ខេត្តសៀមរាប ៖ ព្យុះភ្លៀង១មេធំបានកើតឡើងកាលពីម៉ោងប្រមាណ៥និង ៣០នាទីល្ងាច ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ នៅលើផ្លូវជាតិលេខ៦ ក្នុងភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប បានបណ្តាលឱ្យរលំបាក់របាដែក ស្លាកយីហោ ឆ្លងកាត់ផ្លូវជាតិលេខ៦ «ស្វាគមន៍សៀមរាប» បណ្តាលឱ្យសង្កត់បុរស ២នាក់ដែលកំពុងជិះម៉ូតូ ។ ក្នុងនោះមានម្នាក់បានស្លា.ប់ និងម្នាក់ទៀតរងរបួសធ្ងន់។
របាយការណ៍បង្ហាញថា ជនរងគ្រោះទាំងពីរនាក់រួមមាន ៖ ទី១ ឈ្មោះ ជា សំណាង ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិត្រពាំងធំ ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប(របួសធ្ងន់) ជិះម៉ូតូសេ១២៥ ព័ណ៌ខ្មៅ និងទី២ឈ្មោះ ចាន់ធូ ភេទប្រុស អាយុជាង៤០ឆ្នាំ រស់នៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប (ស្លា.ប់) ជិះម៉ូតូស្គុបពី ពណ៌ស។
របាដែកនោះក៏បានបាក់សង្កត់រថយន្ត១គ្រឿងនាំឱ្យខូចខាតយ៉ាងដំណំផងដែរ។ ក្រោយហេតុការណ៍កម្លាំងសមត្ថកិច្ចចម្រុះបានលើករបាដែកដែលបាក់រលំនោះ ហើយបើកផ្លូវដើម្បីឱ្យប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ឡើងវិញ។
គ្រោះថ្នាក់បាក់រលំរបាដែកកាត់ទទឹងផ្លូវដូច្នេះបានកើតឡើងរួចមកហើយនៅពេលមានភ្លៀងខ្យល់ខ្លាំង ។ កន្លងមកកើតឡើងនៅខេត្តកណ្តាល នៅភ្នំពេញ និងនៅតំបន់មួយទៀត ។ ក្រៅពីរបាដែក និងផ្ទាំងប៉ាណូផ្សាយពាណិជ្ជកម្ម អំឡុងពេលភ្លៀង ហើយមានខ្យល់ខ្លាំងក៏បណ្តាលឱ្យរលំដើមឈើ សង្កត់ឡានម៉ូតូ និងបង្កគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរផងដែរ។
ទន្ទឹម នឹងការបង្កើនការប្រុងប្រយ័ត្នរបស់បុគ្គលម្នាក់ៗដូច្នេះ អាជ្ញាធរសមត្ថកិច្ច ត្រូវតែសហការជិតស្និទ្ធជាមួយនឹងក្រុមអ្នកធ្វើរបាដែក ផ្ទាំងប៉ាណូផ្សាយពាណិជ្ជកម្មតាមផ្លូវ ត្រូវតែត្រួតពិនិត្យជាប្រចាំលើរបាដែក និងផ្ទាំងប៉ាណូតាមផ្លូវ បើចាស់ទ្រុឌទ្រោម ឬក៏ធ្វើមិនបានរឹងមាំទេ ត្រូវតែដោះចេញ ហើយធ្វើថ្មី។ កន្លែងណាដែលប្រឈមនឹងខ្យល់ខ្លាំងត្រូវតែដាក់ដែកធំៗចាក់គ្រឹះ ឬក៏ផ្សារឱ្យជាប់ ហើយបើកន្លែងណាមិនទំនងមិនចាំបាច់ទេ ត្រូវដោះចេញ ដើម្បីកុំឱ្យមានគ្រោះថ្នាក់ជាយថាហេតុដូច្នេះ។
ដើមឈើតាមផ្លូវក៏ដូចគ្នា។ មន្ត្រីជំនាញត្រូវចុះពិនិត្យ ហើយចាត់វិធានការកាត់មែកលះធាង ឬក៏កាប់គាស់យកចេញ បើសិនជាដើមឈើនោះពុកផុយ ហើយអាចនឹងបាក់រលំនៅពេលមានភ្លៀងខ្យល់ ដើម្បីកុំឱ្យគ្រោះថ្នាក់អ្នកដំណើរ និងអ្នករស់នៅជិតនោះ។
ករណីកន្លងមកជាគ្រោះថ្នាក់យថាហេតុ ដែលមិនមាននរណាម្នាក់ចង់ឱ្យកើតឡើងទេ ។ តែបើវាបានកើតឡើងហើយ យើងក៏ត្រូវទុកវាជាមេរៀន និងដកពិសោធន៍កុំឱ្យវាកើតឡើងដដែលៗដូច្នេះទៀត ។ នៅសៀមរាបជិតចូលឆ្នាំនេះ នឹងត្រូវរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តដែលត្រូវដំឡើងរបាដែកកាត់ទទឹងផ្លូវ និងរៀបចំសាងសង់រោង ឬក៏ផ្ទះបុរាណ ឬក៏ឆាកជាច្រើនទៀត ។ ដូច្នេះអាជ្ញាធរសមត្ថកិច្ចត្រូវគិតគូរចំណុចនេះ ហើយរកជាងចំណានៗធ្វើដោយផ្ចិតផ្ចង់ធ្វើដោយជំនាញ និងគិតគូរឱ្យបានច្រើនលើបញ្ហាសុវត្ថិភាព នៅពេលមានភ្លៀងផ្គរ និងខ្យល់កន្ត្រាក់ ពេលភ្លៀងខ្លាំងដូច្នេះ៕