Views: 9
ដោយៈសុផល/ខេត្តតាកែវ៖ ក្រោយពីអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» បានចេញសេចក្ដីជូនដំណឹងស្ដីពីការចរាចរបារីក្លែងក្លាយ ក្លែងបន្លំម៉ាក នៅក្នុងព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២រួចមក ជាក់ស្ដែងនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ នេះ មន្ត្រីស៊ើប អង្កេតនៃអគ្គនាយកដ្ឋាន ក.ប.ប. ដឹកនាំដោយលោក ប៊ុន ចំរើន អគ្គនាយករង នៃអគ្គនាយកដ្ឋាន ក.ប.ប. បានចុះប្រតិបត្តិការ ត្រួតពិនិត្យ និងបង្ក្រាបផលិតផលរំលោភ សិទ្ធិផ្ដាច់មុខរបស់ក្រុមហ៊ុនបារី MEVIUS នៅក្នុងភូមិសាស្ត្រខេត្តតាកែវ។
នៅក្នុងប្រតិបត្តិការនេះ មន្ត្រីស៊ើបអង្កេតនៃអគ្គនាយកដ្ឋាន ក.ប.ប. បានរកឃើញ និងដកហូតនូវផលិតផលបារីម៉ាក MEVIUS ចំនួនពីរកេសធំ ស្មើនឹង ៩៥៥ កញ្ចប់ ដែលបានដាក់តាំងលក់ នៅក្នុងផ្សារតាកែវ និងនៅតាមផ្ទះដេប៉ូលក់ទំនិញ។ ក្រោយពីមន្ត្រីស៊ើបអង្កេតនៃអគ្គនាយកដ្ឋាន ក.ប.ប. បានដកហូតរួចហើយក៏បានធ្វើការពិន័យអន្តរការណ៍លើម្ចាស់ទីតាំង ដែលបានដាក់តាំងលក់ផលិតផលបារីនេះ ក្រោមច្បាប់ស្ដីពីកិច្ចការពារអ្នកប្រើប្រាស់។
មន្ត្រីជំនាញក.ប.ប. នឹងបន្តចុះត្រួតពិនិត្យតាមទីផ្សារ និងហាង ដេប៉ូលក់ទំនិញបន្ថែម ទៀត ទូទាំងប្រទេស ដើម្បីបង្ក្រាប ការចរាចរណ៍លក់ដូរ ចែកចាយនូវបារីក្លែងក្លាយ និងខុសច្បាប់ ព្រមទាំងទំនិញដែលមិនមានអនុលោមភាព ក្លែងក្លាយ បន្លំប្រភពដើមទំនិញ គ្មានការទទួលស្គាល់ ដែលប៉ះពាល់ដល់សុវត្ថិភាពរបស់អ្នកប្រើប្រាស់៕
តំណភ្ជាប់ទៅកាន់សេចក្តីជូនដំណឹងនៃការទប់ស្កាត់នូវអំពើល្មើសពាក់ព័ន្ធនឹងផលិតផលថ្នាំជក់ (បារី) ក្លែងក្លាយ: https://www.facebook.com/ccfkh/posts/451061547063663