Views: 4
ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីបានបង្ហាញពពកផ្សិតដ៏គួរឱ្យញាក់សាច់ “នៅក្នុងការរំពឹងទុកនៃជម្លោះនុយក្លេអ៊ែរ” ចំពេលមានការអំពាវនាវឱ្យលោកពូទីន “ចាត់វិធានការយ៉ាងក្លៀវក្លា” ដើម្បីយកឈ្នះនៅអ៊ុយក្រែន។
វីដេអូដ៏គួរឱ្យខ្លាច ចាក់ផ្សាយដោយទូរទស្សន៍ NTV បានបង្ហាញការផ្ទុះគ្រាប់បែកនុយក្លេអ៊ែរ និងផលវិបាកក្រោយជម្លោះនុយក្លេអ៊ែរ។
ទូរទស្សន៍នេះត្រូវបានគ្រប់គ្រងដោយក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយរបស់ក្រុមហ៊ុនថាមពលយក្សដែលគោរវិមានក្រឹមឡាំង Gazpromដែលឥឡូវកំពុងបង្អត់ឧស្ម័នរបស់រុស្ស៊ីចំពោះប្រទេសលោកខាងលិចសម្រាប់រដូវរងាខាងមុខ។
វីដេអូនោះគឺមានចំណងជើងថា “ក្នុងការរំពឹងទុកនៃជម្លោះនុយក្លេអ៊ែរ – របៀបដែលអាវុធប្រល័យលោកបានក្លាយជាផ្នែកមួយនៃល្បែងភូមិសាស្ត្រនយោបាយ”។
រឿងនេះកើតឡើងខណៈឧត្តមសេនីយ៍កំពូលម្នាក់របស់ពូទីន លោក រ៉ាស្មាន់ កាឌីរ៉ូវ (Ramzan Kadyrov) ជាមេដឹកនាំឆេចឈ្នីនិងជាអ្នកនិយមសង្គ្រាម បានអំពាវនាវឱ្យលោកពូទីនសញ្ជឹងគិតអំពី “ការប្រកាសច្បាប់អាជ្ញាសឹកនៅក្នុងទឹកដីជាប់ព្រំដែននិងការប្រើប្រាស់អាវុធនុយក្លេអ៊ែរកម្រិតទាប” ដើម្បីយកឈ្នះលើភាពអាម៉ាស់ផ្នែកយោធាចុងក្រោយរបស់គាត់នៅក្នុងប្រទេសអ៊ុយក្រែន។
លោកបាននិយាយថា “ខ្ញុំមិនដឹងថាក្រសួងការពារជាតិរាយការណ៍អ្វីទៅអគ្គមេបញ្ជាការកំពូល [លោកពូទីន] នោះទេ ប៉ុន្តែនៅក្នុងគំនិតផ្ទាល់ខ្លួនរបស់ខ្ញុំ យើងត្រូវចាត់វិធានការខ្លាំងបន្ថែមទៀត”។
លោកកាឌីរ៉ូវបានត្អូញត្អែរថា ពួកមេទ័ពរបស់ពូទីនបានបរាជ័យក្នុងការកំចាត់ពួក “សាតាំង (បិសាច) និងពួកហ្វាស៊ីស” របស់អ៊ុយក្រែន។
វីដេអូរបស់ទូរទស្សន៍នេះបានស្តីបន្ទោសលោកខាងលិចចំពោះការនិយាយច្រើនពេកអំពីសង្គ្រាមនុយក្លេអ៊ែរនៅពេលដែលវាជាលោកពូទីនសោះជាអ្នកឃោសនានិងជំរុញផ្សព្វផ្សាយការគំរាមប្រើអាវុធនុយក្លេអ៊ែរឥតឈប់ឈរ។
សារនេះទំនងជាចង់ឱ្យលោកខាងលិចរណបតាមការទាមទាររបស់ពូទីនអំពីអ៊ុយក្រែន ហើយអ៊ីចឹងទើបការគំរាមកំហែងសង្គ្រាមនុយក្លេអ៊ែរនឹងថមថយ។
លោក វ៉ាស៊ីលី កាស៊ីន (Vasily Kashin) អ្នកវិភាគផ្នែកយោធានិងនយោបាយនៅវិទ្យាល័យសេដ្ឋកិច្ចនៅទីក្រុងមូស្គូ បាននិយាយថា”យើងស្ថិតក្នុងស្ថានភាពដែលឧត្តមភាពនៃធនធាននិងសព្វាវុធសាមញ្ញគឺស្ថិតនៅខាងលោកខាងលិច។ អំណាចរបស់រុស្ស៊ីគឺផ្អែកលើឃ្លាំងអាវុធនុយក្លេអ៊ែររបស់ខ្លួន”៕
រូបភាពរបស់ទូរទស្សន៍ NTV បង្ហាញការគំរាមកំហែងប្រើអាវុធនុយក្លេអ៊ែរ