឌីមៀ ពូទីន ក្នុងការដោះដូរមេបញ្ជាការកំពូលនៅអ៊ុយក្រែនជាសញ្ញាមួយនៃភាពច្របូកច្របល់ខាងយោធានិងការបាត់បង់ភាពអត់ធ្មត់របស់លោកកាន់តែខ្លាំងឡើងនៅក្នុងសង្គ្រាមមួយដែលរុស្ស៊ីទំនងជាមិនឈ្នះ នេះបើតាមការអះអាងរបស់ពួកអ្នកវិភាគ។
ក្រសួងការពារជាតិនៅក្រុងមូស្គូ បាននិយាយកាលពីថ្ងៃពុធថាខ្លួនបានដូរមេបញ្ជាការកំពូលប្រចាំអ៊ុយក្រែន ដោយដាក់នាយសេនាធិការកងទ័ពលោក វ៉ាល់ឡឺរី ជើរ៉ាស៊ីម៉ូវ ជំនួស។
លោក វ៉ាល់ឡឺរី ជើរ៉ាស៊ីម៉ូវ
អ្នកកាន់តំណែងមុនគឺឧត្តមសេនីយ៍ សឺហ្គេ ស៊ូរ៉ូវីគីន (Sergei Surovikin)ដែលជាទាហានជើងចាស់តាំងពីសង្គ្រាមរបស់រដ្ឋាភិបាលទីក្រុងមូស្គូនៅអាហ្វហ្គានីស្ថាន ធ្លាក់មកនៅជាអនុប្រធានលោកជើរ៉ាស៊ីម៉ូវ ដោយត្រូវធ្វើការជាមួយឧត្តមសេនីយ៍ពីររូបទៀត។
ពួកអ្នកសង្កេតការណ៍រុស្ស៊ីនិងលោកខាងលិចបាននិយាយថា ចំណាត់ការនេះជាសញ្ញាមួយបង្ហាញថា លោកពូទីនកាន់តែក្តៅក្រហាយនឹងការតតាំងកាន់តែមានប្រសិទ្ធភាពរបស់កងកម្លាំងអ៊ុយក្រែន តែក៏អាចជាសញ្ញាថា រុស្ស៊ីនឹងបង្កើនការវាយប្រហារនៅប៉ុន្មានសប្តាហ៍ខាងមុខ។
អ៊ុយក្រែនកាលពីថ្ងៃព្រហស្បតិ៍បាននិយាយថា ទាហានរបស់ខ្លួនកំពុងក្រាញននាលទប់ទល់នឹងការវាយប្រហារដោយកាំភ្លើងធំទ្រង់ទ្រាយធំរបស់រុស្ស៊ីនៅទីប្រជុំជនរ៉ែអំបិល សូឡេដា(Soledar)នៅភាគខាងកើត ដោយរូបភាពពីដ្រូនបង្ហាញការខ្ទេចខ្ទាំទីប្រជុំជននេះទាំងស្រុង ដោយគ្រប់អាគាររលំបាក់រាបដល់ដី។
ក្នុងការថ្លែងមួយកាលពីយប់មិញ ប្រធានាធិបតីអ៊ុយក្រែន បានអរគុណកងឯកភាពទ័ពអ៊ុយក្រែននៅសូឡេដា ដែលលោកបាននិយាយថា«កំពុងក្រាញននាលនៅក្នុងលេណដ្ឋានរបស់ខ្លួននិងបង្កការខូខាតធំធេងលើសត្រូវ»។
លោកប្រធានាធិបតីបានជួបប្រជុំជាមួយពួកមេបញ្ជាការជាន់ខ្ពស់របស់លោកកាលពីថ្ងៃព្រហស្បតិ៍និងវិភាគលើការបន្ថែមកម្លាំងទ័ពនៅសូឡេដានិងបណ្តាទីប្រជុំជនក្បែរៗនៅតំបន់ឧស្សាហកម្មខាងកើតដែលគេស្គាល់ថាតំបន់ដុនបាស ព្រមទាំងពិចារណាវិធានការបន្ទាប់៕
កងកម្លាំងអ៊ុយក្រែនបាញ់លើទីតាំងរុស្ស៊ីនៅសមរភូមិខាងកើត