Views: 1
ប្រែសម្រួលៈបំណង (ដេល្លីម៉េល)៖ ក្រសួងការពារជាតិចិនកាលពីថ្ងៃចន្ទទី៨សីហាបានការពារការលុបចោលកិច្ចពិភាក្សាយោធាជាមួយអាម៉េរិកក្នុងការតវ៉ាប្រឆាំងនឹងការដែលប្រធានសភាអាម៉េរិកលោកស្រី ណាន់ស៊ី ផេឡូស៊ី ទៅធ្វើទស្សនកិច្ចកោះតៃវ៉ាន់កាលពីសប្តាហ៍មុនដោយមិនស្តាប់ការព្រមានពីរដ្ឋាភិបាលនិងយោធាចិនអំពីរាល់ផលវិបាកចេញពីភាពផ្គើននេះ។
ដំណើររបស់ផេឡូស៊ីកាលពីសប្តាហ៍មុនបានធ្វើអោយចិនខឹងច្រឡោតខ្លាំងដោយចាប់ធ្វើសមយុទ្ធបាញ់គ្រាប់ពិតនៅជុំវិញកោះនិងផ្តាច់បណ្តាញចរចាខ្លះជាមួយរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន។អ្នកនាំពាក្យក្រសួងការពារជាតិចិនលោក វូ គៀន (Wu Qian)បាននិយាយថា «ស្ថានការណ៍តានតឹងបច្ចុប្បន្ននៅក្នុងច្រកសមុទ្រតៃវ៉ាន់បង្កឡើងទាំងស្រុងដោយភាគីអាម៉េរិកនិងគំនិតផ្តួចផ្តើមរបស់ខ្លួនឯងផ្ទាល់ហើយភាគីអាម៉េរិកត្រូវតែទទួលខុសត្រូវទាំងស្រុងរាល់ផលវិបាកធ្ងន់ធ្ងរទាំងអស់ចំពោះអំពើនេះ»។
លោកបានបន្ថែមថា «ខ្សែបន្ទាត់បាតក្រោមបំផុត(ការអត់ធ្មត់)មិនអាចរំលោភបំពានបានទេ និងរាល់ទំនាក់ទំនងទាមទារភាពស្មោះត្រង់»។
បើតាមរដ្ឋមន្ត្រីការបរទេសចិនលោកវ៉ាង យី អាម៉េរិកបានជ្រៀតជ្រែកចូលក្នុងកិច្ចការផ្ទៃក្នុងចិន គាំទ្រកម្លាំងទាមទារឯករាជ្យតៃវ៉ាន់ និងមានចេតនាបំផ្លាញសន្តិភាពកាត់ច្រកសមុទ្រតៃវ៉ាន់ ។លោកវ៉ាងបានចង្អុលទៅរកកំហុសចំនួនបី បង្កឡើងដោយដំណើរទស្សនកិច្ចរបស់ប្រធានសភាអាម៉េរិកនៅកោះតៃវ៉ាន់។
លោកវ៉ាងបាននិយាយថា អាម៉េរិកមិនស្តាប់ការព្រមានរបស់ចិន ដោយបន្តផែនការសំរាប់ដំណើរទស្សនកិច្ចរបស់មន្ត្រីជាន់ខ្ពស់លំដាប់ទីបីរបស់ខ្លួនមកកាន់តំបន់តៃវ៉ាន់របស់ចិន
សូមបញ្ជាក់ថា សមយុទ្ធបួនថ្ងៃរបស់កងទ័ពរំដោះប្រជាជនដែលទើបបញ្ជប់កាលពីថ្ងៃអាទិត្យម្សិលមិញ មានការចូលរួមពីនាវាចម្បាំងប្រមាណដប់គ្រឿងនិងយន្តហោះចម្បាំងជាង១០០គ្រឿង ព្រមទាំងកងកាំជ្រួចដែលបានបាញ់រំលងកោះតៃវ៉ាន់ ចូលតំបន់សមយុទ្ធ៕