Views: 7
ប្រែសម្រួលៈបំណង(ដេល្លីម៉េល)៖ ចិនកាលពីថ្ងៃសុក្រទី២៥វិច្ឆិកាបានប្រកាសរកឃើញអ្នកឆ្លងកូវីដប្រចាំថ្ងៃក្នុងចំនួនច្រើនបំផុតជាថ្មីនៅពេលបណ្តាទីក្រុងនៅទូទាំងប្រទេសអនុវត្តវិធានការទប់ស្កាត់ការរីករាលដាលជំងឺនេះយ៉ាងតឹងរឹងក៏ដោយចុះ។
មិនគិតចំនួនឆ្លងនាំចូលពីក្រៅចិនបានរាយការណ៍ចំនួនឆ្លងថ្មី៣២.៦៩៥នាក់សំរាប់ថ្ងៃព្រហស្បតិ៍ដែលជាចំនួនឆ្លងប្រចាំថ្ងៃខ្ពស់បំផុតដល់ថ្ងៃទីពីរជាប់គ្នាគិតចាប់តាំងពីពាក់កណ្តាលខែមេសាពេលដែលទីក្រុងសៀងហៃត្រូវបានបិទខ្ទប់ដោយសារផ្ទុះកូវីដខ្លាំង។វាបានកើនពីចំនួនឆ្លង៣១.១៤៤នាក់កាលពីមួយថ្ងៃមុន។
ទីក្រុងក្វាងចូវ(Guangzhou)ភាគខាងត្បូងនិងទីក្រុងចុងឈីញ(Chongqing)ភាគនិរតី មានចំនួនឆ្លងច្រើនជាងគេនៅពេលការឆ្លងថ្មីរាប់រយករណីក៏ត្រូវបានរាយការណ៍នៅទីក្រុង ឆឹងឌូ(Chengdu) ជីណាន(Jinan) ឡានចូវ(Lanzhou)សៀន(Xian)និងអ៊ូហាន(Wuhan)។
ការឆ្លងកាលពីថ្ងៃព្រហស្បតិ៍បានកើនមួយជាបួនធៀបនឹងចំនួនឆ្លងកាលពីមួយថ្ងៃមុននៅទីក្រុងស៊ីជៀជួង(Shijiazhuang)រហូតដល់ចំនួន៣.១៩៧នាក់។
រដ្ឋធានីប៉េកាំងមានអ្នកឆ្លងថ្មី១.៨៦០នាក់ ក្រោយ១.៦៨៤នាក់បានឆ្លងកាលពីមួយថ្ងៃមុននៅពេលក្រុងសៀងហៃមានអ្នកឆ្លងថ្មី៨៦នាក់។
ក្វាងចូវ ដែលមានមនុស្សក្បែរ១៩លាននាក់រស់នៅ មានអ្នកឆ្លងថ្មី៧.៥២៤នាក់ បន្ទាប់ពីមានការឆ្លងក្នុងចំនួនប្រហាក់ប្រហែលគ្នាកាលពីមួយថ្ងៃមុន ។ចំណែកទីក្រុងចុងឈីញ បានរាយការណ៍ចំនួនឆ្លងថ្មី៦.៥០២នាក់សំរាប់ថ្ងៃព្រហស្បតិ៍ ក្រោយឆ្លង៧.៨៤៦នាក់នៅមួយថ្ងៃមុន៕
បុគ្គលិកសុខាភិបាលបាញ់ថ្នាំសម្លាប់មេរោគនៅពេលអ្នកក្រុងប៉េកាំងឈររង់ចាំការធ្វើតេស្តិ៍រកកូវីដ១៩កាលពីថ្ងៃ២៤វិច្ឆិកា